រដ្ឋមន្រ្តីអប់រំ ប្រាប់មុន៖ វិញ្ញាសាខ្មែរឆ្នាំនេះ គឺសុភាសិត ដែលពោលថា «ការពារប្រសើរជាងព្យាបាល»
COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីអប់រំ ប្រាប់មុន៖ វិញ្ញាសាខ្មែរឆ្នាំនេះ គឺសុភាសិត ដែលពោលថា «ការពារប្រសើរជាងព្យាបាល»
06, Apr 2020 , 1:09 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងអប់រំ បើកវិញ្ញាសាប្រឡងបាក់ឌុបនៅវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីឆ្នាំ២០១៨
រដ្ឋមន្រ្តីក្រសួងអប់រំ បើកវិញ្ញាសាប្រឡងបាក់ឌុបនៅវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីឆ្នាំ២០១៨
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា បានបង្ហោះសារខ្លីលើគណនីហ្វេសប៊ុករបស់លោកឈ្មោះ Hangchuon Naron នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ថា វិញ្ញាសាតែងសេចក្តីខ្មែរ សម្រាប់ឆ្នាំនេះ គឺសុភាសិតខ្មែរមួយឃ្លា ដែលចែងថា ការពារប្រសើរជាងព្យាបាល។ លោក បន្តថា ការចេញសុភាសិតនេះ ឲ្យសិស្សានុសិស្ស ធ្វើសេចក្តីអត្ថាធិប្បាយពេលប្រឡង គឺតម្រូវឲ្យលើកបញ្ហាជំងឺកូវីដ-១៩ មកធ្វើជាឧទាហរណ៍ផងដែរ។





យ៉ាងណា លោករដ្ឋមន្រ្តី ពុំបានបញ្ជាក់លម្អិតឡើយថា វិញ្ញាសាមួយនេះ ចេញសម្រាប់ការប្រឡងកម្រិតមួយណា តែទំនងជាលោក ចង់សំដៅលើការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ម្យ៉ាងទៀត គេ មិនអាចដឹងច្បាស់១០០ភាគរយឡើយថា វិញ្ញាសាតែងសេចក្តីខ្មែរ ពិតជាចេញសុភាសិតនេះមែនឬយ៉ាងណា សម្រាប់ការប្រឡងខាងមុខ។ 

លោក រស់ សុវាចា​ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា លោក មិនអាចធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមលើសំណេរបស់លោករដ្ឋមន្រ្តីបានឡើយ ដោយលោក គ្រាន់តែអាចបញ្ជាក់បានថា គណនីហ្វេសប៊ុកនេះ គឺពិតជាគណនីរបស់លោករដ្ឋមន្រ្តីមែន។ 

កន្លងមក សារព័ត៌មានថ្មីៗ ធ្លាប់សួរអ្នកនាំពាក្យក្រសួងអប់រំដែរថា បើជំងឺកូវីដ-១៩ នៅកម្ពុជា មិនមានសភាពធូរស្រាល តើការប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ៧ សីហា ២០២០ អាចនឹងពន្យារពេលឬទេ? តែអ្នកនាំពាក្យ បដិសេធមិនឆ្លើយនឹងសំណួរនេះឡើយ។  

សូមរម្លឹកថា ដោយសារតែខ្លាចសិស្ស-និស្សិត ឆ្លងជំងឺកូវីដ-១៩ ក្រសួងអប់រំ សម្រេចបិទសាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេស។ ក្រសួងអប់រំ បានបង្កើតកម្មវិធីសិក្សាតាមអនឡាញ ដើម្បីឲ្យសិស្សនិងនិស្សិត សិក្សាក្នុងអំឡុងពេលនៃការបិទសាលារៀននេះ។ លើសពីនេះ ក្រសួងអប់រំ ជំរុញឪពុកម្តាយ ឲ្យជួយបង្រៀនកូនៗ និងណែនាំកូនៗ ឲ្យប្រឹងប្រែងសិក្សាដោយខ្លួនឯង។

ក្រសួងសុខាភិបាល ដែលជាសេនាធិការសំខាន់ជាងគេរបស់រដ្ឋាភិបាល បានអំពាងនាវជាប់និច្ច ឲ្យប្រជាជន ប្រកាន់យកវិធានការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩។ ទន្ទឹមនេះ ក្រសួងសុខាភិបាល បានផលិតឯកសារនិងវីដេអូនានា ដើម្បីអប់រំប្រជាជនឲ្យយល់ដឹងពីវីធីការពារពីជំងឺកូវីដ-១៩។

គិតមកដល់ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ កម្ពុជា ព្យាបាលអ្នកឆ្លងកូវីដ-១៩ ឲ្យជាសះស្បើយ៥៣នាក់ហើយ ក្នុងចំណោមអ្នកឆ្លង១១៤នាក់៕ 


 

Tag:
 COVID-19
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com