COVID-19
អន្តរជាតិ
នយោបាយអន្តរជាតិ
កូរ៉េខាងត្បូង មានអ្នកឆ្លង COVID-19 តិចជាង៥០នាក់ជាលើកដំបូង តាំងពីចុងខែកុម្ភៈមក រូបភាព៖ Reuters
× កូរ៉េខាងត្បូង នាថ្ងៃទី៦ ខែមេសា បានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ៤៧ករណីបន្ថែមទៀត។ នេះ ជាចំនួនឆ្លងតិចបំផុតចាប់តាំងពីចុងខែកុម្ភៈកន្លងមក ពេលដែលករណីផ្ទុះចាប់ផ្ដើមហក់ឡើងខ្លាំង។
មួយរយៈមុន កូរ៉េខាងត្បូង ត្រូវបានគេរកឃើញករណីCOVID-19 លើសពី១០០ករណីជារៀងរាល់ថ្ងៃ ហើយភាគច្រើននាំករណីទាំងនោះ គឺមានពាក់ព័ន្ធនឹងព្រះវិហារសាសនា។ បញ្ហានេះ បានទាមទារឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង បិទសាលារៀនមួយចំនួន និងការប្រមូលផ្គុំជាច្រើននាក់។
យ៉ាងណាក៏ដោយ មួយរយៈចុងក្រោយនេះ ស្ថានការណ៍ COVID-19 ហាក់ដូចជាថមថយ។ នៅថ្ងៃទី៦ ខែមេសា កូរ៉េខាងត្បុងប្រកាសថា នៅថ្ងៃទី៥ ខែមេសា មានការឆ្លងត្រឹម៤៧ករណីប៉ុណ្ណោះ។ ចំនួន៤៧នេះ គឺជាតួលេខតិចបំផុតចាប់តាំងពីចុងខែកុម្ភៈកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
យ៉ាងណាក៏ដោយ លោកKim Ganglip អនុរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ថា ការរកឃើញអ្នកឆ្លងតិចបែបនេះ មិនមែនដោយសារតែតួលេខធ្លាក់ចុះទេ ប៉ុន្តែដោយសារការធ្វើតេស្តតិចជាងមុន។ បើតាមលោក គីម នាថ្ងៃធម្មតាកូរ៉េខាងត្បូងធ្វើតេស្តមួយថ្ងៃ មានរហូតដល់ ១ម៉ឺនដងឯណោះ ខណៈពេលចុងសប្តាហ៍មានត្រឹមតែ ៦ពាន់ដងតែប៉ុណ្ណោះ។ ការណ៍នេះ វានៅមានករណីផ្សេងទៀត ដែលមិនទាន់រកឃើញ។
គិតត្រឹមថ្ងៃទី៦ ខែមេសា កូរ៉េខាងត្បូងមានករណី COVID-19 សរុបចំនួនជាង ១ម៉ឺនករណី អ្នកស្លាប់ ១៨៦ករណី និងអ្នកជាសះស្បើយមានចំនួនប្រមាណ ៦ពាន់ករណី។ តំបន់ ដែលរងគ្រោះខ្លាំងជាងគេគឺក្រុង Daegu និងខេត្ត North Gyeongsang ចំណែកតំបន់ផ្សេងទៀត គឺមានករណី COVID-19 តិចតួចតែប៉ុណ្ណោះ។
សូមបញ្ជក់ថា តាមរយៈវិធានទប់ស្កាត់ COVID-19 កន្លងមក កូរ៉េខាងត្បូងត្រូវបានគេមើលឃើញថា មានវិធានល្អជាងបណ្តាប្រទេសមួយចំនួន។ សូម្បីតែអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន ក៏យកតាមគំរូទប់ស្កាត់របស់កូរ៉េខាងត្បូងផងដែរ៕
Tag:
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com