COVID-19
អន្តរជាតិ
ចិន លក់​ម៉ាស់​ជិត​៤​​ពាន់​លាន​សន្លឹក​ទៅកាន់​ប្រទេស​ច្រើនជាង​៥០
06, Apr 2020 , 3:01 pm        
រូបភាព
​ចាប់ពី​ថ្ងៃទី​១ ខែមីនា​មក ចិន​បាន​លក់​ម៉ាស់​ដល់​ទៅជិត​បួន​ពាន់​លាន​សន្លឹក​ទៅកាន់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ដែល​ត្រូវការ​ម៉ាស់​ទប់ទល់​នឹង​ការ​រាលដាល​ជំងឺ COVID-19 ។ ចិន​ដែលជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើន​មួយ និង​ជា​ប្រទេស​ផ្ទុះ​ករណី​ឆ្លង​មុនគេ​នោះ ក៏​នាំចេញ​ផលិតផល​វេជ្ជសាស្ត្រ​មួយចំនួន​ដែល​ចាំបាច់​ក្នុងការ​ព្យាបាល​ជំងឺឆ្លង COVID-19 ។ ប៉ុន្តែ​ចិន​ក៏​រង​ការរិះគន់​រឿង​គុណភាព​ផលិតផល​របស់ខ្លួន​ផងដែរ​។​

 
​ខណៈ​ស្ថានភាព​ក្នុងស្រុក​កាន់តែ​ធូរស្រាល​ខ្លាំង ចិន​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ផ្គត់ផ្គង់​សម្ភារ​ចាំបាច់​ទៅកាន់​ប្រទេស​ផ្សេង​ដែល​រងគ្រោះ​ខ្លាំង​។ រោងចក្រ​ជាច្រើន បាន​បង្កើន​ការផលិត​ម៉ាស់ ម៉ាស៊ីន​ជំនួយការ​ដង្ហើម និង​សម្លៀកបំពាក់​ពេទ្យ​ដើម្បី​នាំចេញ​តាម​ការបញ្ជាទិញ​។ 
 
​អ្នកស្រី Jin Hai មន្ត្រី​ផ្នែក​គយ​របស់​ចិន​និយាយថា គិតពី​ថ្ងៃទី​១ ខែមីនា​មក ចិន​បាន​លក់​ម៉ាស់​ចំនួន​៣,៨៦​ពាន់​លាន​សន្លឹក សម្លៀកបំពាក់​ការពារ​ចំនួន​៣៧,៥​លាន​សម្រាប់ ឧបករណ៍​ជំនួយការ​ដង្ហើម​ចំនួន​១៦០០០​គ្រឿង និង​សម្ភារ​ធ្វើតេស្ត​រក COVID-19 ចំនួន​២,៨៤​លាន​ផងដែរ​។ អ្នកស្រី​បន្ថែមថា ទំនិញ​ទាំងនោះ ត្រូវបាន​បញ្ជា​ទិញ​ដោយ​ប្រទេស​ច្រើនជាង​៥០ ខណៈ​ការនាំចេញ​ផលិតផល​វេជ្ជសាស្ត្រ​ទាំងអស់​មានតម្លៃ​១,៤​ពាន់​លាន​ដុល្លារ​ហើយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​យ៉ាងណាមិញ ទំនិញ​របស់​ចិន​ជាច្រើន ត្រូវបាន​ប្រទេស​ដែល​បាន​ទិញ​រួចហើយនោះ ប្រមូល​ទុក​វិញ​។ ហូ​ឡង់ ហ្វីលីពីន តួ​ក​គី និង​អេ​ស្ប៉ា​ញ បាន​តវ៉ា​ពី​គុណភាព​ទំនិញ​ដែល​ទិញ​ពី​ចិន​ថា មិនត្រូវ​តាម​ស្តង់ដា ឬ​មិន​សុ​ក្រិត​ជាដើម​។ កាលពី​សប្ដាហ៍​មុន រដ្ឋាភិបាល​ក្រុង​អាំ​ស្ទែ​ដាំ បាន​ប្រមូល​ម៉ាស់​៦​សែន​សន្លឹក​ក្នុងចំណោម​ម៉ាស់​ទិញ​ពី​ចិន​ចំនួន​១,៣​លាន​សន្លឹក ព្រោះ​មិន​ស្របតាម​ស្តង់ដា​។ អេ​ស្ប៉ា​ញ​ឯណោះ​វិញ ក៏​មិន​ទទួលយក​ឧបករណ៍​ធ្វើតេស្ត​លឿន​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​ចិន​ផងដែរ​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​ចិន​ក៏​ឆ្លើយតប​វិញ​ដែរ​។ លោក Jiang Fan មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន​បកស្រាយ​នៅ​ថ្ងៃទី​៥ ខែមេសា ថា ការពិត​នោះ អាចមាន​កត្តា​ច្រើន​ដូចជា​ស្តង់​ទំនិញ​ខុសគ្នា​រវាង​ប្រទេស និង​ប្រទេស និង​ការប្រើប្រាស់​មិន​ត្រឹមត្រូវ​ជាដើម​។ 
 
​កាលពីដើម​សប្ដាហ៍​មុន ចិន បាន​ពង្រឹង​លក្ខខណ្ឌ​របស់ខ្លួន​លើ​ការនាំចេញ​ផលិតផល​វេជ្ជសាស្ត្រ​ដែល​ត្រូវ​ប្រើ​ក្នុងការ​ប្រយុទ្ធប្រឆាំង COVID-19 ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​អនុវត្តតាម​ស្តង់ដា​ក្នុងស្រុក និង​ប្រទេស​ដែល​ប្រុង​នាំ​ទំនិញ​ទៅ​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com