សត្វខ្លាមួយក្បាលក្នុងសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉កត្រូវបានគេធ្វើតេស្តថា មានផ្ទុកជំងឺ COVID-19 ។ គេជឿថាសត្វខ្លានេះឆ្លងជំងឺ COVID-19 ពីអ្នកថែទាំសត្វដែលផ្ទុក COVID-19 ដែលមិនបញ្ចេញរោគសញ្ញា។ នេះបើយោងតាមសារព័ត៍មាន AFP ដែលដកស្រង់សេចក្តីថ្លែងការណ៍របស់សួនសត្វខាងលើ។
សត្វខ្លាពូជម៉ាឡេ អាយុ៤ឆ្នាំ ឈ្មោះ Nadia រួមជាមួយខ្លាញី Azul សត្វខ្លាស៊ីបេរី២ក្បាល និងតោអាហ្វ្រិក៣ក្បាល មានចេញអាការៈក្អកស្ងួត។ ប៉ុន្តែមានតែ ខ្លា Nadia ដែលមានលទ្ធផលវិជ្ជមាន COVID-19 ។ គេរំពឹងថា សត្វទាំងនេះជាសះស្បើយក្នុងពេលខ្លីខាងមុខ។ សេចក្តីថ្លែងការណ៍របស់ខ្លួន សួនសត្វ Bronx អះអាងថា បានធ្វើតេស្តសត្វខាងលើយ៉ាងប្រុងប្រយ័ត្ន និងធានាថា ចំណេះដឹងដែលខ្លួបមាននឹងរួមចំណែកក្នុងការយល់ដឹងពីកូរ៉ូណាវ៉ីរុសថ្មីនេះ។
សហគមន៍អភិរក្សសត្វព្រៃ ដែលដំណើរការសួនសត្វនេះបានបន្ថែមទៀតថា បើទោះបីសត្វទាំងអស់នោះមិនសូវចង់ស៊ីចំណី ប៉ុន្តែពួកវាបានទទួលការមើលថែដោយអ្នកថែទាំ និងពេទ្យសត្វ។ បើតាមសេចក្តីថ្លែងការណ៍ដដែល គេពុំទាន់ដឹងថាជំងឺនេះវិវត្តយ៉ាងណាក្នុងខ្លួនប្រាណសត្វឡើយ ដោយសារប្រភេទសត្វនីមួយៗប្រតិកម្មទៅនឹងការឆ្លងផ្សេងៗពីគ្នា ប៉ុន្តែនឹងបន្តការពិនិត្យយ៉ាងដិតដល់ និងប្រមើលមើលការជាសះស្បើយរបស់វា។
លោក Paul Calle ប្រធានពេទ្យសត្វនៅសួនសត្វ Bronx ប្រាប់ទីភ្នាក់ងារព័ត៍មាន Reuters ថា ទោះបីជាសត្វខ្លា និងតោឯទៀតបញ្ចេញរោគសញ្ញាក៏ពិតមែនតែពួកវាមិនឈឺធ្ងន់ធ្ងរទេ ដោយឡែកសម្រាប់សត្វខ្លា Nadia គេសម្រេចចិត្តធ្វើតេស្តដោយសារតែវាឈឺខ្លាំងជាងគេ និងចាប់ផ្តើមមិនចង់ស៊ីចំណី ហើយគេមិនចង់ប្រើថ្នាំសណ្តំលើសត្វទាំងអស់ផងដែរ។
សត្វខ្លា Nadia ត្រូវបានគេពិនិត្យដោយប្រើកាំរស្មី X អ៊ុលត្រាសោន និងធ្វើតេស្តឈាមដើម្បីឲ្យដឹងពីមូលហេតុដែលបណ្តាលឲ្យមានសុខភាពមិនល្អ។ បន្ទាប់មកពួកគេក៏សម្រេចធ្វើតេស្ត COVID-19 ដោយហេតុតែចំនួនអ្នកឆ្លងក្នុងទីក្រុងញ៉ូវយ៉កមានការកើនឡើងយ៉ាងគំហុក។
យ៉ាងណាមិញ សួនសត្វខាងលើបានសង្កត់ធ្ងន់ថា៖ « គ្មានភស្តុតាងណាបង្ហាញថា សត្វដើរតួនាទីក្នុងការចម្លង COVID-19 ទៅមនុស្សក្រៅពីហេតុការណ៍ដំបូងនៅវូហានឡើយ ហើយក៏គ្មានភស្តុតាងណាដែលបង្ហាញថា មនុស្សចម្ង COVID-19 ពីសត្វនៅសហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានសត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មាផងដែរ»។
យោងតាមគេហទំព័រក្រសួងកសិកម្មអាមេរិក គេពុំទាន់មានរបាយការណ៍ស្តីពីសត្វ និងសត្វចិញ្ចឹមដែលឆ្លង និងឈឺដោយសាវីរ៉ុសកូរ៉ូណា មុនករណីសត្វខ្លា Nadia ឡើយ ប៉ុន្តែបានណែនាំមនុស្សមានជំងឺ ឲ្យកាត់បន្ថយការប៉ះពាល់សត្វ រហូតមានព័ត៍មានបន្ថែម។
គួររំលឹកផងដែរថា កាលពីចុងខែមីនាសត្វឆ្មាចិញ្ចឹមនៅប៊ែលហ្សិកមានផ្ទុក COVID-19 ចំណែកឯឆ្កែពីក្បាលនៅហុងកុង ក៏ផ្ទុកCOVID-19 ផងដែរ៕