COVID-19
ជាតិ
កសិករ ថូ ពិសី ប្រាប់​របៀប​ដាំ​បន្លែ​ធម្មជាតិ​នៅផ្ទះ ក្នុង​បរិបទ COVID-19
06, Apr 2020 , 4:17 pm        
រូបភាព
​ភ្នំពេញ​៖ លោក ថូ ពិសី ជា​ម្ចាស់​កសិដ្ឋាន​ដាំ​បន្លែ​ធម្មជាតិ​មួយកន្លែង នៅ​ឃុំ​អរិយ​ក្សត្រ បាន​ចែករំលែក​របៀប​ដាំ​បន្លែ​ប្រភេទ​បន្លែ​ស្លឹក​នៅតាម​ផ្ទះ ក្នុង​បរិបទ COVID-19​។ បើតាម​កសិករ ថូ ពិសី ក្នុងករណី​ប្រជាពលរដ្ឋ​មិន​ចង់​ចេញពីផ្ទះ គួរ​ឆ្លៀតពេល​ដាំ​បន្លែ​ទទួលទាន​ដោយ​ខ្លួនឯង តាម​វិធី​ងាយៗ ចំណេញ​ថវិកា និង​ជួយ​សុខភាព​។


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ថូ ពិសី កសិករ​ដាំ​បន្លែ​ធម្មជាតិ នៅ​ឃុំ​អរិយ​ក្សត្រ​ដូចតទៅ​៖ 

 
​កសិករ ថូ ពិសី ដែលមាន​បទពិសោធន៍​ដាំ​បន្លែ​ធម្មជាតិ និង​សរីរាង្គ​ផ្គត់ផ្គង់​លើ​ទីផ្សារ បាន​ចែករំលែក​បទពិសោធន៍ និង​វិធី​ដាំ​បន្លែ​សម្រាប់​ទទួលទាន​នៅតាម​ផ្ទះ​។ ការចាប់ផ្ដើម​ដាំ​ដំណាំ​ត្រូវ​ចេះ​ធ្វើ​ដី​, ជ្រើសរើស​គ្រាប់ពូជ និង​ស្រោច​ទឹក​ឲ្យ​បាន​ទៀងទាត់​។ 
 
​បើតាម​កសិករ ថូ ពិសី សម្រាប់​ពលរដ្ឋ​ដែលមាន​ដី​ទំនេរ​នៅក្បែរ​ផ្ទះ ត្រូវ​ជ្រើសរើស​ដី​ដែលមាន​ពន្លឺ​ថ្ងៃ​យ៉ាងហោចណាស់​៤​ម៉ោង​ក្នុង​១​ថ្ងៃ និង​ជា​ដី​ដែល​មិន​ជាំ​ទឹក​។ មុនដំបូង ត្រូវ​កាប់​ដី និង​ហាល​ដី រយៈពេល ១​សប្ដាហ៍ និង​ត្រូវ​បណ្ដុះ​គ្រាប់ពូជ​បន្លែ​ក្នុងពេល​ដំណាលគ្នា​នោះ ឬ​មុនពេល​កាប់​ដី​ហាល​១​សប្តាហ៍​។  បន្ទាប់ពី​ហាល​ដី​រួច ត្រូវយក​ជី​កំ​ប៉ុស្តិ៍​គោក និង​ធ្យូង​អង្កាម​មក​រោយ​ពីលើ និង​កាប់​ច្របល់​ប​ញ្ជូ​ល​គ្នា រួច​ត្រូវ​លើក​រង​ទទឹង​ទំហំ​មិន​លើសពី​១​ម៉​ត្រ​( ងាយស្រួល​ថែទាំ​) និង​កម្ពស់​១-២​តឹក​។  


 
​ក្រោយ​ឃើញ​កូន​បន្លែ​មាន​ស្លឹក​៤ ឬ​កូន​បន្លែ​អាយុ​បាន​១០-១៥​ថ្ងៃ លោក​-​អ្នក អាចយ​កកូន​បន្លែ​ទៅ​ដាំ​បាន​។ បន្ថែម​លើ​នេះ ត្រូវ​ស្រោច​ទឹក​នៅពេល​ព្រឹក​ទៀងទាត់​រា​ល់​ថ្ងៃ លើកលែងតែ​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់ ( ហាម​ស្រោច​ទឹក​បន្លែ​ក្រោយ​ម៉ោង​៤​ល្ងាច ព្រោះ​ធ្វើ​ឲ្យ​បន្លែ​ជាំ​ទឹក​រលួយ​ឫស​)​។​
 
​ពេល​ដាំ​កូន​បន្លែ ត្រូវមាន​គម្លាត​គ្នា​ពី​១០-២០​សង់ទីម៉ែត្រ​តាម​ប្រភេទ​បន្លែ​។  ក្នុងពេល​ដាំ​បី​ឬ​បួន​ថ្ងៃ​ដំបូង ត្រូវ​គ្រប​សំណាញ់ ឬ​ស្បៃ​ពីលើ​រង​សម្រាប់​ការពារ​កូន​បន្លែ​ដែល​មិនទាន់​ស៊ាំ​ជាមួយ​កម្ដៅថ្ងៃ និង​ត្រូវ​ដកស្មៅ​ចេញ​ដើម្បី​កុំ​ឲ្យ​បោក​បន្លែ​។ ក្រោយ​ដាំ​រយៈពេល ២​សប្តាហ៍ ទៅ​៤​សប្តាហ៍ លោក​-​អ្នក នឹង​បាន​បន្លែ​ធម្មជាតិ​ទទួលទាន​ដោយ​ខ្លួនឯង​៕



Tag:
 កសិកម្ម​
  ដំណាំ​
  បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com