រថយន្ត
អន្តរជាតិ
លោកស្រី Merkel ពិភាក្សា​ជាមួយ​បណ្តា​មេក្រុម​ហ៊ុន​យានយន្ត​ពី​ដំណើរការ​រោងចក្រ​ឡើងវិញ​
06, Apr 2020 , 7:39 pm        
រូបភាព
លោកស្រី Angela Merkel ជាមួយអគ្គនាយក Daimler លោក Ola Kaellenius (ស្តាំ) នាពិព័រណ៌យានយន្តមួយ។ រូបថត AFP
លោកស្រី Angela Merkel ជាមួយអគ្គនាយក Daimler លោក Ola Kaellenius (ស្តាំ) នាពិព័រណ៌យានយន្តមួយ។ រូបថត AFP
ដោយ: ធីតា
​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel និង​បណ្តា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​យានយន្ត​នៅ​អាល្លឺម៉ង់ កំពុង​សិក្សា​ពី​ការចាប់ផ្តើម​ចង្វាក់​ផលិតកម្ម​នៅតាម​រោងចក្រ ដោយ​បារម្ភ​ពី​កង្វះ​ការផ្គត់ផ្គង់​កាន់តែ​ធ្ងន់ធ្ងរ ដោយសារតែ COVID-19​។​

 
​យោងតាម​ការផ្សាយ​រប​ស់កា​សែត​អាល្លឺម៉ង់ Handelsblatt លោកស្រី Merkel បាន​កោះហៅ​សុទ្ធតែ​ថៅកែ​ក្រុមហ៊ុន​ធំៗ មានដូចជា Volkswagen, BMW និង Daimler កាលពី​សប្តាហ៍​មុន​។ បណ្តា​ក្រុមហ៊ុន​ទាំងនោះ បាន​ផ្អាក​ផលិតកម្ម​របស់ខ្លួន​នៅ​តំបន់​ជាច្រើន ដោយសារតែ​រដ្ឋាភិបាល​នានា​នៅលើ​ពិភពលោក បាន​បិទ​ប្រទេស និង​រឹតត្បិត​ការចេញចូល ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19​។​
 
​នា​ជំនួប​នោះ លោកស្រី Merkel និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​យានយន្ត បាន​ពិភាក្សា​ពី​វិធានការ​កាត់បន្ថយ​ហា​នី​ភ័យ​នៃ​ការ​រាលដាល​ជំងឺ ក៏ដូចជា​ការការពារ​ដល់​សុខមាលភាព​បុគ្គលិក​ក្រុមហ៊ុន នៅពេលដែល​ពួកគេ​ត្រូវ​ជួបជុំគ្នា​បង្កើន​ផលិតកម្ម​។​
 
Handelsbatt បាន​ផ្សាយ​ឲ្យ​ដឹងថា អ្នកចូលរួម​ពិភាក្សា​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល សុទ្ធតែ​បង្ហាញ​ពី​កង្វល់​ទាក់ទង​ខ្សែសង្វាក់​ផ្គត់ផ្គង់ ស្រប​ពេលដែល​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន VW Group លោក Herbert Diess បានលើកឡើង​កន្លងមក​ថា ក្រុមហ៊ុន​លោក​នឹង​កាត់បន្ថយ​បុគ្គលិក ប្រសិនបើ​មេរោគ​បន្ត​រាលដាល​ឥតឈប់ឈរ​។​
 
​ប្រភព​បាន​លើកឡើងថា ការចាប់ផ្តើម​ដំណើរការ​រោងចក្រ​យានយន្ត​ឡើងវិញ ទាល់តែ​មានការ​យល់ព្រម​គ្នា​ក្រោម​ក្របខណ្ឌ​សហគមន៍​អឺរ៉ុប​។ «​វា​មិន​អាចជួយ​អ្វី​បាន​ឡើង បើ​ប្រទេសមួយ​ដំណើរការ​ទៅមុខ ប៉ុន្តែ​អ្វី​ទាំងអស់​នៅ​អ៊ីតាលី ឬក៏​អេ​ស្ប៉ា​ញ នៅតែ​ជួប​បញ្ហា​»​។​
 
​អ្នកនាំពាក្យ​ម្នាក់​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​អះអាងថា ជំនួប​ធ្វើឡើង​តាម​ការហៅ​ទូរ​សព្ទ ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ឡើយ​។ អ្នក​ដែលមាន​វត្តមាន​ពិភាក្សា​នាពេល​នោះដែរ​មានដូចជា រដ្ឋមន្ត្រី​សេដ្ឋកិច្ច Peter Altmaier, រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Olaf Scholz និង​លោក Joerg Hofmann នាយក​អង្គភាព​ពាណិជ្ជកម្ម IG Metall​។ រីឯ​តំណាង​ក្រុមហ៊ុន​មាន​ដូច​លោក Ola Kaellenius អគ្គនាយក Daimler, លោក Oliver Zipse មេក្រុម​ហ៊ុន BMW និង​លោក Diess នៃ VW Group ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com