COVID-19
អន្តរជាតិ
ថៃ មាន​ករណី​ឆ្លង COVID-19 ថ្មី ៥១​នាក់ ក្នុងនោះ​១៣​នាក់​ជា​បុគ្គលិក​សុខាភិបាល
06, Apr 2020 , 4:40 pm        
រូបភាព
រូបភាព៖ Disease Control Department
រូបភាព៖ Disease Control Department
​ថៃ នា​ថ្ងៃទី​៦ ខែមេសា បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ៥១​ករណី និង​អ្នកស្លាប់​ចំនួន ៣​ករណី​បន្ថែមទៀត​។ ក្នុងចំណោម​៥១​ករណីនេះ ក៏មាន​បុគ្គលិក​សុខាភិបាល​ផងដែរ​។ តួលេខ​នេះ ឃើញថា មានការ​ធ្លាក់ចុះ​រហូត​ដល់​ពាក់កណ្តាល បើ​ធៀប​ទៅនឹង​ថ្ងៃទី​៥ ខែមេសា​។


 
​បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​រដ្ឋបាល​ស្តីពី​ស្ថានភាព​COVID-19 លោក​Taweesin Visanuyothin ថៃ​បាន​រកឃើញ​ករណី COVID-19 ថ្មី​ចំនួន ៥១​ករណី​បន្ថែមទៀត​។ បន្ថែម​ពីលើ​ករណី​ឆ្លង ថៃ​ក៏មាន​អ្នកស្លាប់ ៣​ករណី​បន្ថែមទៀត ក្នុងនោះ​ក៏មាន​យុវជន​វ័យ ២៨​ឆ្នាំ​ម្នាក់​ផងដែរ​។ ក្រៅពី​យុវជន​នេះ បុរស និង​ស្ត្រី​វ័យ​៥០​ឆ្នាំ​ដែល​បាត់បង់​ជីវិត ក៏មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន ចំណែក​យុវជន​វ័យ ២៨​ឆ្នាំ បានទទួល​មរណភាព​ដោយសារ​កម្តៅ​ឡើង​ខ្ពស់​ពេក​រហូតដល់ ៣៩,៣ អង្សារ​។ 
 
​ក្នុងចំណោម​ករណី​ថ្មី​ចុងក្រោយ​នេះ បុគ្គលិក​សុខាភិបាល​ចំនួន ១៣​នាក់ បាន​ឆ្លង COVID-19 ឯ​អ្នកជំងឺ ២៥​ករណី​ទៀត គឺមាន​ពាក់ព័ន្ធ​នឹង​ករណី​មុន ខណៈ ៣​ករណី​ទៀត គឺជា​អ្នក ដែល​ធ្លាប់​ចូលរួម​នៅក្នុង​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី និង​ករណី​ផ្សេងទៀត​។ 
 
​តាមរយៈ​តួលេខ​នេះ ថៃ​មាន​ករណី​ឆ្លង​តិចជាង​ពាក់កណ្តាល បើ​ធៀប​នឹង​ថ្ងៃទី​៥ ខែមេសា ដែលមាន ១០២​ករណី​។ វា​ក៏​ជា​តួលេខ​ធ្លាក់ចុះ​ទាប​បំផុត​ផងដែរ ចាប់តាំងពី​ថ្ងៃទី​២០ ខែមីនា កន្លងមក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Bangkok Post​។ បើទោះបីជា​រកឃើញ​ករ​ណី COVID-19 ពិតមែន ប៉ុន្តែ​លោក Taweesin បាន​ព្រមាន​ប្រជាជន​ថៃ​ថា កុំ​ឲ្យ​សាទរ​ពេល​អាជ្ញាធរ​រកឃើញ​ករណី​ឆ្លង​តិច​បែបនេះ ព្រោះ​នៅមាន​ករណី​ជាច្រើន​ទៀត ដែល​មិនទាន់​រកឃើញ និង​កំពុង​តាមដាន​។  
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃនេះ ថៃ​មាន​ករណី​COVID-19 សរុប ២២២០​ករណី អ្នកស្លាប់ ២៦​នាក់ និង​អ្នកជា​សះស្បើយ ៧៩៣​នាក់​។ ទីក្រុង​បាងកក មាន​ករណី COVID-19 ច្រើនជាងគេបង្អស់​រហូត​ដល់​ជាង ១​ពាន់​ករណី ឯ​ខេត្ត Nonthaburi មាន​១៤៣​ករណី កោះ​ភូ​កេ​ត​មាន ១៣៥​ករណី និង​តំបន់​ផ្សេងៗ​ទៀត​៕ 

Tag:
 ​ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com