COVID-19
រថយន្ត
អន្តរជាតិ
​បណ្តា​ក្រុមហ៊ុន និង​ធនាគារ​នៅ​អាមេរិក នាំគ្នា​បន្ធូរបន្ថយ​លក្ខ​ខណ្ឌ​សម្រាប់​កម្ចី​ទិញ​រថយន្ត​
06, Apr 2020 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​សហរដ្ឋអាមេរិក ក្រុមហ៊ុន​ជាច្រើន​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​កម្ចី​របស់ខ្លួន ជាពិសេស​កម្ចី​ទិញ​រថយន្ត ខណៈ​មនុស្ស​ជាច្រើន​បាត់បង់​ការងារ និង​ថយ​ប្រាក់ចំណូល​ដោយសារតែ COVID-19​។ Business Insider បានលើកឡើង​ពី​ក្រុមហ៊ុន​/​ស្ថាប័ន​ចំនួន​២២ ដែល​ជួល​សម្រួល និង​យោគយល់​ចំពោះ​អ្នក​ខ្ចី​ទិញ​រថយន្ត ដូចជា​ពន្យា​ពេល​ទូទាត់ ការបន្ថយ​ការប្រាក់ ការផ្លាស់ប្តូរ​លក្ខខណ្ឌ​កម្ចី ក៏ដូចជា​ការព្យួរ​ការ​កាន់កាប់​រថយន្ត​ជាដើម​។​

 
​ម្ចាស់​កម្ចី​ទាំងនោះ​មានដូចជា ធនាគារ Ally Bank ដែល​ពន្យា​ការបង់​កម្ចី​រហូតដល់​ទៅ​១២០​ថ្ងៃ រីឯ Bank of America បើកទូលាយ​ដល់​អតិថិជន​រៀបរាប់​ពី​ករណី​ខ្លួន ហើយ​ធនាគារ​នឹងសិក្សា​ពី​លក្ខខណ្ឌ​ទាំងនោះ ដើម្បី​ឈានដល់​ទៅ​ការអនុគ្រោះ​ក្រោម​លក្ខខណ្ឌ​កំណត់​ណាមួយ​។​
 
​សេវា​ហិរញ្ញវត្ថុ BMW មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ឡើយ ប៉ុន្តែ​ក្រុមហ៊ុន​ស្នើ​ឲ្យ​បុគ្គល​ពាក់ព័ន្ធ​ទាក់ទង​ទៅ​សេវា​អតិថិជន​ដើម្បី​រៀបរាប់​ពី​បញ្ហា​បង់ប្រាក់​របស់​ពួកគេ​។ Capital One, Car Max, Chase, Chrysler Capital, Ford Motor Credit, Kia Motor Finance, Nissan Motor Acceptance, Old Point National Bank, USAA Bank និង Lexus Financial Services, Mercedes-Benz Financial Services ជាដើម សុទ្ធតែ​ដាក់​លេខ​ទូរ​សព្ទ ដោយ​លើកទឹកចិត្ត​ដល់​អតិថិជន​សាកសួរ​ព័ត៌មាន និង​រៀបរាប់​ពី​ការ​ប្រឈម​របស់ខ្លួន​។ 
 
​ធនាគារ Fifth Third Bank, GM Financial, Honda Financial Services, Hyundai Motor Finance, Lightstream of Truist Bank, Santander Bank, Toyota Financial Services, Wells Fargo បានសម្រេច​ពន្យា​ទៅតាម​លក្ខខណ្ឌ​រៀងៗ​ខ្លួន ដោយ​មិនមាន​ការដាក់ពិន័យ​ចំ​ពោះ​អ្នក​បង់​យឺតយ៉ាវ ដោយសារតែ​វិបត្តិ​ហិរញ្ញវត្ថុ​។ 
 
​ក្រោម​ពី​ក្រុមហ៊ុន​/​ស្ថាប័ន ទាំង​២២ សារព័ត៌មាន Business Insider ក៏បាន​គូសបញ្ជាក់​ឃើញថា បណ្តា​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​នៅ​សហរដ្ឋអាមេរិក បន្ត​ប្រកាស​ពី​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​អ្នក​ខ្ចី ដោយ​យោគយល់​ពី​ស្ថានភាព​ដ៏​លំបាក​របស់​ពួកគេ ដែល​បាន​បាត់បង់​ចំណូល​ដោយសារ COVID-19៕
 

© រក្សាសិទ្ធិដោយ thmeythmey.com