COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ម្ចាស់ Man City មិន​ឲ្យ​កាត់​ប្រាក់ខែ​បុគ្គលិក ដូច​ក្លិប​ដទៃ​នៅ EPL
06, Apr 2020 , 8:59 pm        
រូបភាព
Manchester City ប្រាប់​បុគ្គលិក​ខ្លួន​ថា ក្លិប​មិនមាន​គម្រោង​កាត់​ប្រាក់​ឈ្នួល ឬក៏​ព្យួរការងារ​របស់​ពួកគេ​ដូច​ក្លិប​ដទៃ​ឡើយ បើ​ទោះ​ស្ថិតក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺឆ្លង COVID-19​។​


 
​មកទល់ពេលនេះ មាន​ក្លិប​ជាច្រើន​រួមទាំង​ក្លិប​កំពូលៗ​នៅ Premier League ដូចជា Liverpool និង Tottenham Hotspur ជាដើម​បានសម្រេច​កាត់​ប្រាក់​ឈ្នួល​បុគ្គលិក​ចំនួន​២០​ភាគរយ នៃ​ប្រាក់​ឈ្នួល​សរុប​អំឡុង​ពួកគេ​គ្មាន​ការងារ​ធ្វើ​ដោយសារតែ​វិបត្តិ​ជំងឺ​សកល​មួយ​នេះ​។​
 
​ក្លិប​រហស្ស​បាន​មេឃ​ខៀវ ដែលជា​កម្មសិទ្ធិ​របស់​សេដ្ឋី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​លោក Sheikh Mansour បាន​ក្លាយជា​ក្លិប​ដំបូង​គេ​នៅ​លី​គ​កំពូល​អង់គ្លេស ដែល​អះអាងថា នឹង​កាត់​ប្រាក់​ឈ្នួល​របស់​បុគ្គលិក​ឡើយ បើ​ទោះ​មាន​បញ្ហា​ចំណូល​អំឡុងពេល​ជំងឺ​រាតត្បាត COVID-19 ក្តី​។​
 
​អ្នកនាំពាក្យ​របស់ Man City លើកឡើងថា​៖ «​យើង​អាច​បញ្ជាក់បាន​បន្ទាប់ពី​ការសម្រេចចិត្ត​របស់​ប្រធាន​ក្លិប​លោក Khaldoon Al Mubarak និង​ក្រុមប្រឹក្សាភិបាល​នា​កិច្ចប្រជុំ​សប្តាហ៍​មុន​ថា Man City នឹងមិន​ប្រើ​គម្រោង​កាត់​ប្រាក់​ឈ្នួល​បុគ្គលិក តាម​គោល​ការ​របស់​រដ្ឋាភិបាល​ច​ក្រ​ភព​អង់គ្លេស​ឡើយ​ក្នុងការ​ប្រឆាំងនឹង COVID-19​។ យើង​នៅតែ​ប្តេជ្ញា​ការពារ​ប្រជាជន​របស់​យើង​ការងារ​ពួកគេ និង​អាជីវកម្ម​របស់​យើង​ស្រប​ពេលដែល​យើង​កំពុង​ស្ថិតក្នុង​គ្រា​លំបាក​បំផុត​នេះ​»​។ 
 
Liverpool, Tottenham, Bournemouth, Newcastle United និង Norwich City សុទ្ធតែ​ឲ្យ​បុគ្គ​លិ​សម្រាក​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​ប្រ​ភ​ភេទ​ថ្មី (COVID-19) ដែល​បានសម្លាប់​មនុស្ស​ជិត​៥​ពាន់​នាក់​នៅ​ចក្រភព​អង់គ្លេស គិត​ត្រឹម​ថ្ងៃទី​៦ ខែមេសា​នេះ​។​
 
​ដោយឡែក សហព័ន្ធ​កីឡាបាល់ទាត់​អាជីព (PFA) កំពុង​ពិភាក្សា​ជាមួយ​ស្ថាប័ន Premier League ថា​តើ​កីឡាករ​គួរ​យល់ព្រម​កាត់បន្ថយ​ប្រាក់​ឈ្នួល​ចំនួន ៣០ ភាគរយ ដើម្បី​យកប្រាក់​នោះ​ទៅ​ជួយ​ក្នុង​វិស័យ​សុខាភិបាល​ក្នុងការ​ទប់ស្កាត់ COVID-19 ឬក៏​អត់​៕

Tag:
 COVID-19
  Premier League
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com