COVID-19
កីឡាជាតិ
ជាតិ
លោក អ៊ួ តារា​៖ ហាត់​នៅផ្ទះ​មិន​ជំរុញ​ឲ្យ​មានការ​រីកចម្រើន តែ​អាចជួយ​រក្សា​គុណ​ផល​កីឡាករ​
06, Apr 2020 , 9:59 pm        
រូបភាព
ដោយ:
​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បានលើកឡើង​ថា ការហ្វឹកហាត់​ហ្វឹកហាត់​នៅផ្ទះ​ជា​មធ្យោបាយ​ដ៏​ល្អ​ក្នុងការ​រក្សា​គុណ​ផល​របស់​កីឡាករ ទោះបី​វិធី​នេះ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ដូច​ការប្រមូលផ្តុំ​ហ្វឹកហាត់​ក៏ដោយ​។ ជាក់ស្តែង​ក្រុម​កីឡាករ​កីឡាការិនី​ថ្នាល​គុន​ល្បុក្កតោ​បាន​អនុវត្តតាម​វិធី​នេះ ក្រោយ​ការរំសាយ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ថ្នាល​។​

 
​ស្របពេល​ប្រទេស​កម្ពុជា កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​វីដ​-១៩ ការហ្វឹកហាត់​តាម​ផ្ទះ​ដោយ​ខ្លួនឯង​កំពុង​ក្លាយជា​វិធីសាស្ត្រ​ដ៏​ពេញនិយម​សម្រាប់​ប្រភេទ​កីឡា​មួយចំនួន​។ ជាក់ស្តែង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​ជ្រើស​យក​វិធីសាស្ត្រ​នេះ ដាក់​ឲ្យ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​របស់ខ្លួន​អនុវត្ត ក្រោយ​ពួកគេ​ត្រូវបាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ប្រកាស​រំសាយ​។  
 
 
​សម្រាប់​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ ទោះបី​វិធីសាស្ត្រ​នេះ ពុំ​សូវ​មាន​ប្រសិទ្ធភាព​ដូច​ការប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ តែ​វា​អាចជួយ​រក្សា​សមត្ថភាព​កីឡាករ​កុំ​ឲ្យ​មានការ​ធ្លាក់ចុះ​ខ្លាំង​។ តែ​យ៉ាងណា លោក​ទទួលស្គាល់ថា ការធ្វើ​បែបនេះ ក៏បាន​ជះឥទ្ធិពល​មិនល្អ​ដល់​ការអភិវឌ្ឍ​បច្ចេកទេស​របស់​កីឡាករ​ផងដែរ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក អ៊ួ តារា បាន​និយាយ​ដូជ្នេះ​ថា​៖«​ការហ្វឹកហាត់​នៅផ្ទះ​មិនអាច​ជំរុញ​ឲ្យ​មានការ​រីកចម្រើន​ខ្លាំង​នោះទេ ក៏ប៉ុន្តែ​វា​ជា​មធ្យោបាយ​ចុងក្រោយ​មួយ ដែល​យើង​អាច​ថែរក្សា​នូវ​គុណ​ផល​របស់​កីឡាករ​យើង​បាន​។ ប៉ុន្តែ​ការ​ហ្វឹ​កាហាត់​បែបនេះ វា​មិន​ជំរុញ​ឲ្យ​មានគុណ​ផល​ខ្ពស់ ដូចជា​ការហ្វឹកហាត់​ជា​ក្រុម​ជាមួយ​គ្រូ​ជំនាញ​នោះទេ​»​។ 
 
​បើតាម​វីដេអូ​សកម្មភាព​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​គុន​ល្បុក្កតោ យើង​សង្កេត​កីឡាករ​ខ្លះ​ហ្វឹកហាត់​ជាមួយ​ឧបករណ៍​ដូចជា​បាវ​សាក់ ខ្សែ​អន្ទាក់ និង​អ្នក​ខ្លះទៀត​ហ្វឹកហាត់​ដោយ​មិន​ប្រើ​ឧបករណ៍​តាមរយៈ​រត់​ហាត់ប្រាណ និង​ហាត់ពត់​ខ្លួន ឬ​លោត​ជាដើម​។ បើតាម​លោក អ៊ួ តារា ក្រុម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​មាន​១២​នាក់​(​ស្រី​៤​នាក់​) ដែល​មកពី​ខេត្ត​ផ្សេងៗ​គ្នា​។ 
 
​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ បានប្រកាស​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ថ្នាល​ជា​បណ្តោះអាសន្ន ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​ប្រភេទ​ថ្មី​កូ​វីដ​-១៩​។ គិត​ត្រឹម​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ កម្ពុ​ជាមាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន​១១៤​នាក់ ដោយ​ព្យាបាល​ជាសះស្បើយ​៥៣​នាក់​៕  

Tag:
 គុន​ល្បុក្កតោ​
  អ៊ួ តារា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com