COVID-19
អន្តរជាតិ
COVID-19៖ អាមេរិក ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​មិន​សប្បាយ​ព្រោះ​សង្វាត​ទិញ​សម្ភារ​កាត់មុខ​គេឯង​
06, Apr 2020 , 10:59 pm        
រូបភាព
ម៉ាស៊ីនជំនួយការដកដង្ហើមក្នុងរោងចក្រមួយរបស់ចិន។ រូបភាព Xinhua
ម៉ាស៊ីនជំនួយការដកដង្ហើមក្នុងរោងចក្រមួយរបស់ចិន។ រូបភាព Xinhua
​សម្ព័ន្ធមិត្ត​អាមេរិក​ជាច្រើន កំពុង​មិន​សប្បាយ​ចិត្តនឹង​ទង្វើ​របស់​មិត្តភក្តិ​ខ្លួន​ដែល​ប្រឹង​សម្រុក​ទិញ​សម្ភារ​វេជ្ជសាស្ត្រ​នានា​ដើម្បី​ទប់ទល់​ជំងឺ COVID-19 ប្រើប្រាស់​វិធីសាស្ត្រ​គ្រប់យ៉ាង​។ អាមេរិក ដែលជា​ប្រទេស​មាន​ករណី​ឆ្លង COVID-19 ច្រើនជាងគេ​លើ​ពិភពលោក បាន​ជះ​លុយ​សន្ធឹកសន្ធាប់​ដើម្បី​ប្រមូល​ទិញ​សម្ភារ​វេជ្ជសាស្ត្រ ទោះជា​ទំនិញ​ដែល​សម្ព័ន្ធមិត្ត​របស់ខ្លួន​បាន​កក់​ទុក​ហើយ​ក្ដី​។ ពេលខ្លះ អាមេរិក​ថែមទាំង​បង្អាក់​ការដឹកជញ្ជូន​ទំនិញ​របស់​ដៃគូ​ខ្លួន​ទៅទៀត​។​

 
​ជាមួយនឹង​ករណី​ឆ្លង COVID-19 ឡើង​ជិត​៣៥​ម៉ឺន​ករណី និង​ស្លាប់​លើស​៣៥០០​នាក់​ហើយ​នោះ អាមេរិក បាន​ដើរ​ប្រមូល​ទិញ​សម្ភារ​វេជ្ជសាស្ត្រ​ដែល​ចាំបាច់​ក្នុងការ​ព្យាបាល មិន​ថា​ទំនិញ​នោះ​មាន​ម្ចាស់​ឬក៏​អត់​ឡើយ​ដោយ​ប្រើ​មធ្យោបាយ​ផ្សេង​។ ទង្វើ​បែប​អមនុស្សធម៌​របស់​អាមេរិក ក៏​ប៉ះពាល់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មិនតិច​ដែរ ខណៈ​តម​ម្រូ​វ​ការ​ទំនិញ​កើនឡើង​ខ្ពស់ ឯការ​ផ្គត់​ផ្គង​វិញ​មាន​មិន​ច្រើន ឬ​ផលិត​មិនទាន់​សភាពការណ៍​នោះ​។ 
 
​ក្រុមមន្ត្រី​ជាន់ខ្ពស់​នៅ​បារាំង និង​អាល្លឺម៉ង់ និយាយថា អាមេរិក​បាន​ឲ្យ​តម្លៃ​ខ្ពស់ជាង​តម្លៃ​ទីផ្សារ​ដើម្បី​ទិញយក​ម៉ាស់​វេជ្ជសាស្ត្រ​ពី​ចិន ខណៈ​អ្នកទិញ​នៅ​អឺរ៉ុប​បានដាក់​ថ្លៃ​រួចរាល់​ហើយ​នោះ​។ ប្រេ​ស៊ី​ល​វិញ ក៏​ជួប​បញ្ហា​ដូចគ្នា​ដោយ​ការដាក់​ដេញថ្លៃ​របស់ខ្លួន បែរ​ទៅជា​បរាជ័យ​ព្រោះ​មាន​អ្នកដេញថ្លៃ​ខ្ពស់ជាង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច​របស់​អធិប​កា​រប​តី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល និយាយ​ដោយ​មិន​ចំឈ្មោះ​អាមេរិក​ថា ពួក​ហ៊ាន​ចំណាយ​ច្រើន​ឲ្យ​បានតែ​ទំនិញ​។ 
 
​ការប្រកួតប្រជែង​គ្នា​នេះ ចេះតែ​ក្ដៅគគុក ខណៈដែល​ជំងឺ COVID-19 បាន​ឡើង​លើស​មួយ​លាន​ករណី​ហើយ​នោះ​។ នេះ​ក៏​ព្រោះតែ​ប្រទេស​ជាច្រើន បន្ថែម​ការទិញ​សម្ភារ​ចាំបាច់​ដូចជា​ម៉ាស់ ម៉ាស៊ីន​ជំនួយការ​ដកដង្ហើម និង​សម្លៀកបំពាក់​ការពារ​ទុក​ក្នុង​ឃ្លាំង​រៀងៗ​ខ្លួន​។ អាមេរិក ដែលមាន​ករណី​ឆ្លង​ច្រើន មិន​បន្ធូរដៃ​ក្នុង​ការប្រមូលទិញ​គ្រឿង​បរិក្ខារ​ដែល​ត្រូវការ ហើយ​ពេលខ្លះ​ចាត់វិធានការ​ដែល​មិនអាច​ទទួលយកបាន​ទៅទៀត​។​
 
​កាលពី​សប្ដាហ៍​មុន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​ផ្អាក​ការនាំចេញ​ម៉ាស់ N95 ដែល​ចាំ​ា​បាច់​សម្រាប់​បុគ្គលិក​ពេទ្យ និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួនទៀត​។ ក្រុមហ៊ុន 3M ដែល​ផលិត​ម៉ាស់​វិញ ក៏​ទទួលបញ្ជា​ពី​សេត​វិមាន មិន​ឲ្យ​នាំចេញ​ម៉ាស់​ទៅកាន់​កាណាដា និង​ឧបករណ៍​ចម្រោះ​ខ្យល់​ដែល​ផលិត​នៅ​អាមេរិក​ទៅកាន់​អាមេរិក​ឡាទីន​ទៀតផង​។​
 
​ថ្មីៗ​នេះ ក៏​លេចឮ​ព័ត៌មាន​ថា ម៉ាស់​២​សែន​សន្លឹក​ដែល​ត្រៀម​ដឹក​ទៅកាន់​អាល្លឺម៉ង់​ដោយ​ក្រុមហ៊ុន 3M ត្រូវបាន​ដកហូត​នៅ​បាងកក​។ មន្ត្រីជាន់ខ្ពស់​អាល្លឺម៉ង់​ចាត់ទុក​ទង្វើ​នេះ​ជាការ​ប្លន់​សម័យ​ទំនើប ប៉ុន្តែ​មិន​និយាយ​ចំ​អាមេរិក​ទេ​។ មួយ​ករណី​ទៀត ប្រេ​ស៊ី​ល​ឯណោះ​អះអាងថា ការបញ្ជាទិញ​គ្រឿង​បរិក្ខារ​ពី​ចិន​ដែល​ចប់សព្វគ្រប់​ទៅហើយនោះ បែរជា​ត្រូវ​លុបចោល​វិញ នៅពេល​អាមេរិក​បញ្ជូន​យន្តហោះ​ដឹកទំនិញ​ច្រើនជាង​២០​គ្រឿង​ដើម្បី​ដឹក​ផលិតផល​ដូចគ្នា​
 
​បារាំង ក៏​ជួប​រឿង​ស្រដៀង​គ្នា​នេះដែរ​។ បើតាម​ប្រភពព័ត៌មាន​ខាងលើ ការបញ្ជាទិញ​ម៉ាស់​របស់​តំបន់​ចំនួន​បី បាន​បរាជ័យ​ព្រោះ​មាន​អ្នកទិញ​ផ្សេង​ដែល​ថ្លៃ​ជាង​។ លោក Jean Rottner មេដឹកនាំ​តំបន់ Grand Est របស់​បារាំង​អះអាងថា ទំនិញ ត្រូវបាន​ផ្លាស់ប្ដូរ​ម្ចាស់​នៅ​នាទីចុងក្រោយ​។ ដោយនិយាយ​ឈ្មោះ​អាមេរិក​ត្រង់ៗ លោក Rottner បញ្ជាក់ថា អាមេរិក​បានផ្ដល់​លុយ​ច្រើនជាង​បី​បួន​ដង​ឯណោះ​៕ 

Tag:
 អាមេរិក​
  COVID-19
  បារាំង​
  អាល្លឺម៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com