អត្ថបទ៖ ស៊ីធី
ប្រទេសជាច្រើនតម្រូវឲ្យបិទក្លិបហាត់ប្រដាល់ និង អំពាវនាវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19។ ជាមួយគ្នានេះកីឡាករខ្លាំងៗប្រចាំនៅ ONE Championship បានបង្ហាញការហ្វឹកហាត់នៅផ្ទះឲ្យមានប្រសិទ្ធភាព និង ភាពម្ចាស់ការលើខ្លួនឯង។
វាជាការទទួលខុសត្រូវ និងការស្នាក់នៅផ្ទះផ្សេងគ្នាដើម្បីរួមគ្នាទប់ស្កាត់មេរោគកូរ៉ូណា។ ពួកគេនៅតែហ្វឹកហាត់ខ្លួនឯងជាប្រចាំ និង ជាគន្លឹះសំខាន់ដើម្បីជោគជ័យពេលសង្វៀនប្រកួតបើកឡើងវិញ។ ជើងខ្លាំងកម្រិតពិភពលោក ផ្នែកគុនចម្រុះ kickboxers, និង អ្នកលេងមួយថៃ បានបង្ហាញអំពីការរស់នៅនិងហ្វឹកហាត់នៅផ្ទះដើម្បីរក្សាកម្លាំងដូចខាងក្រោម។
Bibiano Fernandes – ម្ចាស់ខ្សែក្រវាត់ ONE Bantamweight World Champion
«ខ្ញុំមានក្លិបនៅក្នុងផ្ទះ។ ខ្ញុំមានមិត្តរួមក្រុម និង គ្រូបង្វឹករបស់ខ្ញុំជួយដែរ។ វាមានសុវត្ថិភាព និងសំខាន់ណាស់។ ខ្ញុំពង្រឹងសមត្ថភាព រក្សាភាពអំណត់ និងហាត់បានល្អនៅផ្ទះ។ នេះជាវិធីដ៏ល្អបំផុតនាពេលនេះ។ យើងត្រូវច្បាស់អំពីកម្លាំងស៊ុហ្វ និង ភាពអំណត់។ ចិត្តរបស់ខ្ញុំគឺផ្ដោតលើការប្រកួត ជានិច្ច។ ខ្ញុំរក្សាកម្លាំងឲ្យបានល្អ និងបង្កើនសមត្ថភាពទៀតផង។ ក្នុងនោះមានការតមអាហារ និងញុំាទឹកឲ្យច្រើនផងដែរ។ យើងត្រូវធានាដល់រាងកាយមាំមួនមុនពេលត្រលប់មកសង្វៀនវិញ ដោយរក្សាហ្វឹកហាត់កម្លាំង ហាត់ភាពអំណត់ និង វ៉ៃស្រមោលរៀងរាល់ថ្ងៃ។ រឿងសំខាន់មួយទៀត គឺយើងត្រូវផ្ដោតអារម្មណ៍និងជួយអ្នកផ្សេងៗឲ្យធ្វើដូចយើងដែរ»។
Christian Lee – ម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion
«អ្នកត្រូវតែដាក់ចិត្តដាក់កាយសម្រួចក្បាច់គុនរបស់ខ្លួនតាមលទ្ធភាព។ ការសម្រាករយៈពេល១ថ្ងៃនៅផ្ទះមិនអីទេ ប៉ុន្តែច្រើនថ្ងៃ គឺជាបញ្ហា។ ដូច្នេះយើងមានរឿងជាច្រើនត្រូវធ្វើនៅផ្ទះ។ អ្នកត្រូវអាវ៉ង់ និងធ្វើចលនាច្រើនទៀត។ សម្រាប់កីឡាករគឺត្រូវអនុវត្តការវ៉ៃស្រមោល និងហាត់បច្ចេកទេសច្រើនទៀតនៅផ្ទះ។ នេះជាអ្វីអ្នកអាចធ្វើមុនត្រលប់មកប្រកួតវិញ។ វាជារឿងចាំបាច់ធ្វើបាននៅផ្ទះ ប៉ុន្តែ ក៏វាមិនអាក្រក់ពេកដែរ»។
Shannon Wiratchai – កីឡាករដែលត្រួសត្រាយគុនចម្រុះនៅថៃ
«មានរឿងជាច្រើន អ្នកអាចធ្វើខ្លួនឯងនៅផ្ទះក្នុងនាមជាកីឡាករ។ អ្នកត្រូវហាត់ពត់ខ្លួនជាប្រចាំដើម្បីក្លាយជាទម្លាប់។ អ្នកត្រូវមើលក្បាច់គ្រឹះដើម្បីពង្រឹងវា។ យើងដឹងថាបើនៅដាច់ដោយឡែកបែបនេះច្បាស់ជាធុញ មែនទេ? ដូច្នេះត្រូវតែមានវិធី។ សូមគិតអំពីចំណុចខ្សោយឡើងវិញ និងគិតរឿងធ្វើយ៉ាងណាដើម្បីឲ្យកាន់តែល្អជាងមុន។ នេះជាគោលដៅ។ យើងអាចមើល YouTube ឬ Google ហើយកែប្រែខ្លួនរបស់យើងនៅចំណុចនោះ។ បើសិនយើងនៅដោយឡែក ១៤ ថ្ងៃ យើងត្រូវដោះស្រាយបញ្ហានេះកុំឲ្យធុញ»។
Eko Roni Saputra – ម្ចាស់ជើងឯក Indonesian Wrestling Champion
«អំឡុងពេលនៅផ្ទះ យើងបោសជូតផ្ទះ ចម្អិនអាហារ និង លេងកម្សាន្តជាមួយគ្រួសារ។ វាជាពេលដែលអាចធ្វើអ្វីថ្មី និងធ្វើសកម្មភាពដែលមិនធ្លាប់ធ្វើពីមុនមក។ វាជាពេលល្អដើម្បីមើលខ្សែភាពយន្ត ឬ រឿងភាគ ដែលមិនដែលមើលពីមុន។ សម្រាប់ខ្ញុំ គឺ បានចំណាយពេលច្រើននៅជាមួយប្រពន្ធ និង កូនប្រុសរបស់ខ្ញុំ។ ប៉ុន្តែរឿងសំខាន់ត្រូវហាត់ប្រាណដែរ។ យើងត្រូវអាវ៉ង់ ព្រោះវាសាមញ្ញ និងមិនតម្រូវឧបករណ៍ច្រើន។ យើងក៏អាចធ្វើសកម្មភាពកាយវប្បកម្មមួយចំនួនដែរ»។
Elliot Compton –កីឡាករប្រចាំ ONE Super Series Lightweight
«ខ្ញុំបារម្ភច្រើនចំពោះកម្រិតផ្ទាល់ខ្លួន ដោយសារការប្រកួតត្រូវលុបចោល និងលើកពេល។ ប៉ុន្តែខ្ញុំប្រើពេលដើម្បីរក្សាកម្លាំងខ្លួនឯង។ ខ្ញុំមិនអាចទៅក្លិប ប៉ុន្តែនៅផ្ទះហាត់ដោយខ្លួនឯង។ ខ្ញុំផ្ដោតលើភាពវិជ្ជមានក្នុងជីវិត។ ខ្ញុំលើកទឹកចិត្តខ្លួនឯងដើម្បីអភិវឌ្ឍខ្លួន ឲ្យកាន់តែល្អឡើង។ ខ្ញុំកំពុងធ្វើការ ខ្ញុំមិនសម្រាកទេទោះមិនបានទៅហាត់នក្លិបក៏ដោយ។ ខ្ញុំត្រូវផ្ដោតលើចំណុចវិជ្ជមាន។ ខ្ញុំសង្ឃឹមថាវារក្សាខ្ញុំឲ្យនៅល្អប្រសើរមុនឡើងសង្វៀនជាថ្មី»។
Gurdarshan Mangat – កីឡាករគុនចម្រុះលេចធ្លោរបស់ឥណ្ឌា
«ខ្ញុំដឹងថាវាជាពេលវេលាលំបាក។ ប៉ុន្តែយើងត្រូវតែធ្វើដូចគ្នា និងប្រឹងដូចគ្នានៅតាមផ្ទះរៀងៗខ្លួន។ យើងត្រូវជម្នះរាល់ការលំបាកនេះ។ យើងត្រូវនៅដាច់ដោយឡែកដើម្បីសុវត្ថិភាពសិន ហើយវាជារឿងល្អបំផុតដើម្បីពង្រឹងខ្លួនដែរ។ ខ្ញុំហាត់ជាប្រចាំនៅផ្ទះ ខ្ញុំមានឧបករណ៍ហាត់ទាញដៃ ហើយចងភ្ជាប់ទៅជញ្ជាំង។ ខ្ញុំវ៉ៃហាត់វ៉ៃស្រមោល។ ខ្ញុំហាត់វាជាហូរហែមក។ យើងត្រូវផ្ដោតអារម្មណ៍ដោយខ្លួនឯង និងត្រូវតាំងចិត្ត។ យើងត្រូវរីករាយពេលហាត់នៅផ្ទះក្នុងស្ថានភាពបែបនេះ។ ជីវិតត្រូវផ្សារភ្ជាប់ទៅនឹងជំហានបន្ទាប់ និងកែលម្អចំណុចខ្វះខាតឡើងវិញ»។
Azwan Che Wil – កីឡាករប្រចាំ ONE Super Series Flyweight
«ខ្ញុំតែងតែហាត់ដាល់បាវសាក់នៅផ្ទះ។ វាពិសេសណាស់ដែលអាចបន្តការហាត់នៅផ្ទះ។ បើអ្នកអត់មានទេ សូមបន្តធ្វើសកម្មភាពឲ្យចេញញើសនៅផ្ទះរបស់ខ្លួនរាល់ថ្ងៃ។ រាល់ថ្ងៃ ខ្ញុំចាប់ផ្ដើមហាត់ទាញខ្សែ ២០ នាទី ។ បើអត់មានវាទេ សូមធ្វើចលនា ២០ នាទីហើយសម្រាក ១ នាទី មុនពេលអាវ៉ង់ និង អង្គុយពត់ខ្លួន។ ខ្ញុំតែងតែហាត់ក្បាច់មួយថៃ និង វ៉ៃស្រមោល ជាដើម។ បើសិនជាអ្នកខ្ជិល សូមធ្វើអ្វីដែលអាចទៅរួចនៅផ្ទះ ឬ បោសជូនផ្ទះឲ្យចេញញើសជាដើម។ នោះគឺជាការហាត់មួយផ្នែកដែរ»។
Josh Tonna – កីឡាករប្រចាំ ONE Super Series Strawweight
«ការរស់នៅដាច់ដោយឡែកបែបនេះ គឺជាការកំហិតមួយ។ ដូច្នេះ យើងត្រូវមានក្រុមហ្វឹកហាត់នៅផ្ទះ។ យើងនឹកអំពីការហ្វឹកហាត់ដែលអាចធ្វើបាន។ នោះច្បាស់ជារីករាយមិនខាន។ ខ្ញុំបានតាមដានកីឡាករក្រៅពីសង្វៀន ONE ដែលជំរុញទឹកចិត្តខ្ញុំដូចជា David Goggins, Courtney Dauwalter, Joe Rogan, Gary Vaynerchuk, Jocko Willink, Russell Brand, និង Wim Hof ជាដើម។ ការឈ្វេងពីពួកគាត់ធ្វើឲ្យខ្ញុំកាន់តែរឹងមាំចំពោះក្បាច់គុន ការគិត និងការរស់នៅ។ ពេលខ្លះខ្ញុំហាត់សមាធិ យ៉ូហ្គា ពេលខ្ញុំភ្ញាក់ឡើង។ ខ្ញុំលើកទឹកចិត្តឲ្យរាល់គ្នាបន្តហ្វឹកហាត់។ សូមកុំឲ្យសុខភាពធ្លាក់ចុះអំឡុងពេលនេះ។ ត្រូវមានវិន័យក្នុងការហាត់ និង មើលលំហាត់តាមអនឡាន។ អ្នកត្រូវគិតអំពីសុខភាពផ្លូវចិត្ត និង សុខភាពរាងកាយ»៕