COVID-19
អន្តរជាតិ
COVID-19៖ សិង្ហបុរី ទម្លាក់លុយ៣,៥ពាន់លានដុល្លារបន្ថែម ដើម្បីជួយប្រជាជននិងជំនួញក្នុងប្រទេស ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Heng Swee Keat។ រូបភាព៖ CHONG JUN LIANG
× ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Heng Swee Keat នាថ្ងៃទី៦ ខែមេសា បានប្រកាសបញ្ចេញកញ្ចប់ថវិកាគាំទ្រប្រមាណ៣,៥ ពាន់លានដុល្លារអាមេរិក ( ៥,១ ពាន់លានដុល្លារសិង្ហបុរី ) បន្ថែមទៀត ដើម្បីជួយប្រជាជនសិង្ហបុរី និងមុខជំនួញទាំងអស់ក្នុងប្រទេសពីការអុកឡុកនៃជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ នេះគឺជាបញ្ចេញកញ្ចប់ថវិកាលើកទី៣របស់សិង្ហបុរី ក្នុងរយៈពេល តិចជាង២ខែកន្លងមកនេះ។
គិតមកទល់ពេលនេះ សិង្ហបុរីបានប្រកាសបញ្ចេញកញ្ចប់ថវិកាចំនួន ៣លើកហើយ។ លើកទីមួយសិង្ហបុរី បានបញ្ចេញទឹកប្រាក់ ៤,៤ពាន់លានដុល្លារ។ លើកទីពីរ មានរហូតដល់ ៣៣ពាន់លានដុល្លារ ចំណែកលើកទីបីនេះ គឺមាន ៣,៥ ពាន់លានដុល្លារ។
តាមរយៈកញ្ចប់ថវិកាចុងក្រោយនេះ សិង្ហបុរីនឹងប្រើប្រាស់សម្រាប់ប្រជាជនរបស់ខ្លួនចំនួន ៧៦៦លានដុល្លារ និងជួយទ្រទ្រង់ជំនួញជាង ២,៧ពាន់លានដុល្លារ។ ក្នុងកិច្ចប្រជុំសភាថ្ងៃទី៦ ខែមេសា ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Heng Swee Keat ប្រកាសថា ពលរដ្ឋ ដែលមានអាយុ២១ឆ្នាំឡើងទៅ នឹងទទួលបានទឹកប្រាក់ប្រមាណ ៤១៧ ដុល្លារក្នុងមួយនាក់។ សម្រាប់អ្នកមានគណនីធនាគារ រដ្ឋាភិបាលនឹងដាក់ប្រាក់ចូលទៅក្នុងគណនីផ្ទាល់ ចំណែកអ្នកផ្សេងទៀត នឹងផ្តល់ឲ្យតាមរយៈសែក។
សម្រាប់ទឹកប្រាក់ខាងលើ គឺរដ្ឋាភិបាលសិង្ហបុរី បានបន្ថែមទឹកប្រាក់ឧបត្ថម្ភឲ្យប្រជាពលរដ្ឋសិង្ហបុរីក្នុងមួយនាក់ ចំនួន ២០៨ដុល្លារបន្ថែមទៀត ពោលគឺពីលើកញ្ចប់ថវិកា ដែលមានចំនួន២០៨ដុល្លារ ដែលរដ្ឋាភិបាលបានប្រកាសនាខែកុម្ភៈកន្លងទៅ។ ទឹកប្រាក់ដែលត្រូវចំណាយសរុបសម្រាប់ប្រជាជនេះពេលនេះ មានចំនួនជាង ៧៦៦លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។
ក្រៅពីជំនួយសម្រាប់ប្រជាពលរដ្ឋសិង្ហបុរី ថវិកាដែលនៅសល់ប្រមាណជាជាង ២,៧ពាន់លានដុល្លារ នឹងយកទៅជួយគាំទ្រជំនួញផ្សេងៗ ដើម្បីការពារកុំឲ្យកាត់បន្ថយបុគ្គលិក និងមានដំណើរការល្អ។ តាមរយៈកញ្ចប់ថវិកាចុងក្រោយនេះ ក្រុមហ៊ុនទាំងអស់ នឹងទទួលបានប្រាក់បៀវត្សសម្រាប់បុគ្គលិកពីរដ្ឋាភិបាលចំនួន ៧៥ភាគរយ។ បើសិនគ្មានការប្រែប្រួលទេ គម្រោងនឹងចាប់ផ្តើមលើកដំបូងនៅសប្តាហ៍ក្រោយ។ ចំណែកបុគ្គលិកបរទេស រដ្ឋាភិបាលសម្រេចមិនយកពន្ធឡើយក្នុងខែមេសានេះ។ សម្រាប់ការបង់ពន្ធ តម្លៃជួល រដ្ឋាភិបាលសិង្ហបុរី ក៏ពន្យារឲ្យម្ចាស់ជំនួញទាំងអស់ដែរ ដែលកំពុងតែរងគ្រោះ ដោយសារតែ COVID-19។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៦ ខែមេសា សិង្ហបុរី មានករណី COVID-19 សរុបចំនួន ១៣០៩ករណី អ្នកស្លាប់ ៦ករណី និងអ្នកជាសះស្បើយមានចំនួន ៣២០ករណី៕
Tag:
សិង្ហបុរី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com