COVID-19
អន្តរជាតិ
ទិវា​សុខភាព​ពិភពលោក​ឆ្នាំ​២០២០ ប្រារព្ធ​ដឹងគុណ​គ្រូពេទ្យ​ជួរមុខ​ប្រឆាំង COVID-19
07, Apr 2020 , 6:29 am        
រូបភាព
ដោយ:
​ជា​រៀងរាល់ឆ្នាំ ថ្ងៃទី​៧ ខែមេសា បណ្ដា​ប្រទេស​នៅ​ទូទាំង​សាកលលោក តែង​ប្រារព្វ​ទិវា​សុខភាព​ពិភពលោក (World Health Day)​។ សម្រាប់​ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​ដ៏​ពិសេស​ខុស​ឆ្នាំ​សព្វដង ព្រោះថា​អង្គការ​សុខភាព​ពិភពលោក​បានសម្រេច​យក​ពាក្យស្លោក​មួយ​ថា «​គាំទ្រ​គិលានុបដ្ឋាក និង​ពេទ្យឆ្មប​»​។  ការ​ប្រារព្ធ​ទិវា​នេះ ធ្វើឡើង​ចំពេល​ដែល​ជំងឺ​រាតត្បាត​សាកល COVID-19 កំពុង​ញាំញី​ពិភពលោក​ទាំងមូល ដោយ​មិន​ថា​ប្រទេស​តូច ឬ​ប្រទេស​ធំ សុទ្ធតែ​រងគ្រោះ​ដូចគ្នា​។​

 
«​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ គឺជា​ថ្ងៃ​ដែល​ប្រារព្វ​ឡើង​ដើម្បី​អបអរសាទរ​ចំពោះ​ការងារ​របស់​គិលានុបដ្ឋាក និង​ពេទ្យឆ្មប ព្រមទាំង​ក្រើនរម្លឹក​មេដឹកនាំ​ពិភពលោក​នានា​អំពី​តួនាទី​ដ៏​សំខាន់​ដែល​បុគ្គលិក​សុខាភិបាល​ធ្វើ​ដើម្បី​រក្សា​ពិភពលោក​មាន​សុខ​ភាពល្អ​ផងដែរ​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​លើ​វេ​ប​សាយ​ផ្លូវការ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បញ្ជាក់ទៀតថា គិលានុបដ្ឋាក និង​បុគ្គលិក​សុខាភិបាល​ផ្សេងទៀត  ជា​ស្ថិតនៅ​ជួរមុខ​នៃប្រតិបត្តិ​ការឆ្លើយតប​ប្រឆាំង COVID-19 ដូចជា ផ្ដល់​ការថែទាំ និង​ព្យាបាល​ដែល​គុណភាព​ខ្ពស់ និង​ដោយ​ក្តី​គោរព​, ដឹកនាំ​កិច្ចសន្ទនា​សហគមន៍​ដើម្បី​ដោះស្រាយ​ភាពភ័យខ្លាច និង​សំណួរ​នានា​ពាក់ព័ន្ធ COVID-19 ព្រមទាំង​ប្រមូល​ទិន្នន័យ​សម្រាប់​សិក្សា​ស្រាវជ្រាវ​ជាដើម​។ «​បើ​គ្មាន​គិ​លា​នុ​ដ្ឋា​យ​កា វា​ក៏​នឹង​គ្មាន​ការឆ្លើយតប​នោះដែរ​»​។​
 
​ឆ្លៀត​ក្នុងឱកាស «​ទិវា​សុខភាព​ពិភពលោក​» ឆ្នាំ​២០២០​នេះ អង្គការ​សុខភាព​ពិភពលោក ទទូច​សុំ​ការគាំទ្រ​របស់់​សាធារណជន​និង​រដ្ឋាភិបាល​ធានាថា​សមត្ថភាព​និង​កម្លាំង​បុគ្គលិក​សុខាភិបាល​ខ្លាំង​គ្រប់គ្រាន់​ក្នុង​ការជួយ​មនុស្ស​គ្រប់គ្នា គ្រប់​ទីកន្លែង​ទទួល​ការថែទាំង​សុខភាព​ដែល​ពួកគេ​ត្រូវការ​។  
 
​ទន្ទឹមនេះ សាធារណជន​ទូទៅ​ក៏​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចំណាយពេល​ពួកគេ​បន្ដិច​ដើម្បី​អរគុណ និង​បង្ហាញ​ការគោរព​ដល់​បុគ្គលិក​សុខាភិបាល​ទាំងអស់​ដែល​នៅ​ជួរមុខ​ប្រឆាំង COVID-19 ។ ត្រង់ចំណុច​នេះ WHO អះអាងថា ពួកគេ អាច​ចែករំលែក​រូបភាព និង​វីដេអូ ដែល​បង្ហាញ​ពី​សារសំខាន់​នៃ​ការងារ​គ្រូពេទ្យ​។ 
 
​សូមបញ្ជាក់ថា ការ​ប្រា​ព្ធ​ទិវា​សុខភាព​ពិភពលោក ត្រូវបាន​ចាប់ផ្ដើម​ដំបូង តាង​ពី​ឆ្នាំ​១៩៥០​មកម្ល៉េះ ក្នុង​គោលដៅ​បង្កើត​ការយល់ដឹង​លើ​មូលបទ​សុខភាព​ជាក់លាក់​ណាមួយ ដែលមាន​ដាក់បញ្ចូល​ក្នុង​ប​ញ្ចី​អាទិភាព​របស់​អង្គការ​សុខភាព​ពិភពលោក​។ ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុងក្រោយ ទិវា​ប្រចាំ​ឆ្នាំនេះ ក៏បាន​លើក​បង្ហាញ​ជុំវិញ​បញ្ហា​សុខភាព​សំខាន់ៗ ដូចជា សុខភាព​ផ្លូវចិត្ត ការថែទាំ​កុមារ និង​ពាក់ព័ន្ធ​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​៕

Tag:
 ទិវា​សុខភាព​ពិភពលោក​២០២០
  COVID-19
  World Health Day 2020
  WHO
  គ្រូពេទ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com