COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
PFA ថា ការ​កាត់​ប្រាក់​ឈ្នួល​កីឡាករ​ដោយសារ COVID-19​ នឹង​ប៉ះពាល់​សុខាភិបាល​អង់គ្លេស
07, Apr 2020 , 8:29 am        
រូបភាព
​សហព័ន្ធ​កីឡាករ​បាល់ទាត់​អាជីព​នៅ​អង់គ្លេស (PFA) និយាយថា​ការស្នើសុំ​កាត់​ប្រាក់​ឈ្នួល ៣០ ភាគរយ​ពី​កីឡាករ​ដែល​ប្រកប​អាជីព​នៅ Premier League អំឡុងពេល​វិបត្តិ COVID-19 នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេវាកម្ម​សុខភាព​ជាតិរ​បស់​អង់គ្លេស (NHS)​។ PFA បែ​ជា​ជំរុញ​ឲ្យ​លី​គ​បង្កើន​ប្រាក់​សប្បុរសធម៌​ចំនួន ២៤​លាន​ដុល្លារ​តាម​ការសន្យា​របស់ខ្លួន​។​


 
​លី​គ​កីឡាបាល់ទាត់​លំដាប់​កំពូល​អង់គ្លេស (Premier League) ចង់​ឲ្យ​កីឡាករ​កាត់បន្ថយ​ប្រាក់ខែ​ចំនួន ៣០ ភាគរយ​ដើម្បី​ធានា​ផ្តល់ប្រាក់​ឈ្នួល​ដល់​បុគ្គលិក​ក្លិប​និ​មួយៗ​ឲ្យ​បាន​ពេញលេញ ខណៈ​គ្មាន​ការប្រកួត​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង COVID-19 ។​
 
​ការ​កាត់​ប្រាក់​ឈ្នួល​៣០​ភាគរយ​នេះ PFA មើលឃើញថា​ស្មើនឹង​ជាង ៦០០​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ១២​ខែ ដែល​ចំនួន​នេះ​នឹងធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​ច្រើនជាង​២០០ លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​រប​ស់​ចក្រភព​អង់គ្លេស​។​
 
​ជុំវិញ​ការស្នើ​ឲ្យ​កាត់​ប្រាក់​ឈ្នួល​នេះ PFA បាន​លើក​ជា​សំនួរ​បែប​រិះគន់​ទៅកាន់​លោក Matt Hancock រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​ដែល​ធ្លាប់​លើកឡើង​កាលពី​ថ្ងៃទី​២ ខែមេសា​ថា​កីឡាករ​នៅ​លី​គ​កំពូល​អង់គ្លេស​គួរ​កាត់​ប្រាក់​ឈ្នួល​ខ្លួន​អំឡុងពេល​ជំងឺ​រាតត្បាត​នេះ​។​
 
«​តើ​ការខាតបង់​របស់​រដ្ឋា​ភិ​បាល មាន​ផលប៉ះពាល់​អ្វីខ្លះ​ដល់ NHS? តើ​ការស្នើ​របស់ Premier League ក្នុងការ​កាត់បន្ថយ​ប្រាក់ខែ​កីឡាករ នឹង​ប៉ះពាល់​ដល់​លេខាធិការ​សុខាភិបាល​អង់គ្លេស​ដែរឬទេ​?»​។​
 
PFA បាន​លើក​ហេតុផល​ថា​កីឡាករ​ទាំងអស់​នៅ Premier League នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​វិភាគទាន​ហិរញ្ញវត្ថុ​នៅក្នុង​ពេលវេលា​ដ៏​លំបាក​ដែល​មិន​ធ្លាប់​កើតមាន​ពីមុន​មកនេះ​។ 
 
​ដោយឡែក គ្រូវ​បង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Gareth Southgate បាន​អះអាងថា លោក​យល់ព្រម​កាត់បន្ថយ​ប្រាក់​ឈ្នួល​ចំនួន​៣០​ភាគរយ​នេះ បើ​ទោះ​សហព័ន្ធ​បដិសេធ​មិន​ទទួលយក​ការស្នើ​ឲ្យ​កាត់​ប្រាក់ខែ​នេះ​ក្តី​៕

Tag:
 PFA
  COVID-19
  NHS
© រក្សាសិទ្ធិដោយ thmeythmey.com