ជាតិ
Covid-19៖ កម្ពុជាមានអ្នកជាសះស្បើយ៥នាក់បន្ថែម និងរកឃើញវិជ្ជមាន១នាក់ទៀត
× ក្រសួងសុខាភិបាលនៅថ្ងៃទី៧ ខែមេសានេះ បានប្រកាសថាមានមនុស្ស៥នាក់ទៀតហើយ បានជាសះស្បើយពីជំងឺកូវីដ-១៩ ដែលធ្វើឲ្យតួលេខអ្នកជាសរុបមាន៥៨នាក់។ ទន្ទឹមនឹងនេះ ក្រសួងបានរកឃើញករណីឆ្លងថ្មីចំនួន ១នាក់ដែរលើស្រ្តីទេសចរជនជាតិវៀតណាម សរុបករណីនៅកម្ពុជាមានចំនួន ១១៥ករណី។
កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយសរុប ៥៨នាក់ហើយ បន្ទាប់ពីបានរកឃើញអ្នកជា ៥នាក់ទៀត។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ មេសានេះ។ អ្នកជាសះស្បើយទាំង៥នាក់ ជាជនជាតិខ្មែរទាំងអស់ គឺមានស្ត្រីខ្មែរ អាយុ៦១ឆ្នាំ នៅរាជធានីភ្នំពេញ, បុរសខ្មែររស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, បុរសខ្មែរអាយុ២៨ឆ្នាំ កាន់សាសនាឥស្លាម នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង, ស្ត្រីខ្មែរអាយុ៣៨ឆ្នាំ កាន់សាសនាឥស្លាម នៅក្រុងសៀមរាប និងបុរសខ្មែរអាយុ៣០ឆ្នាំ ដែលបម្រើការងារនៅស្តាធីវី ច្រកព្រំដែនប៉ោយប៉ែត។
ក្រសួង ក៏បានរកឃើញករណីវិជ្ជមានថ្មី ១ករណីទៀតដែរ លើស្រ្តីទេសចរជនជាតិវៀតណាម។ បច្ចុប្បន្នស្ត្រីរូបនេះ កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ សុរបករណីឆ្លងសរុបនៅកម្ពុជា មានចំនួន ១១៥ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com