COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​អង់គ្លេស​ផ្លាស់​ទៅ​បន្ទប់ ICU ខណៈ​រោគសញ្ញា​COVID-19​កាន់តែ​ធ្ងន់ធ្ងរ​
07, Apr 2020 , 10:04 am        
រូបភាព
នាយករដ្ឋមន្ត្រី បូរីស ចនសុន (AFP)
នាយករដ្ឋមន្ត្រី បូរីស ចនសុន (AFP)
ដោយ:
​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស បូរី​ស ច​ន​សុន ត្រូវបាន​បញ្ជូន​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់ (ICU) កាលពី​ថ្ងៃ​ចន្ទ ៦ ខែមេសា ក្រោយ​រោគសញ្ញា COVID-19 លោក កាន់តែ​ធ្ងន់ធ្ងរ ។ ការផ្លាស់ប្ដូរ​នេះ ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​លោក​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈ​រោគសញ្ញា​ជំងឺ​មិន​ធូរស្រាល​។​

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ការិយាល័យ​នាយករដ្ឋមន្ត្រី Downing Street គូសបញ្ជាក់ថា​៖«​នៅ​រសៀល​នេះ​(​ថ្ងៃទី​៦ ខែមេសា​) ស្ថានភាព​នាយករដ្ឋមន្ត្រី​កាន់តែ​ដុនដាប ហើយ​យោងតាម​យោបល់​របស់​ក្រុមគ្រូពេទ្យ លោក​ត្រូវបាន​បញ្ជូនទៅ​កាន់​បន្ទ​ប់​សង្គ្រោះបន្ទាន់ (ICU) នៅ​មន្ទីរពេទ្យ​»​។ 
 
​លោក ច​ន​សុន បានស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ច​ក្រ​ភព​អង់គ្លេស Dominic Raab ទទួលបន្ទុក​ការ​អារ​ជំនួស​លោក នៅពេល​ចាំបាច់​។ ការិយាល័យ Downing Street បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា មូលហេតុ​នៃ​ការផ្លាស់ប្តូរ​ទៅ​បន្ទប់ ICU គឺ​ត្រៀមលក្ខណៈ​នៅពេល​លោកនាយក​រដ្ឋមន្ត្រី ត្រូវការ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ដកដង្ហើម​។ 
 
​នាយករដ្ឋមន្ត្រី​វ័យ​៥៥​ឆ្នាំ​រូបនេះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃ​៥ ខែមេសា ខណៈ​រោគសញ្ញា COVID-19 លោក នៅតែ​មិនទាន់​ធូរស្រាល ១០​ថ្ងៃក្រោយ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​។ លោក​បានដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក​នៅ Downing Street ក៏ប៉ុន្តែ​សម្រេច​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​តាម​យោបល់​ពេទ្យ​។ 
 
​ខុសពី​លោក ច​ន​សុន លោក​រដ្ឋមន្ត្រី​សុខាភិបាល Matt Hancock និង​រាជទាយាទ​អង់គ្លេស ព្រះអង្គម្ចាស់ Charles ដែល​បាន​ឆ្លង​COVID-19 ដំណាល់គ្នា​នឹង​លោកនាយក​រដ្ឋមន្ត្រី​ដែរនោះ បានជា​សះស្បើយ​ហើយ​។ នាយករដ្ឋមន្ត្រី ច​ន​សុន ត្រូវបាន​រាយការណ៍​ថា​ពុំមាន​ជំងឺ​ប្រចាំកាយ​អ្វី​ឡើយ ក៏ប៉ុន្តែ​លោក​មាន​បញ្ហា​រឿង​ទម្ងន់​ខ្លួន​លោក​។  
 
​បណ្ដា​មេ​ដឹក​ពិភពលោក​ខ្លះ បាន​ផ្ញើ​សារ​ជូនពរ​លោក ច​ន​សុន ឲ្យ​ជាសះស្បើយ​ឲ្យ​បាន​លឿន ក្នុងនោះ​មាន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​, ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​ប្រមុខ​ក្រុមប្រឹក្សា​អឺរ៉ុប​, នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ និង​អ៊ីតាលី ជាដើម​។ បន្ថែម​ពីនេះ អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស អ្នកស្រី Theresa May ក៏បាន​ជូនពរ​លោកនាយក​រដ្ឋមន្ត្រី​ផងដែរ​។​
 
​គិត​ត្រឹម​ថ្ងៃ ៧ ខែមេសា ចក្រភព​អង់គ្លេស មាន​ករណី​ឆ្លង COVID-19 សរុប ៥១៦០៨​ករណី ខណៈ​អ្នក​ស្លាប់មាន ៥៣៧៣​នាក់ ហើយ​ជាសះស្បើយ​មាន ១៣៥​នាក់​។ អ្នកជំងឺ ១៥៥៩​នាក់​ស្ថិតក្នុង​បន្ទប់ ICU​។ នេះ​បើតាម​វេ​ប​សាយ worldometers.infor ដែល​តាមដាន​តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក​៕ 

Tag:
 ចក្រភព​អង់គ្លេស​
  បូរី​ស ច​ន​សុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com