COVID-19
អន្តរជាតិ
COVID-19៖ គ្មាន​ករណី​ស្លាប់​ជា​លើកដំបូង​នៅ​ចិន ចាប់តាំងពី​ខែមករា​កន្លងមក​
07, Apr 2020 , 10:48 am        
រូបភាព
ក្រុមបុគ្គលិកវេជ្ជសាស្រ្តរបស់ចិន។ រូបភាព៖ AFP
ក្រុមបុគ្គលិកវេជ្ជសាស្រ្តរបស់ចិន។ រូបភាព៖ AFP
​គណៈកម្មការ​សុខាភិបាល​ចិន នា​ថ្ងៃទី​៧ ខែមេសា បាន​អះអាងថា ចិន មិនមាន​ករណី​ស្លាប់​ដោយសារ ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ឡើយ​។ យ៉ាងណាក៏ដោយ​ក្នុង​ថ្ងៃ​ដដែល​នេះ ចិន​ក៏មាន​អ្នក​ឆ្លង COVID-19 ថ្មី ចំនួន ៣២​ករណី​ដែរ​។


 
​តាមរយៈ​ការផ្សាយ​តួលេខ​COVID-19 ប្រចាំថ្ងៃ​របស់​ចិន អាជ្ញាធរ​សុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣២​ករណី តែ​គ្មាន​ករណី​ស្លាប់​។ ចំនួន​នេះ គឺមាន​ការ​ថមថយ​បន្តិច បើ​ធៀប​នឹង​ថ្ងៃទី​៦ ខែមេសា ដែលមាន ៣៩​ករណី​។ តួលេខ​អ្នក​ផ្ទុក COVID-19 សរុប​នៅ​ចិន​មាន​ចំនួន ៨១៧៤០​ករណី ខណៈពេល​អ្នកជា​សះស្បើយ​មាន​រហូតដល់ ៧៧១៦៧​ករណី​ឯណោះ​។​
 
​ចិន សាទរ​ចំពោះ​លទ្ធផល​ដ៏​ល្អប្រសើរ​នៅក្នុង​ប្រទេស​របស់ខ្លួន នា​ថ្ងៃទី​៧ ខែមេសា​នេះ​។ បើតាម​អះអាង​របស់​អាជ្ញាធរ ចិនដីគោក​មិនមាន​ករណី​ស្លាប់​ដោយសារ​កូ​រ៉ូ​ណា​វីរុស​នោះទេ ហើយ​នេះ​កើតចេញពី​ការខិតខំ​របស់​ចិន​កន្លងមក ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺឆ្លង​ប្រភេទ​ថ្មី​នេះ​។ នេះ​គឺជា​លើកដំបូង​របស់​ចិន ដែល​មិនមាន​ករណី​ស្លាប់​ចាប់តាំងពី​ដើមខែ​មករា​កន្លងមក​។

បើតាម​វេ​ប​សាយ​Worldometer សម្រាប់​ករណី​ស្លាប់​ដោយសារ COVID-19 សរុប​នៅ​ចិនដីគោក គឺ​នៅ​ទ្រឹង​ត្រឹម​ចំនួន ៣៣៣១​ករណី​ប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ ស្ថានភាព​COVID-19 នៅក្នុង​ប្រទេស​ចិន គឺមាន​ស្ថានភាព​ធូរស្បើយ​យ៉ាងខ្លាំង បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន នៅ​អឺរ៉ុប និង​អាមេរិក​ជាដើម ដែល​កំពុងតែ​រងគ្រោះ និង​មាន​អ្នកស្លាប់​យ៉ាងច្រើន​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com