COVID-19
ជាតិ
សម្ដេច ហ៊ុន សែន៖ លទ្ធភាពប្រកាសអាសន្នដោយសារCOVID-19 មានតែ ០,១ភាគរយ
× ភ្នំពេញ៖ លទ្ធភាពដាក់ប្រទេសក្នុងគ្រាអាសន្នដោយសារCOVID-19 គឺមានតិចតួចណាស់។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី៧ មេសា។
ឆ្លើយនឹងសំនួរអ្នកសារព័ត៌មាន សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន មិនមែនចេះតែអនុវត្តតាមការនឹកឃើញ ឬចង់បាននោះទេ ។ សម្ដេច ដែលធ្លាប់ជួបស្ថានភាពដាក់ប្រទេសក្នុងគ្រាអាសន្ននេះ បានបញ្ជាក់ថា ការប្រកាសអាសន្ន វានឹងផ្ដល់ផលលំបាកគ្រប់យ៉ាងដល់ពលរដ្ឋនៅក្នុងប្រទេស។
ងាកមកនិយាយពីស្ថានភាពជំងឺCOVID-19នេះ នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងបរិបទនៃជំងឺនេះ មិនទាន់ដល់គម្រិតធ្ងន់ធ្ងរឡើយ ដូច្នេះលទ្ធភាពប្រកាសអាសន្នដោយសារCOVID-19 មានតែ ០,១ភាគរយប៉ុណ្ណោះ។
ច្បាប់ស្តីពីការគ្រប់គ្រងប្រទេស បានបញ្ជូនដល់ដៃរដ្ឋសភាពិនិត្យហើយ បន្ទាប់ពីរដ្ឋសភាពិនិត្យ និងអនុម័តរួច នឹងបញ្ជូនទៅព្រឹទ្ធភាព មុននឹងថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា។ នេះជាការបង្ហើបរបស់សម្ដេច ហ៊ុន សែន៕
© រក្សាសិទ្ធិដោយ thmeythmey.com