COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​នូ​វែ​ល​សេ​ឡង់​សុំលាលែង ក្រោយ​ល្មើស​បញ្ជា​បិទ​ប្រទេស​
07, Apr 2020 , 12:20 pm        
រូបភាព
រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ David Clark (AFP)
រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ David Clark (AFP)
ដោយ:
​រដ្ឋមន្ត្រី​សុខាភិបាល​នូ​វែ​ល​សេ​ឡង់ David Clark បានដាក់​ពាក្យសុំ​លាលែង​តំណែង​ទៅកាន់​នាយករដ្ឋមន្ត្រី ក្រោយ​សារភាពថា លោក​បានធ្វើ​ដំណើរ​ចម្ងាយ​២០​គីឡូម៉ែត្រ​ជាមួយ​គ្រួសារ​លោក​ទៅ​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​។ យ៉ាងណាមិញ តំណែង​លោក ត្រូវបាន​ធានា​មួយរយៈ​សិន ពោលគឺ​រហូតដល់​ស្ថានការណ៍​ធូរស្រាល ទើប​គិតគូរ​ដកហូត​។



​លោក​រដ្ឋមន្ត្រី Clark អះអាងថា ដំណើរការ​កម្សាន្ត​លក្ខណៈ​គ្រួសារ​របស់លោក​នេះ គឺ​ល្មើសបទបញ្ជា​បិទ​ប្រទេស​ដ៏​តឹងរ៉ឹង ដែល​គ្រួសារ​នូ​វែ​ល​សេ​ឡង់​ទាំងអស់​តម្រូវ​ឲ្យ​នៅផ្ទះ ហើយ​ជាពិសេស​នោះ ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​សុខាភិបាល លោក​គប្បី​ធ្វើជា​គំរូ​សម្រាប់​ពលរដ្ឋ​។

​ក្នុង​សេចក្តីថ្លែងការណ៍ លោក David Clark បញ្ជាក់​ដូ​ច្នះ​ថា​៖​នៅពេលដែល​យើង​ស្នើសុំ​ពលរដ្ឋ​នូ​វែ​ល​សេ​ឡង់​ធ្វើ​ពលី​កម្ម​ជា​ប្រវត្តិសាស្ត្រ ខ្ញុំ​បានធ្វើ​ឲ្យ​ពួកគេ​ខកចិត្ត​»​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោ​ល​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​ពិតជា​ល្ងីល្ងើ​ណាស់ ហើយ​ខ្ញុំ​ដឹងថា ប្រជាជន​នឹង​ខឹងសម្បា​ជាមួយ​ខ្ញុំ​»​។​

​ឆ្លើយតប​នឹង​រឿងនេះ នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ អ្នកស្រី Jacinda Ardern លើកឡើងថា នៅពេល​ស្ថានការណ៍ COVID-19 វិល​មក​សភាព​ធម្មតា​ឡើងវិញ អ្នកស្រី​នឹង​ដកហូត​តំណែង​លោក​រដ្ឋមន្ត្រី Clark ចោល​។ យ៉ាងណាមិញ បច្ចុប្បន្ន អ្នកស្រី​សម្រេច​គ្រាន់តែ​ទម្លាក់​ឋានន្តរសក្តិ​លោក​ក្នុង​គណៈរដ្ឋមន្ត្រី និង​ដកហូត​លោក​ចេញពី​តួនាទី​មួយ​ពាក់ព័ន្ធ​នឹង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។

​ត្រង់ចំណុច​នេះ អ្នកស្រី​នាយករដ្ឋមន្ត្រី និយាយ​ដូច្នេះ​ថា​៖«​អ្វីដែល​លោក​បាន​ប្រព្រឹត្ត​គឺជា​រឿង​ខុសឆ្គង ហើយ​វា​គ្មាន​ការលើកលែង​នោះឡើយ​។ ក៏ប៉ុន្តែ ស្ថានភាព​បច្ចុប្បន្ន អាទិភាព​ចម្បង​ខ្ញុំ​គឺ​រួម​ដៃ​ប្រយុទ្ធប្រឆាំង COVID-19​។ ម្ល៉ោះហើយ យើង​ពុំ​អាច​ទ្រាំទ្រ​ការបង្អាក់​យ៉ាង​ធំធេង​មួយ​ក្នុង​វិស័យ​សុខាភិបាល ឬ​ក្នុងការ​ឆ្លើយតប​យើង​ឡើយ​។ សម្រាប់​ហេតុផល​តែមួយគត់​នេះ លោក​វេជ្ជបណ្ឌិត Clerk នឹង​បន្ត​កាន់​តួនាទី​លោក​ដដែល​»​។​

​គិត​ត្រឹម​ថ្ងៃ ៧ ខែមេសា ប្រទេស នូ​វែ​ល​សេ​ឡង់ មាន​ករណី​ឆ្លង COVID-19 សរុប ១១៦០​ករណី ខណៈ​អ្នក​ស្លាប់មាន​១​ករណី ហើយ​ជាសះស្បើយ​មាន​២៤១​នាក់​។ អ្នកជំងឺ​ស្ថិតនៅ​សភាព​ធ្ងន់ធ្ងរ មាន​សរុប​៤​នាក់​។ នេះ​បើតាម​យោងតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន​តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក​៕


Tag:
 ​នូ​វែ​ល​សេ​ឡង់​
  David Clark
  COVID-19
  បិទ​ប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com