COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd និង Barca ផ្តល់កម្លាំងចិត្តឲ្យ Guardiola ក្រោយម្ដាយស្លាប់ដោយសារ COVID-19
× អ្នកស្រី Dolors Sala Carrio ម្តាយរបស់លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City បានទទួលមរណភាពក្នុងអាយុ៨២ឆ្នាំ ដោយសារឆ្លងជំងឺ COVID-19។ ក្លិបមេឃខៀវប្រកាសបែបនេះនៅថ្ងៃទី៦ ខែមេសា។ Manchester United និង Barcelona ស្ថិតនៅក្នុងចំណោមក្លិប និងកីឡាដែលចូលរួមរំលែកទុក្ខនៃមរភាពនេះ។
«គ្រួសារក្លិប Man City សម្តែងការខកចិត្តយ៉ាងខ្លាំងក្រោយលឺដំណឹងមរណទុក្ខរបស់ម្តាយលោក Guardiola អ្នកស្រី Dolors Sala Carrio ដែលបានស្លាប់នៅឯតំបន់ Manresa ក្នុងក្រុង Barcelona អេស្ប៉ាញ បន្ទាប់ពីឆ្លងជំងឺឆ្លង Guardiola»។ Man City សរសេរសាររំលែកទុក្ខបែបនេះទៅកាន់អ្នកចាត់ការទូទៅខ្លួន។
ការកើនឡើងនៃអ្នកឆ្លងជំងឺរលាកសួតបង្កដោយកូរ៉ូណាប្រភេទថ្មីនៅប្រទេសអេស្ប៉ាញ គិតត្រឹមទី៧ ខែមេសា មានការកើនឡើងដល់ជាង១សែននាក់ និងស្លាប់ជាង១ម៉ឺននាក់។ ក្រុង Barcelona ស្ថិតនៅក្នុងតំបន់ស្វយ័ត Catalonia ជាតំបន់មួយក្នុងចំណោមតំបន់នានានៅប្រទេសអេស្ប៉ាញដែលមានចំនួនករណីឆ្លងដោយការប្រមូលផ្តុំច្រើនបំផុត។
លោក Pep Guardiola និងម្តាយរបស់លោកអ្នកស្រី Dolors Sala Carrio
កាលពីខែមុនអ្នកចាត់ការ Man City រូបនេះបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ១ លានអឺរ៉ូ (១,០៨លានដុល្លារអាមេរិក) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ COVID-19។ ថវិកាទាំងនេះ ត្រូវយកទៅទិញឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារការពារសម្រាប់បុគ្គលិកដែលចូលរួមក្នុងការព្យាបាលអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅតំបន់ស្វយ័ត Catalonia ដែលជាទីកំណើតរបស់លោក Guardiola និងម្តាយលោករស់នៅ។
ជុំវិញការស្លាប់របស់អ្នកស្រី Sala Carrio ក្លិប Man Utd ក៏បានចូលរួមរំលែកទុក្ខផងដែរ។ បិសាចក្រហម បានបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយបង្ហាញសេចក្តីក្រៀមក្រំក្រោយដំណឹងដ៏គួរឲ្យភ័យខ្លាចនេះថា៖« យើងសូមចូលរួមរំលែកទុក្ខដ៏ស្មោះអស់ពីចិត្តដល់លោក Pep និងក្រុមគ្រួសាររបស់គាត់»។
ក្រុម Barcelona នៃក្របខណ្ឌ La Liga ក៏ចូលរួមរំលែកទុក្ខ ទៅកាន់អតីតអ្នកចាត់ការរបស់ពួកគេផងដែរ។ ក្លិបបញ្ជាក់ថា៖ «យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់របស់អ្នកស្រី Dolors Sala ក្នុងគ្រាលំបាកនេះ ហើយយើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាពិសេសដល់លោក Pep Guardiola ក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់»។
Guardiola អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ៤៩ឆ្នាំ បានឡើងទៅដឹកនាំក្រុម Manchester City កាលពីខែកក្កដា ឆ្នាំ ២០១៦ បន្ទាប់ពីប្រកបអាជីពជាអ្នកចាត់ការឲ្យក្រុម Barcelona និង Bayern Munich នៅអាល្លឺម៉ង់៕
Tag:
COVID-19
Dolors Sala Carrio
Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com