COVID-19
អន្តរជាតិ
ចិន សន្យាជួយឡាវគ្រប់បែបយ៉ាងក្នុងវិធានការប្រយុទ្ធប្រឆាំងវីរុស Covid-19
× ប្រធានាធិបតីចិន និងប្រធានាធិបតីឡាវ នៅថ្ងៃ៣ មេសាកន្លងទៅ បានមានកិច្ចសន្ទនាមួយជាមួយគ្នាដោយបានពិភាក្សាលើបញ្ហាមួយចំនួនរួមមានពាក់ព័ន្ធនឹងជំហរដឹកនាំរបស់បក្សកុម្មុយនីស្តទាំងពីរ ក៏ដូចជាស្វែងយល់ពីទុក្ខលំបាករបស់ប្រទេសទាំងពីរក្នុងដំណាក់កាលនៃការរីករាលដាលនៃវីរុស Covid-19។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោកប្រធានាធិបតីចិន Xi Jinping តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទនេះ បង្ហាញពីសមានចិត្តរបស់ចិនទៅកាន់លោកប្រធានាធិបតីឡាវ Bounnhang Vorachit ក្នុងដំណាក់កាលនៃវិបត្តិបង្កដោយវីរុស Covid-19។ លោកប្រធានាធិបតី Xi បានលើកឡើងថា លោក ពិតជាយល់ពីផលលំបាករបស់ឡាវ ក្នុងការអនុវត្តវិធានការការពារ និងទប់ស្កាត់នៃការរីករាលរបស់វីរុសនេះ។
ក៏ប៉ុន្តែជាមួយគ្នានេះ ប្រមុខដឹកនាំកំពូលចិនរូបនេះ បានគូសបញ្ជាក់ថា ចិនមិនបោះបង់ឡាវឡើយ។ លោក អះអាងថា ចិន នឹងបន្តគាំទ្របក្សកុម្មុយនីស្តឡាវ និងរដ្ឋាភិបាល ក៏ដូចប្រជាជនឡាវ ឥតងាករេ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។
បន្ថែមលើការបញ្ជូនក្រុមគ្រូពេទ្យជំនាញ និងសម្ភារវេជ្ជសាស្ត្រសម្រាប់ផ្គត់ផ្គង់លើការអនុវត្តវិធានការទប់ស្កាត់ និងការពារវីរុសដែលបានធ្វើកន្លងមក លោកប្រធានាធិបតី Xi ក៏បានប្រកាសផងដែរថា ចិន នឹងបន្តធ្វើគ្រប់បែបយ៉ាង ដើម្បីគាំទ្រ និងជួយឡាវ តាមតម្រូវការជាក់ស្តែង ដែលឡាវត្រូវការ។
លោក ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តឡាវ ដែលមានលោកប្រធានាធិបតី Bounnhang ជាប្រមុខ ប្រជាជនឡាវ នឹងអាចយកជ័យជម្នះបានលើការប្រយុទ្ធប្រឆាំងនឹងវិបត្តិនៃវីរុសរាតត្បាតមួយនេះ។
តបជាមួយនឹងការលើកឡើងរបស់សមភាគីចិន លោកប្រធានាធិបតី Bounnhang បានថ្លែងពីការដឹងគុណរបស់ប្រមុខដឹកនាំចិនចំពោះឡាវ។ លោក ចាត់ទុក ការជួយមកលើឡាវក្នុងគ្រាលំបាកនេះ បានបង្ហាញពីចំណងមិត្តភាព ដែលមិនអាចកាត់ផ្តាច់បានរវាងប្រទេសទាំងពីរ។ លោក បានប្តេជ្ញា បន្តពង្រឹងភាពទុកចិត្តនយោបាយ ជាមួយនឹងចិន ក៏ដូចជាពន្លឿនការអនុវត្តផែនការសកម្មភាពនានាគ្រប់វិស័យជាមួយនឹងចិនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com