នៅថ្ងៃទី៦ មេសា ឥណ្ឌូណេស៊ីបានប្រកាសពីកំណើនអ្នកឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃច្រើនបំផុត និងការកើនឡើងករណីស្លាប់។ ក្នុងចំណោមអ្នកស្លាប់នេះ មានគ្រូពេទ្យ២៤នាក់ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៍មាន Reuters ។
ការកើនឡើងនៃចំនួនអ្នកស្លាប់ក្នុងចំណោមគ្រូពេទ្យបានកើនឡើងទ្វេដង ចាប់តាំងតែពីសប្តាហ៍មុនមក ក្រោយមានការរិះគន់លើកង្វះខាតឧបករណ៍ការពារខ្លួន។
ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅឥណ្ឌូណេស៊ីបានកើនឡើងដល់ ២,៤៩១នាក់ បន្ទាប់ពីមានអ្នកឆ្លងបន្ថែមថ្មីនៅថ្ងៃទី៦ មេសាមានចំនួន២១៨នាក់ ។ រីឯចំនួនអ្នកស្លាប់បានកើនឡើងដល់ ២០៩ ករណី ដែលជាចំនួនច្រើនបំផុតនៅអាស៊ី បន្ទាប់ពីចិន។
លោក Halik Malik អ្នកនាំពាក្យសមាគមគ្រូពេទ្យនិយាយថា និន្នាការដែលវេជ្ជបណ្ឌិតស្លាប់ នឹងកើនកប់ពពក ហើយហានិភ័យដែលបុគ្គលិកពេទ្យអាចឆ្លង COVID-19នៅតែមាន តែចំនុចសំខាន់បុគ្គលិកពេទ្យទាំងអស់នោះត្រូវការឧបករណ៍ការពារខ្លួន។
ទាក់ទងអ្នកស្លាប់នេះដែរ ក្រុមអង្គការសិទ្ធិមនុស្ស រួមមានអង្គការលើកលែងទោសអន្តរជាតិ បានសម្តែងការព្រួយបារម្ភចំពោះអត្រាស្លាប់ខ្ពស់ក្នុងចំណោមបុគ្គលិកពេទ្យ។ អ្នកជំនាញសុខាភិបាលបានចង្អុលថា ភាគរយខ្ពស់នៃអ្នកស្លាប់ ជាសញ្ញាដែលការផ្ទុះនៃជំងឺ មានច្រើនជាងចំនួនច្រើនជាងទិន្ន័យរបស់មន្ត្រីសុខាភិបាល។
ទីភ្នាក់ងារស៊ើបការឥណ្ឌូណេស៊ីបានព្រមានថា ចំនួនអ្នកឆ្លងអាចនឹងកើនឡើងច្រើនបំផុតនៅរយៈពេល៣ខែ ខាងមុខ ពោលគឺលើសពី ១សែនករណីនៅខែកក្កដា។ លោកប្រធានាធិបតី ចូកូ វីដូដូ នៅពីថ្ងៃទី៦ មេសា បានប្រាប់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថាឧបករណ៍ការពារខ្លួនត្រូវបានចែកជូននៅជុំវិញប្រទេស ចំណែកឯមន្ត្រីមូលដ្ឋានតម្រូវឲ្យពិនិត្យការមកដល់នៃឧបករណ៍ទាំងនោះ។
មកដល់ពេលនេះ បុគ្គលិកពេទ្យឥណ្ឌូណេស៊ីកំពុងខ្វះឧបករណ៍ការពារខ្លួន ដែលគ្រូពេទ្យពេលខ្លះបង្ខំចិត្តពាក់អាវភ្លៀង និងប្រើម៉ាស់ដែលផលិតខ្លួនឯង។ មិនតែប៉ុណ្ណោះកង្វះខាតគ្រែពេទ្យ បុគ្គលិកពេទ្យ និងបរិក្ខាគ្រោះបន្ទាន់ បង្កើតជាបញ្ហាបារម្ភសម្រាប់ប្រព័ន្ធសុខាភិបាលឥណ្ឌូណេស៊ីផងដែរ។
ប្រធានក្រុមការងារកូរ៉ូណាវ៉ីរុសរបស់រដ្ឋាភិបាល បានប្រាប់សភាថាយ៉ាងតិចណាស់ខេត្តចំនួន១០ ខ្វះខាតបរិក្ខារ COVID-19។
កាលពីប៉ុន្មានសប្តាហ៍ កន្លងទៅ ឥណ្ឌូណេស៊ីបានបម្លែងអតីតជំរុំជនភៀសខ្លួនដែលគ្មានមនុស្សនៅលើកោះស៊ូមាត្រា និងភូមិកីឡាទៅជាកន្លែងព្យាបាល COVID-19៕