COVID-19
កីឡាជាតិ
ជាតិ
សហព័ន្ធអនុញ្ញាតឲ្យរៀបកម្មវិធីប្រដាល់ឡើងវិញ តែក្នុងលក្ខខណ្ឌបិទទ្វារ តាមអនុសាសន៍នាយករដ្ឋមន្ត្រី លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ
× សហព័ន្ធកីឡាប្រដាល់គុនខ្មែរ អនុញ្ញាតឲ្យស្ថានីយទូរទស្សន៍ទាំងអស់បើកសង្វៀនប្រដាល់ឡើងវិញ ក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកភ្លើងបៃតង។ ប៉ុន្តែការប្រកួតត្រូវរៀបចំដោយបិទទ្វារ និងស្ថិតក្រោមការរឹតដ្បិតផ្នែកសុវត្ថិភាព។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចឲ្យស្ថានីយទូរទស្សន៍ទាំងអស់បើកសង្វៀនប្រដាល់ឡើងវិញ ក្រោយសម្រាកបានប្រមាណពីរសប្តាហ៍។ ទោះបីអនុញ្ញាតឲ្យបើកសង្វៀនប្រដាល់ឡើងវិញក៏ពិតមែន តែការប្រកួតត្រូវរៀបចំដោយបិទទ្វារ ពោលគឺមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាផ្ទាល់នោះទេ។
ការសម្រេចរបស់លោក តែម ម៉ឺន ធ្វើឡើងក្រោយការផ្តល់អនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហានេះ។ «យើងបានបញ្ឈប់អាក្លិបរាត្រី ខារ៉ាអូខេនិងការប្រគំតន្ត្រីតាមទីសាធារណៈផ្សេងៗ ប៉ុន្តែយើងអនុញ្ញាតឲ្យមានការផ្សាយបន្តផ្ទាល់នូវការប្រគំតន្ត្រី ឬជាកីឡាប្រដាល់ តែត្រូវបិទទ្វារវ៉ៃគ្នា កុំឲ្យមានប្រជាពលរដ្ឋចូលទស្សនា។ ព្រោះប្រជាពលរដ្ឋត្រូវការមើលការប្រគំតន្ត្រីនិងវាយបុកកុំឲ្យអផ្សុក»។ សម្តេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះនាសន្និសីទកាសែតស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា សម្តេចមិនបានបញ្ជាឲ្យបិទសង្វៀនប្រដាល់តាមស្ថានីយទូរទស្សន៍នោះទេ។ សម្តេចបានលើកឡើងដូច្នេះថា៖«តាមពិតយើងមិនហាមឃាតអារឿងវាយបុក(ប្រដាល់)នោះទេ តែលោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់ គាត់សម្រេចធ្វើអានឹង(បិតប្រដាល់)។ ប៉ុន្តែវាអត់មានមនុស្សច្រើនទេ បើវាយ៥គូមានមនុស្ស១០នាក់..មុននឹងវ៉ៃបើអ្នកណាមានកូវីដ-១៩ គេមិនឲ្យវ៉ៃនោះទេ កុំទៅឆ្ងល់ពេក។ អ្នកឲ្យទឹក ពេទ្យ ចៅក្រម តែប៉ុន្មាននាក់នឹង និយាយឲ្យអស់ទៅ៣០នាក់ រួចឲ្យគាត់អង្គុយឃ្លាតៗគ្នា ហើយផ្សាយផ្ទាល់ឲ្យប្រជាពលរដ្ឋមើលទៅ»។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ស្ថានីយទូរទស្សន៍ចំនួន៥រួមមាន Bayon, PNN, CNCC, SEA TV និង Town បានដាក់សំណើរទៅសហព័ន្ធ ដើម្បីសុំបើកសង្វៀនប្រដាល់ឡើងវិញ។ ប៉ុន្តែត្រូវបានសហព័ន្ធបដិសេធ ក្រោមហេតុផលបារម្ភពីការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគកូវីដ-១៩។
ការដាក់សំណើររបស់ស្ថានីយទូរទស្សន៍ទាំងនេះ ធ្វើឡើងក្រោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសបិទសង្វៀនប្រដាល់ទាំងអស់ទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ក្រោមហេតុផលបារម្ភពីការរីករាលដាលនៃកូវីដ-១៩៕
Tag:
ប្រដាល់គុនខ្មែរ
តែម ម៉ឺន
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com