ក្លិប Liverpool បានប្តូរការសម្រេចចិត្តរបស់ខ្លួនវិញដោយមិនកាត់ប្រាក់ឈ្នួលរបស់បុគ្គលិកឡើយអំឡុងពេលឈប់សម្រាកបណ្តោះអាសន្នដោយសារ COVID-19 និងថែមទាំងសុំទោសអ្នកគាំទ្ររបស់ពួកគេផង។
កាលពីថ្ងៃទី៤ ខែមេសា ក្លិបរហ្សនាមហង្សក្រហម បានប្រកាសថាពួកគេនឹងអនុវត្តតាមគម្រោងការងារដោយផ្តល់មូលនិធិពន្ធដល់រដ្ឋាភិបាលអង់គ្លេសតាមរយៈការកាត់ប្រាក់ឈ្នួលបុគ្គលិកចំនួន២០ភាគរយ។ ប៉ុន្តែការលើកឡើងបែបនេះបានធ្វើឲ្យមានប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាទ្រ រួមទាំងអតីតកីឡាកររបស់ខ្លួនផង។
Liverpool ជាក្លិបទី ៥ នៃក្របខណ្ឌ Premier League ដែលបានសម្រេចកាត់ប្រាក់ខែបុគ្គលិក អំឡុងវិបត្តិជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី ខណៈលីគត្រូវផ្អាកសម្រាប់ការប្រកួតដែលនៅសល់រហូតដល់ខែមិថុនា ឆ្នាំ២០២០។
យ៉ាងណាក៏ដោយ ក្រោយមានការរិះគន់ខ្លាំងៗដោយមានការផ្ញើជាសំបុត្រពីអ្នកគាំទ្រផងនោះ Liverpool បានបើកកិច្ចប្រជុំដោយមានម្ចាស់ក្លិប និងម្ចាស់ហ៊ុនផង ក៏បានសម្រេចផ្លាស់ប្តូរគំនិតខាងលើនេះវិញហើយផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិកពេញលេញទោះគ្មានការប្រកួតក្តី។
លោក Peter Moore នាយកប្រតិបត្តិក្លិបហង្សក្រហមបាននិយាយថា ៖«យើងទទួលស្គាល់ថាយើងបានសន្និដ្ឋាន និងសម្រេចចិត្តខុសកាលពីសប្តាហ៍មុន ហើយពិតជាសោកស្តាយចំពោះរឿងនោះ»។ លោកបានបន្ថែមថាក្លិបបានជ្រើសរើសរកមធ្យោបាយផ្សេងដើម្បីបើកប្រាក់ខែឲ្យបុគ្គលិកតាមធម្មតា។
ម្ចាស់ជើងឯកក្របខណ្ឌកំពូលអឺរ៉ុប Champions League ឆ្នាំ២០១៩ ជាក្លិបកីឡាបាល់ទាត់ដែលមានជាងគេលំដាប់ថ្នាក់ទី៧ពិភពលោក និងទទួលបានប្រាក់ចំណេញចំនួន ៤២លានផោន (៥២លានដុល្លារអាមេរិក) កាលពីឆ្នាំមុន។
Newcaslte United, Tottenham Hotspur, Bournemouth និង Norwich City សុទ្ធតែបានប្រកាសកាត់ប្រាក់ឈ្នួលបុគ្គលិក២០ភាគរយក្រោមហេតុផលការពារអនាគតក្លិបដោយវិបត្តិ COVID-19។
ដោយឡែក ក្លិប Manchester United និង Manchester City បានចេញមុខបញ្ជាក់ហើយថា ក្លិបនឹងមិនកាត់ប្រាក់ឈ្នួលបុគ្លលិកខ្លួនមួយសេនឡើយ បើទោះគ្មានការប្រកួតក៏ដោយ៕