COVID-19
អន្តរជាតិ
WHO៖ ពិភពលោក ខ្វះខាតគិលានុបដ្ឋាកចំនួន៦លាននាក់
× អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៦ ខែមេសា បានព្រមានពីការខ្វះខាតពេទ្យ ស្របពេលដែលពិភពលោកកំពុងរួមរឹតដោយសារជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19)។ ក្នុងរបាយការណ៍រួមគ្នាមួយ WHO អះអាងថា ពិភពលោកទាំងមូលនៅខ្វះខាតគិលានុបដ្ឋាកដល់ទៅជិត៦លាននាក់ឯណោះ ខណៈពួកគេជាអ្នកឈរជួរមុខគេនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ។
អង្គការសុខភាពពិភពលោក និងអង្គការដៃគូមាន Nursing Now និងក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ បានចេញផ្សាយរបាយការណ៍រួមគ្នាដោយបានបញ្ជាក់ពីសារសំខាន់របស់គិលានុបដ្ឋាក ដែលមានចំនួនសរុបមានច្រើនជាងពាក់កណ្ដាលនៃគ្រូពេទ្យទាំងអស់។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានកត់សម្គាល់ពីតួនាទីដែលមិនអាចខ្វះបានរបស់គ្រូពេទ្យទាំងនេះក្នុងវិស័យសុខាភិបាល។
«គិលានុបដ្ឋាក ជាឆ្អឹងខ្នងដ៏សំខាន់នៃគ្រប់ប្រព័ន្ធសុខាភិបាល។» លោក Tedros បញ្ជាក់បែបនេះដោយបន្តថា បច្ចុប្បន្ន គិលានុបដ្ឋាកទាំងអស់ នៅជួរមុខក្នុងសមរភូមិប្រឆាំង COVID-19 ហើយពួកគេពិតជាត្រូវការជំនួយចាំបាច់ដើម្បីរក្សាពិភពលោកឲ្យមានសុខភាពល្អ។
ក្នុងរបាយការណ៍រួមគ្នា ចំនួនគិលានុបដ្ឋាកនៅលើពិភពលោកមានក្រោម២៨លាននាក់។ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ចំនួនគិលានុបដ្ឋាកបានកើនប្រមាណ៤,៧លាននាក់។ យ៉ាងណាមិញ WHO អះអាងថា ចំនួនគិលានុបដ្ឋាកនៅខ្វះខាតចំនួន៥,៩លាននាក់ទៀត ខណៈគម្លាតមានយ៉ាងធំនៅបណ្ដាប្រទេសក្រីក្រនៅអាហ្វ្រិក អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
អ្នកស្រី Mary Watkins សហប្រធានមកពី Nursing Now ដែលសរសេររបាយការណ៍នេះ បានស្នើឲ្យមានការវិនិយោគបន្ទាន់លើការធ្វើតេស្តរកវីរុសសម្រាប់បុគ្គលិកសុខាភិបាល។ បើតាមអ្នកស្រី Watkins គ្រូពេទ្យជាច្រើន មិនទៅធ្វើការឡើយ ព្រោះបារម្ភថា ពួកគេឆ្លង COVID-19 ឬក៏មិនដឹងថា មានវីរុសក្នុងខ្លួនឬយ៉ាងណា។
ក្រៅពីរឿង COVID-19 មន្ត្រី Nursing Now ក៏លើកឡើងថា ប្រទេសអ្នកមានជាច្រើន មិនបានបង្កើនចំនួនគិលានុបដ្ឋាកដើម្បីបំពេញតម្រូវការរបស់ខ្លួន ហើយពឹងផ្អែកលើប្រទេសផ្សេងដើម្បីនាំចូលគ្រូពេទ្យបន្ថែមដូចជាមកពីឥណ្ឌា និងហ្វីលីពីន។ លើសពីនោះ គិលានុបដ្ឋាកជាច្រើន នៅតែមានភាគរយច្រើនជាស្ត្រី ដែលការណ៍នេះតម្រូវឲ្យមានការរើសបុរសបន្ថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com