COVID-19
ជាតិ
ក្រោយចូលឆ្នាំ ក៏សាលារៀនទំនងជាមិនទាន់អាចដំណើរការឡើងវិញបាននោះឡើយ សាលាបឋសិក្សា វត្តសន្សំកុសល
× ភ្នំពេញ៖ ដោយយោងតាមស្ថានការណ៍វិវត្តជំងឺកូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន សម្ដេច ហ៊ុន សែន សន្និដ្ឋានថា សិស្ស-និស្សិត មិនទាន់អាចចូលរៀនវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរឡើយ។
ក្នុងសន្និសីទស្តីពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅវិមានសន្តិភាព នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល ថ្លែងថា៖«...ប្រហែលជាមិនអាចបើកសាលារៀន ក្រោយចូលឆ្នាំបានទេ បើយោងទៅតាមស្ថានការណ៍វិវត្តបែបនេះ ឆ្នាំនេះការរៀន អាចជួបការលំបាក»។
ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល អំពាវនាវជាថ្មី កុំឱ្យមានការប្រមូលផ្ដុំ តាមទីកន្លែងផ្សេងៗ ឬវត្តអារាមជាដើម។ ប៉ុន្តែមិនមែនមានន័យថា បិទវត្តអារាមឬព្រះវិហារឡើយ។
ត្រឹមថ្ងៃទី៧ ខែមេសានេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ ១១៥នាក់ ដោយក្នុងនោះមានអ្នកជាសះស្បើយ៥៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com