COVID-19
អន្តរជាតិ
សិង្ហបុរី នឹងបង្កើតច្បាប់ពិសេសដើម្បីអាចរៀបចំការបោះឆ្នោតអំឡុងពេល COVID-19 រូបភាព៖ ST FILE
× នាថ្ងៃទី៧ ខែមេសា សំណើច្បាប់បោះឆ្នោតពិសេសរបស់សិង្ហបុរី ត្រូវបានគេដាក់បញ្ជូនទៅសភាជាលើកដំបូង ដើម្បីពិភាក្សាពីនីតិវិធីនៃការបោះឆ្នោត ក្នុងអំឡុងពេលរាតត្បាតនៃ ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។
សំណើច្បាប់ ស្តីពីការការបោះឆ្នោតសភាក្នុងកាលៈទេសៈ COVID-19 ត្រូវបានរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Chan Chun Sing ដាក់ជូនទៅសភានាថ្ងៃទី៧ មេសា ដើម្បីជជែកពិភាក្សាជុំវិញនីតិវិធីនៃការបោះឆ្នោត ក្នុងពេលផ្ទុះ COVID-19។
តាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia សំណើច្បាប់ថ្មីនេះ ក៏បានចែងពីវិធានការប្រើប្រាស់ក្នុងគ្រាអាសន្ន សម្រាប់ការការបោះឆ្នោតដែលត្រូវរៀបចំឡើងឲ្យបានមុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ជាកំហិត។ ប៉ុន្តែ ច្បាប់ថ្មីនេះ នឹងប្រើសម្រាប់តែការបោះឆ្នោតនាអាណត្តិក្រោយតែប៉ុណ្ណោះ ហើយការបោះឆ្នោតផ្សេងទៀត នឹងមិនត្រូវយកច្បាប់នេះមកអនុវត្តឡើយ។
បើតាមសំណើច្បាប់ស្តីពីការការបោះឆ្នោតសភាក្នុងកាលៈទេសៈ COVID-19 អ្នកគ្រប់អាយុបោះឆ្នោតទាំងអស់ នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីផ្ទះ ដើម្បីទៅបោះឆ្នោតនៅមណ្ឌលរបស់ខ្លួន បើទោះបីជាស្ថិតក្នុងបំរាមគោចរក៏ដោយ។ ចំណែកបុគ្គលផ្សេងទៀត ដែលកំពុងដាក់ចត្តាឡីស័ក ឬមានផ្ទុកCOVID-19 អាចប្រគល់សិទ្ធិឲ្យអ្នកតំណាងម្នាក់ បោះឆ្នោតជំនួសបាន។
សំណើច្បាប់ថ្មីនេះ ត្រូវគេរំពឹងថា នឹងយកទៅពិភាក្សាជាលើកទីពីរក្នុងការប្រជុំសភានាពេលខាងមុខ។
ប្រាប់ទៅអ្នកសារព័ត៌មានជុំវិញគម្រោងច្បាប់មួយនេះ លោក Chan បានបញ្ជាក់ថា សំណើច្បាប់មួយនេះ បានអនុញ្ញាតឲ្យនាយកដ្ឋានរៀបចំការបោះឆ្នោត (ELD) មានសិទ្ធិរៀបចំបណ្តោះអាសន្នមួយ ដើម្បីធានាពីសុវត្តិភាពរបស់អ្នកបោះឆ្នោត បេក្ខជនបោះឆ្នោត និងមន្ត្រីសង្កេតការណ៍ក្នុងការបោះឆ្នោតជាដើម។
សូមបញ្ជាក់ថា នាពេលកន្លងមក នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ក៏បានលើកឡើងពីជម្រើសពីរ ក្នុងការរៀបចំបោះឆ្នោតគ្រាដែល COVID-19 កំពុងអុកឡុកនៅឡើយ។ ទីមួយ គឺរៀបចំក្រោយស្ថានភាពCOVID-19 បានចប់សព្វគ្រប់ និងមួយទៀត ក្នុងអំឡុងពេលមាន COVID-19។
គិតមកត្រឹមពេលនេះ សិង្ហបុរីមានករណី COVID-19 សរុប ១៣៧៥ករណី អ្នកស្លាប់ ៦ករណី និងអ្នកជាសះស្បើយ៣ ៤៤ករណី៕
Tag:
សិង្ហបុរី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com