COVID-19
ជាតិ
នាយករដ្ឋមន្ត្រី​៖ កូ​វីដ​-១៩ ធ្វើ​ឲ្យ​ទេសចរណ៍ និង​ឧស្សាហកម្ម ជួប​វិបត្តិ តែ​ជា​ឱកាស​សម្រាប់​កសិកម្ម
07, Apr 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងស្ថានភាព​ប្រទេសជាតិ កំពុង​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​-១៩ (COVID-19) សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ​នានា ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ទីផ្សារ​ក្នុងស្រុក​។  សម្តេច បាន​អះអាងថា ការដាំ​បន្លែ និង​ការ​ចិញ្ចឹមសត្វ គឺជា​ឱកាស​របស់​កសិករ ខណៈដែល​ផលិតផល​កសិកម្ម​ខាង​ក្រៅប្រទេស​មិនអាច​នាំចូល​បាន​។

 
​ក្នុង​សន្និសីទកាសែត​ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ថ្វី​ដ្បិត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម នៅ​កម្ពុជា ប៉ុន្តែ​វិបត្តិ​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​នោះទេ​។ ផ្ទុយទៅវិញ កលា​នុ​វត្ត​ភាព គឺមាន​សម្រាប់​វិស័យ​កសិកម្ម ដែល​តម្រូវ​ឲ្យ​ប្រជាជន​ដាំ​ដុះ​ផលិតផល​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​។​
 
​សម្តេច មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​ប្រើប្រាស់​ឱកាស​ដ៏​លំបាក​នេះ ក្លាយទៅជា​កលា​នុ​វត្ត​ភាព​សម្រាប់​វិស័យ​កសិកម្ម​របស់​កម្ពុជា ដែលមាន​កំណើន​យឺត​ក្នុង​រយៈពេល​កន្លងទៅ​»​។ 
 
​ក្នុង​មួយឆ្នាំៗ​កម្ពុជា​បាន​ចំណាយ​ថវិកា​មិន​ក្រោម​២០០​លាន​ដុល្លារ​ឡើយ ដើម្បី​នាំចូល​បន្លែ និង ផ្លែឈើ​ពី​ប្រទេសជិតខាង​។ ក្នុងនោះ កម្ពុជា​បាន​នាំ​បន្លែ​ពី​២០០​ទៅ​៤០០​តោន​ក្នុង​មួយថ្ងៃៗ ពី​វៀតណាម ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​សរុប​ជាង​១​ពាន់​តោន​។ ទន្ទឹមនឹង​ការនាំ​ចូល​ពី​វៀតណាម​ដ៏​ច្រើន​ប្រចាំថ្ងៃ​បែបនេះ ប្រជាពលរដ្ឋ​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង​ពី​សំណល់​ថ្នាំពុល​កសិកម្ម​គីមី នៅក្នុង​បន្លែ​ទាំងនោះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ 
 
​បច្ចុប្បន្ន  កម្ពុជា​អាច​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​ជា​មធ្យម ពី​៥០០​ទៅ​៦០០​តោន​ក្នុង​មួយថ្ងៃ​។  ក្នុងនោះ​មាន បន្លែ​សុវត្ថិភាព​២០​ទៅ​៣០​ភាគរយ និង​មាន​១០​ភាគរយ ជា​បន្លែ​សរីរាង្គ​។ 
 
​សូមបញ្ជាក់ ដើម្បី​ជៀសវាង​ការខ្វះ​ខ្វាត​ស្បៀង​ក្នុងស្រុក រដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក​នាំចេញ​អង្ក​រស ស្រូវ និង ត្រី ទៅ​ក្រៅប្រទេស​។ ប្រមុខ​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ ដើរ​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ ដោយ​រក្សា​តម្លៃ​ឲ្យ​បាន​សមរម្យ​។ ជាមួយគ្នានេះ រដ្ឋាភិបាល បាន​ត្រៀម​កញ្ចប់​ថវិកា សម្រាប់​ទិញ​អង្ករ​ពី​រោង​ម៉ាស៊ីនកិនស្រូវ​៕ 

Tag:
 COVID-19
  ដាំ​បន្លែ​
  ចិញ្ចឹមសត្វ​
© រក្សាសិទ្ធិដោយ thmeythmey.com