ភ្នំពេញ៖ បុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺជាឱកាសមួយនៃការជួបជុំគ្នាជាមួយឪពុកម្តាយ បងប្អូន មិត្តភក្តិ និងញាតិមិត្តជិតឆ្ងាយនានា ដើម្បីបង្កើតបរិយាកាសឬកម្មវិធីសប្បាយៗរួមគ្នា ក្នុងពិធីបុណ្យប្រពៃណីប្រចាំឆ្នាំនេះ។ ដោយឡែក បុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២០នេះ ដោយសារតែវិបត្តិជំងឺកូវីដ-១៩(COVID-19) បានធ្វើឱ្យយុវជនមួយចំនួនប្តេជ្ញាចិត្ត មិនមានការជួបជុំគ្នាណាមួយ ក្រៅពីសមាជិកក្នុងគ្រួសារឡើយ។
យុវជនទាំងនោះបានលើកឡើងថា ការធ្វើបែបនេះ គឺមិនមែនជាការរើសអើងទេ ប៉ុន្តែវាជាការរួមចំណែកក្នុងសង្គមនិងប្រទេសជាតិ ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ កុំឱ្យមានការចម្លងក្នុងសហគមន៍ជាយថាហេតុ។
«បើសិនខ្ញុំជួបជុំគ្នា គឺខ្ញុំជួបជុំតែជាមួយបងប្អូនដែលជាសាច់ឈាមជិតសិ្នទបំផុតរបស់ខ្ញុំ»។ លោក នួន ភារិន វិស្វករក្នុងក្រុមហ៊ុនសាងសង់អចលនទ្រព្យមួយកន្លែងនៅរាជធានីភ្នំពេញ បានអះអាងយ៉ាងដូច្នេះប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)។ លោកភារិន បានបន្តថា ក្នុងឱកាសឈប់សម្រាកពីការងារនៃពិធីបុណ្យចូលឆ្នាំខ្មែរ (ឆ្នាំ២០២០) លោកសម្រេចចិត្តមិនជួបជុំជាមួយមិត្តភក្តិឬបង្កើតទំនាក់ទំនងផ្ទាល់ណាមួយជាក្រុមដែលបង្កផលប៉ះពាល់សង្គម ក្នុងស្ថានភាពប្រទេសជាតិកំពុងប្រយុទ្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ។
ការសម្រេចចិត្តមិនជួបជុំគ្នា ឬប្រមូលផ្តុំមនុស្សច្រើន ក្នុងកម្មវិធីសប្បាយជាមួយសាច់ញាតិនិងមិត្តភក្ភិឬចាស់-ទុំក្នុងភូមិ របស់លោក ភារិន គឺបានឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ យុវជនវ័យ២៧ឆ្នាំដែលមានស្រុកកំណើតនៅខេត្តតាកែវរូបនេះនិយាយដូច្នេះ៖ «ក្នុងនាមយើងជាប្រជាពលរដ្ឋម្នាក់ យើងត្រូវជួយសង្គមដើម្បីបង្ការ និងទប់ស្កាត់នឹងមេរោគកូវីដ-១៩ ហ្នឹងដែរ»។
សម្រាប់ លោក ហង់ សុវ៉ោន ដែលមានស្រុកកំណើតនៅខេត្តព្រះវិហារ វិញ បានសោកស្តាយដែលមិនអាចជួបជុំឬចូលរួមកម្មវិធីនានាជាមួយសាច់ញាតិ-មិត្តភក្តិ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរថ្មីនេះ។ ពិសេសការលេងល្បែងប្រជាប្រិយខ្មែរ ដូចជាបោះអង្គញ់ ទាញព្រ័ត្រ ចោលឈូង...នៅតាមទីវត្តអារាមឬនៅក្នុងកម្មវីធីបុណ្យភូមិនានា និងការធ្វើដំណើរកម្សាន្តនៅតាមរមណីដ្ឋានក្នុងនិងក្រៅស្រុកនានា ជាមួយឪពុក-ម្តាយ បងប្អូន និងមិត្តភក្តិ ដែលតែងរៀបចំឡើងជារៀងរាល់ឆ្នាំ។
រូបភាពល្បែងប្រជាប្រិយទាំងនេះ ស្ថិតនៅក្នុងចិត្តលោក សុវ៉ោន ដែលសម្រេចផ្អាកការជួបជុំផ្ទាល់ខ្លួន ។«សម្រាប់ពិធីបុណ្យចូលឆ្នាំនេះ ខ្ញុំមានតែការជួបជុំជាមួយគ្រួសារ។ អត់មានការជួបជុំខាងក្រៅឡើយ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩។ ហើយគម្រោងជួបជុំនានាជាមួយមិត្តភក្តិក៏លុបចោលអស់ដែរ ដោយសារមិត្តភក្តិទាំងអស់ ក៏ចូលរួមការប្រយុទ្ធនឹងមេរោគហ្នឹងដែរ»។ នេះបើតាមលោក សុវ៉ោន។
លោក ឈឿន ឡុងឌី បានលុបគម្រោងដំណើរកម្សាន្តជិត-ឆ្ងាយជាមួយគ្រួសារ និងមិត្តភក្តិទាំងអស់ ដើម្បីការពារខ្លួនឯង គ្រួសារ និងអ្នកដទៃ ពីការឆ្លងកូវីដ-១៩។
យុវជនក្នុងខេត្តព្រៃវែងរូបនេះ បានបញ្ជក់ដូច្នេះថា៖«ការកាត់បន្ថយការជួបជុំគ្នាខាងក្រៅ គឺជាការរួមចំណែកមួយដល់កសង្គម ក្នុងការប្រយុទ្ធនឹងកូវីដ-១៩។ស្រុកទេសយើងកំពុងប្រឈមវិបត្តិកូវីដ-១៩អ៊ីចឹង យើងត្រូវតែចូលរួមគ្នាឆ្លងឱ្យផុតពីការឆ្លងមេរោគនេះ។ បើយើងឆ្លងផុតដោយមិនករណីឆ្លងមេរោគនេះ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺជាតិយើងរួចផុតពីវិបត្តិនេះហើយ»។
សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរនេះ គឺលោក ឡុងឌី នៅតែផ្ទះជុំជាមួយឪពុកម្តាយ បងប្អូន ដោយបង្កើតកម្មវិធីសប្បាយៗរួមគ្នា ធ្វើអាហារឆ្ងាញ់ៗពិសារួមគ្នា ច្រៀងលេងជាមួយគ្នា ដើម្បីបង្កើនទំនាក់ទំនងរវាងក្រុមគ្រួសារប៉ុណ្ណោះ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរតែងតែប្រារព្ធឡើង នៅថ្ងៃទី១៣,១៤,១៥មេសា ជារៀងរាល់ឆ្នាំ។ ពិធីបុណ្យប្រពៃណីប្រចាំឆ្នាំនេះ នៅតាមផ្ទះ តាមភូមិ និងនៅតាមទីវត្តអារាមនីមួយៗ ត្រូវបានប្រជាពលរដ្ឋរៀបចំតុបតែងលំអរគ្រឿងលំដាប់ និងផ្កាភ្ញីនានាដើម្បីទទួលទេវតាឆ្នាំថ្មី ជាមួយនឹងជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តសប្បាយផងដែរ។ ប៉ុន្តែសម្រាប់បុណ្យចូលខ្មែរ ក្នុងឆ្នាំ២០២០នេះ ហាក់ផ្ទុយស្រឡះ ដោយមានសភាពស្ងប់ស្ងាត់បែ្លកខុសពីពិធីបុណ្យចូលឆ្នាំខ្មែរមុនៗ ដោយសារតែបញ្ហាកូវីដ-១៩ បានបង្ខំចិត្តឱ្យពលរដ្ឋផ្អាកការជួបជុំឬប្រមូលផ្តុំគ្នា និងលុបចោលកម្មវិធីកម្សាន្តនានា ដើម្បីរួមគ្នាប្រយុទ្ធនឹងមេរោគកូវីដ-១៩ ដែលជាបញ្ហាប្រឈមយ៉ាងធំរបស់កម្ពុជា ក៏ដូចប្រទេសនានាក្នុងពិភពលោក។
ដើម្បីគ្រប់គ្រងហានិភ័យនេះ រដ្ឋាភិបាល សម្រេចផ្អាកពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ សម្រាប់ឆ្នាំ២០២០។ ក្នុងសន្និសីទកាសែតស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ប្រមុខរដ្ឋាភិបាល លើកហេតុផលថា ការផ្អាកនេះ ដោយសារតែការពារកុំឲ្យរាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងចូលឆ្នាំខ្មែរ។ ប្រមុខរដ្ឋាភិបាល ក៏អំពាវនាវឲ្យប្រជាជន កាត់បន្ថយការធ្វើដំណើរទៅស្រុកកំណើត ដែលជាមធ្យោបាយសំខាន់មួយ អាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។ ប្រមុខរដ្ឋាភិបាល ថ្លែងថា៖«បើទុកបណ្តោយឲ្យនៅដើរលេង សភាពការណ៍នេះ ក្រោយចូលឆ្នាំខ្មែររួច អាចមានហានិភ័យខ្ពស់បំផុត»។
គិតត្រឹមថ្ងៃទី៧មេសា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១១៥ករណី ក្នុងរាជធានី-ខេត្តចំនួន១៣។ ក្នុងនោះករណីជាសះស្បើយសរុប៥៨ករណី៕