COVID-19
ជាតិ
យុវជន​មួយចំនួន​ប្តេជ្ញា​មិន​ជួបជុំគ្នា​នៅ​ថ្ងៃ​ចូលឆ្នាំ​ឡើយ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​COVID-19
07, Apr 2020 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ គឺជា​ឱកាស​មួយ​នៃ​ការជួប​ជុំគ្នា​ជាមួយ​ឪពុកម្តាយ បងប្អូន មិត្តភក្តិ និង​ញាតិមិត្ត​ជិត​ឆ្ងាយ​នានា ដើម្បី​បង្កើត​បរិយាកាស​ឬ​កម្មវិធី​សប្បាយៗ​រួមគ្នា ក្នុង​ពិធីបុណ្យ​ប្រពៃណី​ប្រចាំ​ឆ្នាំនេះ​។ ដោយឡែក បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០២០​នេះ ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩(COVID-19) បានធ្វើឱ្យ​យុវជន​មួយចំនួន​ប្តេជ្ញាចិត្ត មិនមាន​ការជួប​ជុំគ្នា​ណាមួយ ក្រៅពី​សមាជិក​ក្នុង​គ្រួសារ​ឡើយ​។



យុវជន​ទាំង​នោះបាន​លើកឡើងថា ការធ្វើ​បែបនេះ  គឺ​មិនមែនជា​ការរើសអើង​ទេ ប៉ុន្តែ​វា​ជាការ​រួមចំណែក​ក្នុងសង្គម​និង​ប្រទេសជាតិ ដើម្បី​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩ កុំឱ្យ​មានការ​ចម្លង​ក្នុង​សហគមន៍​ជាយថាហេតុ​។​
 
«​បើសិន​ខ្ញុំ​ជួបជុំគ្នា គឺ​ខ្ញុំ​ជួបជុំ​តែ​ជាមួយ​បងប្អូន​ដែលជា​សាច់ឈាម​ជិត​សិ្ន​ទ​បំផុត​របស់ខ្ញុំ​»​។ លោក នួន ភា​រិ​ន វិស្វករ​ក្នុង​ក្រុមហ៊ុន​សាងសង់​អចលនទ្រព្យ​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ បាន​អះអាង​យ៉ាង​ដូច្នេះ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​។ លោក​ភា​រិ​ន បាន​បន្តថា ក្នុងឱកាស​ឈប់សម្រាក​ពី​ការងារ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ (​ឆ្នាំ​២០២០) លោក​សម្រេចចិត្ត​មិន​ជួបជុំ​ជាមួយ​មិត្តភក្តិ​ឬ​បង្កើត​ទំនាក់ទំនង​ផ្ទាល់​ណាមួយ​ជា​ក្រុម​ដែល​បង្ក​ផលប៉ះពាល់​សង្គម ក្នុងស្ថានភាព​ប្រទេសជាតិ​កំពុង​ប្រយុទ្ធ​នឹង​បញ្ហា​កូ​វីដ​-១៩ នោះឡើយ​។ 
 
​ការសម្រេចចិត្ត​មិន​ជួបជុំគ្នា ឬ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ក្នុង​កម្មវិធី​សប្បាយ​ជាមួយ​សាច់ញាតិ​និង​មិត្ត​ភ​ក្ភិ​ឬ​ចាស់​-​ទុំ​ក្នុងភូមិ របស់លោក ភា​រិ​ន គឺ​បាន​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់រ​ដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។ យុវជន​វ័យ​២៧​ឆ្នាំ​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​រូបនេះ​និយាយ​ដូច្នេះ​៖ «​ក្នុងនាម​យើង​ជា​ប្រជាពលរដ្ឋ​ម្នាក់ យើង​ត្រូវ​ជួយ​សង្គម​ដើម្បី​បង្ការ និង​ទប់ស្កាត់​នឹង​មេរោគ​កូ​វីដ​-១៩ ហ្នឹង​ដែរ​»​។​
 
​សម្រាប់ លោក ហង់ សុ​វ៉ោ​ន ដែលមាន​ស្រុកកំណើត​នៅ​ខេត្តព្រះវិហារ វិញ  បាន​សោកស្តាយ​ដែល​មិនអាច​ជួបជុំ​ឬ​ចូលរួម​កម្មវិធី​នានា​ជាមួយ​សាច់ញាតិ​-​មិត្តភក្តិ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ថ្មី​នេះ​។  ពិសេស​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា​បោះអង្គញ់ ទាញព្រ័ត្រ ចោល​ឈូង​...​នៅតាម​ទីវ​ត្ត​អារាម​ឬ​នៅក្នុង​កម្ម​វី​ធី​បុណ្យ​ភូមិ​នានា និង​ការធ្វើដំណើរ​កម្សាន្ត​នៅតាម​រមណី​ដ្ឋា​ន​ក្នុង​និង​ក្រៅ​ស្រុក​នានា ជាមួយ​ឪពុក​-​ម្តាយ បងប្អូន និង​មិត្តភក្តិ ដែល​តែង​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​។ 
 
​រូបភាព​ល្បែង​ប្រជាប្រិយ​ទាំងនេះ ស្ថិតនៅក្នុង​ចិត្ត​លោក សុ​វ៉ោ​ន ដែល​សម្រេច​ផ្អាក​ការជួបជុំ​ផ្ទាល់ខ្លួន ។​«​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​នេះ ខ្ញុំ​មានតែ​ការជួបជុំ​ជាមួយ​គ្រួសារ​។ អត់​មានការ​ជួបជុំ​ខាងក្រៅ​ឡើយ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩​។  ហើយ​គម្រោង​ជួបជុំ​នានា​ជាមួយ​មិត្តភក្តិ​ក៏​លុបចោល​អស់​ដែរ ដោយសារ​មិត្តភក្តិ​ទាំងអស់ ក៏​ចូលរួម​ការប្រយុទ្ធ​នឹង​មេរោគ​ហ្នឹង​ដែរ​»​។ នេះ​បើតាម​លោក សុ​វ៉ោ​ន​។​
 
​លោក ឈឿន ឡុង​ឌី បាន​លុប​គម្រោង​ដំណើរ​កម្សាន្ត​ជិត​-​ឆ្ងាយ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​ទាំងអស់ ដើម្បី​ការពារ​ខ្លួនឯង គ្រួសារ និង​អ្នកដទៃ ពី​ការឆ្លង​កូ​វីដ​-១៩​។​
​យុវជន​ក្នុង​ខេត្តព្រៃវែង​រូបនេះ បាន​បញ្ជក់​ដូច្នេះ​ថា​៖«​ការកាត់បន្ថយ​ការជួប​ជុំគ្នា​ខាងក្រៅ គឺជា​ការរួមចំណែក​មួ​យ​ដល់ក​សង្គម ក្នុងការ​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩​។​ស្រុកទេស​យើង​កំពុង​ប្រឈម​វិបត្តិ​កូ​វីដ​-១៩​អ៊ីចឹង យើង​ត្រូវតែ​ចូលរួម​គ្នា​ឆ្លង​ឱ្យ​ផុតពី​ការឆ្លង​មេរោគ​នេះ​។ បើ​យើង​ឆ្លង​ផុត​ដោយ​មិន​ករណី​ឆ្លង​មេរោគ​នេះ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ គឺ​ជាតិ​យើង​រួច​ផុតពី​វិបត្តិ​នេះហើយ​»​។ 
 
​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ គឺ​លោក ឡុង​ឌី នៅតែ​ផ្ទះ​ជុំ​ជាមួយ​ឪពុកម្តាយ បងប្អូន ដោយ​បង្កើត​កម្មវិធី​សប្បាយៗ​រួមគ្នា ធ្វើ​អាហារ​ឆ្ងាញ់ៗ​ពិសា​រួមគ្នា ច្រៀង​លេង​ជាមួយគ្នា ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​ក្រុមគ្រួសារ​ប៉ុណ្ណោះ​។ 
 
​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​តែងតែ​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី​១៣,១៤,១៥​មេសា ជា​រៀងរាល់ឆ្នាំ​។ ពិធីបុណ្យ​ប្រពៃណី​ប្រចាំ​ឆ្នាំនេះ នៅតាម​ផ្ទះ តាម​ភូមិ និង​នៅតាម​ទី​វត្ត​អារាម​នីមួយៗ ត្រូវបាន​ប្រជាពលរដ្ឋ​រៀបចំ​តុបតែង​លំអរ​គ្រឿង​លំដាប់ និង​ផ្កា​ភ្ញី​នានា​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ជាមួយនឹង​ជួបជុំគ្នា​លេងល្បែង​ប្រជាប្រិយ និង​រាំលេង​កម្សាន្ត​សប្បាយ​ផងដែរ​។ ប៉ុន្តែ​សម្រាប់​បុណ្យ​ចូល​ខ្មែរ ក្នុង​ឆ្នាំ​២០២០​នេះ ហាក់​ផ្ទុយស្រឡះ ដោយមាន​សភាព​ស្ងប់ស្ងាត់​បែ្ល​ក​ខុសពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​មុនៗ ដោយសារតែ​បញ្ហា​កូ​វីដ​-១៩ បាន​បង្ខំចិត្ត​ឱ្យ​ពលរដ្ឋ​ផ្អាក​ការជួបជុំ​ឬ​ប្រមូល​ផ្តុំគ្នា និង​លុបចោល​កម្មវិធី​កម្សាន្ត​នានា ដើម្បី​រួមគ្នា​ប្រយុទ្ធ​នឹង​មេរោគ​កូ​វីដ​-១៩ ដែលជា​បញ្ហា​ប្រឈម​យ៉ាង​ធំ​របស់​កម្ពុជា ក៏​ដូច​ប្រទេស​នានា​ក្នុង​ពិភពលោក​។​
 
​ដើម្បី​គ្រប់គ្រង​ហានិភ័យ​នេះ រដ្ឋាភិបាល សម្រេច​ផ្អាក​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ សម្រាប់​ឆ្នាំ​២០២០​។ ក្នុង​សន្និសីទកាសែត​ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៧ ខែមេសា ប្រមុខ​រដ្ឋាភិបាល លើក​ហេតុផល​ថា ការផ្អាក​នេះ ដោយសារតែ​ការពារ​កុំ​ឲ្យ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងអំឡុង​ចូលឆ្នាំ​ខ្មែរ​។ ប្រមុខ​រដ្ឋាភិបាល ក៏​អំពាវនាវ​ឲ្យ​ប្រជាជន កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​ស្រុកកំណើត ដែលជា​មធ្យោបាយ​សំខាន់​មួយ អាច​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ប្រមុខ​រដ្ឋាភិបាល ថ្លែងថា​៖«​បើ​ទុក​បណ្តោយ​ឲ្យ​នៅ​ដើរលេង សភាពការណ៍​នេះ ក្រោយ​ចូលឆ្នាំ​ខ្មែរ​រួច អាចមាន​ហានិភ័យ​ខ្ពស់បំផុត​»​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៧​មេសា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​១១៥​ករណី ក្នុង​រាជធានី​-​ខេត្ត​ចំនួន​១៣​។ ក្នុងនោះ​ករណី​ជាសះស្បើយ​សរុប​៥៨​ករណី​៕

Tag:
 យុវជន​
  ចូលឆ្នាំ​ខ្មែរ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com