COVID-19
អន្តរជាតិ
អាមេរិក​ព្រមាន​ចិន កុំ​ឲ្យ​ឆ្លៀត​ឱ​កាសកេងចំណេញ​សមុទ្រ​ចិន​ខាងត្បូង​អំឡុងពេល​មាន COVID-19
07, Apr 2020 , 8:39 pm        
រូបភាព
ដោយ:
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៦ មេសា បាន​ព្រមាន​ចិន កុំ​ឲ្យ​ទាញ​ប្រយោជន៍​ពី​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 ដើម្បី​បង្កើន​កា​រប​ញ្ជ្រា​ត​ខ្លួន​ចូល​សមុទ្រ​ចិន​ខាងត្បូង​។ ការព្រមាន​ធ្វើឡើង​ក្រោយ វៀតណាម​បានប្រកាសថា ចិន​បាន​ពន្លិច​កប៉ាល់​មួយគ្រឿង​។

 
​បើតាម​តាម​ក្រសួងការបរទេស​អាមេរិក ខណៈពេល​ពិភពលោក​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 ចិន​បា​នព​ន្លឿ​ន​ការសាងសង់​អ្វីដែល​ខ្លួន​បាន​ពិ​ព​ណ៌នា​ថា ជា​ស្ថានីយ៍​ស្រាវជ្រាវ និង​កន្លែង​ចុះចត​យន្តហោះ​យោធា​ពិសេស នៅក្នុង​សមុទ្រ​ដែលមាន​ជម្លោះ​រវាង​ចិន និង​ប្រទេស​មួយចំនួន​ទៀ​ត​។ 
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី Morgan Ortagus នៅក្នុង​សេចក្តីថ្លែងការណ៍​បាន​លើកឡើងថា​៖ « យើង​អំពាវនាវ​ឲ្យ​ចិន ផ្តោត​ការយកចិត្តទុកដាក់​ក្នុង​ការគាំទ្រ​កិច្ចប្រឹងប្រែង​ជា​អន្តរជាតិ​ដើម្បី​ប្រឆាំង​ជំងឺ​រាតត្បាត​សកល និង ឈប់​កេងប្រវ័ញ្ច​ការមិនអាច​ផ្តោត​យកចិត្តទុកដាក់ និង ភាពទន់ខ្សោយ​របស់រ​ដ្ឋ​ដទៃទៀត ដើម្បី​ពង្រីក​ការទាមទារ​មិន​ស្របច្បាប់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​»​។​
 
​កាលពី​សប្តាហ៍​មុន វៀតណាម​បាន​តវ៉ា​ទៅកាន់​ទីក្រុង​ប៉េកាំង បន្ទាប់ពី​ឆ្មាំ​សមុទ្រ​ចិន បាន​បង្អាក់ បុក​ទង្គិច និង​ពន្លិច​កប៉ាល់​មួយគ្រឿង​ដែលមាន​អ្នកនេសាទ​៨​រូប នៅ​ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ដែលជា​តំបន់​ប្រទាញប្រទង់​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​វៀតណាម ក៏ដូចជា​ចិន និង​តៃវ៉ាន់ សុទ្ធសឹងតែ​ទាមទារ​អធិបតេយ្យភាព​លើ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​។ វៀតណាម តាមរយៈ​សេចក្តី​ថ្លែង​ការ​ណ៍របស់​ក្រសួងការបរទេស បានទាមទារ​ឲ្យ​ចិន ចេញ​សំណង​ទៅកាន់​អ្នកនេសាទ និង​ដាក់ពិន័យ​តឹងរឹង​ទៅលើ​មន្ត្រី​ដែល​ទទួលខុសត្រូវ ក៏ដូចជា​បង្ការ​ហេតុការណ៍​បែបនេះ​នាពេល​អនាគត​។​
 
​សហរដ្ឋអាមេរិក​វិញ បានបង្ហាញ​សេចក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី Ortagus បន្តថា  ឧបទ្ទវ​ហេតុនេះ គឺជា​សកម្មភាព​ចុងក្រោយ ក្នុងចំណោម​សកម្មភាព​យ៉ាងច្រើន​របស់​ចិន ដើម្បី​ប​ញ្ជ្រៀត​ការទាមទារ​ផ្លូវ​សមុទ្រ​មិន​ស្របច្បាប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេស​អាស៊ី​អាគ្នេយ៍​ជិតខាង ក្នុង​សមុទ្រ​ចិន​ខាងត្បូង​»​។​
 
​ខណៈ​បង្កើន​ទំនាក់ទំនង​ជាមួយ​វៀតណាម សហរដ្ឋអាមេរិក បាន​ប្រជែង​ការទាមទារ​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​នាវាចរណ៍​ដ៏មមាញឹក និង​ជា​ជង្រុក​ថាមពល​ផងដែរ​។​
 
​ចិន​កាលពី​ខែ​មុន បាន​ចោទ​អាមេរិក​ថា​«​បង្ករឿង​»​បន្ទាប់ពី​នាវាចម្បាំង​អាមេរិក USS McCampbell បើក​ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ដោយ​ពុំមាន​ការអនុញ្ញាត​ពិ​ចិន​។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​មាន​ភាព​តានតឹង​កាន់តែខ្លាំង បន្ទាប់ពី​អាមេរិក​ចោទ​ចិន​ថា មិនបាន​ចាត់វិធានការ​ភ្លាមៗ​ក្នុងការ​គ្រប់គ្រង​ជំងឺ COVID-19 ដែល​មកដល់ពេលនេះ​បាន​ចម្លង​មកលើ​មនុស្ស​លើសពី​១​លាន​នាក់​ហើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com