អ្នកគ្រូពេទ្យអ៊ីតាលី Cecilia Bartalena ដែលនៅជួរមុខប្រយុទ្ធប្រឆាំងជំងឺ COVID-19 កំពុងរស់នៅក្នុងភាពហែកហួររវាងពាក្យសម្បថដែលនាងនឹងមើលថែព្យាបាលអ្នកជំងឺ និងភាពភ័យខ្លាចដែលនាងនឹងអាចចម្លងជំងឺនេះទៅកាន់មនុស្សដែលនាងស្រលាញ់។
មានវ័យ៣៥ឆ្នាំ អ្នកគ្រូពេទ្យរូបនេះបម្រើការងារនៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Cisanello ទីក្រុង Pisa ប្រទេសអ៊ីតាលី។ អ្នកគ្រូពេទ្យ មិនមានអារម្មណ៍ថាខ្លួនឯងជាវីរជនអ្វីឡើយ ទោះបីនាងសប្បាយចិត្តដែលប្រជាជនអ៊ីតាលីបានហៅនាងនិងសហការីនាងបែបនេះ។ ម្យ៉ាងទៀត អ្នកគ្រូពេទ្យនិយាយត្រង់ៗថា នាងពិតជាមានអារម្មណ៍ភ័យខ្លាច។
រាល់ពេលអ្នកគ្រូពេទ្យចូលបន្ទប់អ្នកជំងឺ COVID-19 ដែលបិទខ្ទប់ជិតពីមន្ទីរពេទ្យទាំងមូល អ្នកគ្រូពេទ្យសួរខ្លួនឯងថា៖«ហេតុអ្វីខ្ញុំធ្វើបែបនេះ? ចម្លើយលឿនបំផុតគឺថា វាច្បាស់ជាពុំមែនដើម្បីលុយហើយ»។ អ្នកគ្រូពេទ្យនិយាយបែបនេះក្នុងវីដេអូមួយដែលបង្ហាញពីជីវិតនៅផ្ទះរបស់នាង ដែលបង្កើតឡើងសម្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ហើយថតផ្ទាល់ដោយប្ដីអ្នកគ្រូពេទ្យ។
តាមវីដេអូដដែល អ្នកគ្រូពេទ្យ Bartalena សង្កត់ធ្ងន់ដូច្នេះថា៖«ខ្ញុំធ្វើរឿងនេះសម្រាប់អ្នកជំងឺ ព្រោះថាពួកគេគ្មានជម្រើសអ្វី។ ហេតុផលតែមួយគត់ដែលខ្ញុំធ្វើបែបនេះគឺសម្រាប់អ្នកជំងឺ និងសហការីខ្ញុំដទៃទៀតទាំងអស់។ យើងពុំមែនជាវីរជនអ្វីទេ ហើយយើងក៏ចេះខ្លាចដែរ»។
អ្នកគ្រូពេទ្យអ៊ីតាលី Cecilia Bartalena (Reuters)
ទន្ទឹមនេះ អ្នកគ្រូពេទ្យ Bartalena និយាយថា ភាពភ័យខ្លាចតាមលងបន្លាចនាងដល់អាផេតមិនតូច ដែលនាងរស់នៅជាមួយប្ដីនាង អាយុ ៣៧ឆ្នាំ និងកូនស្រីអាយុ៤ឆ្នាំម្នាក់ឈ្មោះថា Petra ។ អ្នកគ្រូពេទ្យ និយាយទាំងអួលដើម«ក»ថា៖«ប្រសិនបើកូន Petra ឱបខ្ញុំ ជាម្ដាយខ្ញុំភ័យខ្លាចថា ក្រោយ១៥ថ្ងៃ នាងអាចធ្លាក់ខ្លួនឈឺ ឬប្រសិនបើខ្ញុំស្ដាប់ឮប្តីខ្ញុំក្អកនោះ ខ្ញុំតែងគិតថា នេះជាកំហុសខ្ញុំ។ ដូច្នេះហើយ ខ្ញុំត្រូវតែព្យាយាមគិតក្នុងន័យល្អដោយប្រាប់ខ្លួនឯងថា អ្វីដែលខ្ញុំកំពុងធ្វើនេះគឺដើម្បីផលប្រយោជន៍រួម»។
ភាពភ័យខ្លាចដែលនាងអាចចម្លងជំងឺCOVID-19ទៅអ្នកផ្សេង នៅបន្តតាមលងបន្លាចនាងជានិច្ច ទោះបីជានាងបានអនុវត្តវិធានការបង្ការទុកជាមុន ដូចជា ការគេងនៅបន្ទប់ដាច់ដោយឡែក, ប្រើប្រាស់បន្ទប់ទឹកដោយឡែក និងបរិភោគអាហារដាច់ដោយឡែក ជាដើម។
«ខ្ញុំ មានអារម្មណ៍កខ្វក់ ដូច្នេះហើយខ្ញុំមានទំនុកចិត្តជួបមនុស្សដទៃឡើយ។ ប្រសិនបើខ្ញុំជួបនរណាម្នាក់នៅតាមដងផ្លូវ ខ្ញុំមានអារម្មណ៍ភ័យខ្លាច។ ប្រសិនបើខ្ញុំជួយអ្នកជិតខាង ខណៈដើរចុះជណ្ដើរនោះ ខ្ញុំរត់ចេញពីពួកគេ»។ អ្នកគ្រូ Bartalena និយាយដូច្នេះ។
សូមញ្ជាក់ថា គិតត្រឹមថ្ងៃ ៧ ខែមេសា ប្រទេស អ៊ីតាលី មានករណីឆ្លង COVID-19 សរុបជាង១៣ម៉ឺនាក់ករណី ក្នុងនោះជាសះស្បើយមានជាង២,២៨ម៉ឺននាក់ ខណៈអ្នកស្លាប់មានជាង១,៦៥ម៉ឺននាក់។ នេះបើតាមវេបសាយ worldometers.info ដែលតាមដានតួលេខអ្នកជំងឺ COVID-19 នៅទូទាំងពិភពលោក៕