COVID-19
ពីនេះ ពីនោះ
រូបត្លុក
ជំនួញ​ខ្លះ​បិទទ្វារ ព្រោះ​បុគ្គលិក «​ខ្លាច​» COVID-19 ពេក​?
08, Apr 2020 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
 ក្លើ សុធីរ និង​សំណាង មិនបាន​ទៅ​រាំច្រៀង​នៅពេល​ចូលឆ្នាំ​ដូច​សព្វដង​ឡើយ​នៅ​អំឡុង​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០២០​ខាងមុខនេះ ព្រោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​លុបចោល​ពិធីបុណ្យ​ប្រពៃណី​មួយ​នេះ​។ ដោយ​មិនអាច​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​បាន ប្រធានបទ​កូ​វីដ​១៩​នៅតែ​ជា​រឿង​ដែល មិត្តភក្តិ​ទាំងពីរ សុធីរ និង​សំណាង បន្ត​ជជែក​គ្នា​។ នៅថ្ងៃនេះ ពួកគេ​សង្កេតឃើញថា ជំនួញ​មួយចំនួនធំ​បិទទ្វារ​ដោយសារ​លែងមាន​តម្រូវការ​។ ប៉ុន្តែ ជំនួញ​ខ្លះទៀត​នៅមាន​តម្រូវការ តែ​ក៏​បង្ខំ​បិទទ្វារ​ដែរ ព្រោះ បុគ្គលិក​សុំ​ឈប់​ព្រោះ​ខ្លាច​កូ​វីដ​១៩​។



​សុធីរ​៖ តើ​អ្ហែង​ខ្លាច​មេរោគ​កូ​វីដ​១៩​ហ្នឹង​ឬទេ​? តើ​អ្ហែង​នៅ​បន្តទៅ​ធ្វើការ​ឬទេ​? 

​សំណាង​៖ គ្មាន​នរណាម្នាក់​ថា មិន​ខ្លាច​នោះទេ រួមទាំង​អញ​ផងដែរ​។ តែ​អញ​នៅតែ​ទៅធ្វើ​ការ​ដដែល​។ នៅ​គ្រប់​ប្រទេស គេ​ប្រកាស​ឲ្យ​មនុស្ស​ស្ថិត​នៅផ្ទះ​សម្រាប់តែ​បុគ្គល​ណា​ដែល​មិនមាន​ភារកិច្ច​ចាំបាច់​ត្រូវ​ធ្វើការ ឬ​ត្រូវ​ធ្វើដំណើរ​ទៅ​ធ្វើការ​តែប៉ុណ្ណោះ​។ ចំណែកឯ​អ្នក​ដែល​ចាំបាច់​ត្រូវ​ធ្វើការ ពួកគេ​នៅ​បន្ត​ធ្វើការ​។ បើ​មិន​ធ្វើការ សេដ្ឋកិច្ច​គាំង​ងាប់​អស់ហើយ​។ អញ​សូម​បញ្ជាក់ប្រាប់​ឯង​ឲ្យ​ច្បាស់​ថា ធ្វើការ​ជាមួយ​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ពោល គឺ មិនមែន​ខ្លាច​មិន​ហ៊ាន​ធ្វើការ តែ​ហ៊ាន​ដើរលេង ហ៊ាន​ផឹកស៊ី​ជុំគ្នា​ទេ​វើ​យ​។ អ្នកខ្លះ ខ្លាច​ណាស់​រឿង​ធ្វើការ តែ​ដើរលេង​ជា​ក្រុមៗ​អត់​ខ្លាច​សោះ​។ 
 
​សុធីរ​៖ តើ​ការងារ​អ្វីខ្លះ​ចាំបាច់ និង​ការងារ​អ្វីខ្លះ​មិនចាំបាច់​? 

​សំណាង​៖ ជារួម ដូចជា សាលារៀន​ត្រូវបាន​គេ​ប្រកា​សបិទ​ភ្លាមៗ​។ ការជួបជុំ​មិនចាំបាច់ ដូចជា សិក្ខាសាលា ប្រជុំ រៀបការ ការងារ​មួយចំនួន​ដែល​អាចធ្វើ​ការ​តាម​អន​ឡាញ​បាន មិនចាំបាច់​ធ្វើដំណើរ​ទៅ​កន្លែងធ្វើការ​។​ល​។ ចំណុច​ទាំង​ប៉ុន្មាន​ខាងលើ ត្រូវបាន​គេ​គិតថា វា​មិនសូវ​ចាំបាច់​ទេ ដូច្នេះគេ​ប្រកាស​ឲ្យ​បិទ​ភ្លាម​។ តែ​ការងារ​ចាំបាច់​មួយចំនួន​ត្រូវ​នៅ​បន្តសកម្មភាពដូចជា ផ្សារ មន្ទីរ​ពេទ្យ សហគ្រាស​ផលិត​ម្ហូបអាហារ ក្រុមហ៊ុន​ផលិតកម្ម​មួយចំនួន អ្នកសារព័ត៌មាន​។​ល​។ សរុប​មកវិញ គ្រប់​ប្រទេស​ទាំង​អស់គេ​មិន​ប្រកា​សបិទ​ទាំងអស់​ទេ ហើយ​ប្រទេស​យើង​ក៏​អ៊ីចឹង​ដែរ​។ បើ​បិទ​ទាំងអស់ មានន័យថាងាប់​សេដ្ឋកិច្ច​តែម្តង​។ អ៊ីចឹង​ចូរ​កុំ​ច្រឡំ​ថា គេ​បិទ​ទាំងអស់​ណា៎​។ 
 
​សុធីរ​៖ តែ​នៅ​ស្រុក​ខ្មែរ គ្រាន់តែ​លឺ​គេ​ថា គេ​ឲ្យ​ស្ថិត​នៅផ្ទះ​សម្រាប់​សកម្មភាព​មិនចាំបាច់ ឬ​សម្រាប់​អ្នក​មិនចាំបាច់ ស្រាប់តែ​អ្នកខ្លះ​យក​លេស​សុំ​ឈប់​ធ្វើការ​អស់​តែម្តង ចុះ​អាហ្នឹង​ម៉េច​វិញ​? 
 
​សំណាង​៖ រឿងនេះ​ពិបាក​បន្ទោស​ណាស់ ព្រោះគេ​ខ្លាច​។ ខ្លាច​វា​ប៉ះ​ពាល់​ដល់​ជីវិត​គេ​។ តែ​ទោះជា​យ៉ាងណា មិនគួរ​ខ្លាច​ជ្រុល​ពេក​ទេ​។ អ្នកខ្លះ យក​លេស​«​ខ្លាច​»​សុំ​សម្រាក​ធ្វើ​ការងារ​តែម្តង​។ ករណីនេះ មាន​ច្រើន​ដែរនៅ​កម្ពុជា​។ គេ​មិនមែន​ហាម​មិន​ឲ្យ​ខ្លាច​ទេ តែ​គេ​ឲ្យ​យើង​ប្រយ័ត្ន​ច្រើនជាង ហើយ​បើ​ចាំបាច់​គួរ​បន្ត​បំពេញការងារ​ជាធម្មតា ព្រោះថាបើ​ការងារ​អត់​ប្រឈម​ឆ្លង​ផង ហេតុអ្វី​នាំគ្នា​រត់ចោល​ឈប់​ធ្វើការ​? ឧទាហរណ៍ការងារ​ដាំ​បន្លែ​ដែល​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​។ ការងារ​សំណង់​មួយចំនួន​ ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​ដែរ​។ ការងារ​បើករថយន្ត​ម្នាក់ឯង​។ ការងារ​ខ្លះ មិន​បង្ក​គ្រោះថ្នាក់​ទេ តែ​គេ​ឆ្លៀត​គ្រាអាសន្ន​នេះ ប្រកាស​លែង​ចង់​ធ្វើការ​តែម្តង​។ 
 
​សុធីរ​៖ បើ​មាន​អ៊ីចឹង​មែន​នោះ ជំនួញ​ខ្លះ​នៅ​កម្ពុជា​មិន​ដួល​បះជើង​ទៅហើយ​? 
 
​សំណាង​៖ អើ មាន​បះជើង​ដោយសារ​បុគ្គលិក​រត់ចោល​ដែរ​តើ​!​។ គ្រាន់តែ​លឺថា កូ​រ៉ូ​ណា​នឹង​ចូលមក​កម្ពុជា បុគ្គលិក​ខ្លះរត់ចោល​ថៅកែ ហើយជំនួញ​ក៏​បង្ខំ​បិទទ្វារ​តែម្តង​។ អ្ហែង​ដឹង​ទេ ពេលខ្លះ បិទទ្វារ​មិនមែន​ដោយសារ​អត់​ភ្ញៀវ​ទេ តែដោយសារ​បុគ្គលិក​ខ្លាច​ស្រមោល​កូ​រ៉ូ​ណា​ពេក​។ អញ​មិន​បន្ទោស​ពួកគេ​(​បុគ្គលិក​)​ទេ ព្រោះ​វា​ជា​រឿង​អាយុជីវិត​របស់​ពួកគេ តែ​អញ​គ្រាន់តែ​លើកយក​រឿង​ពិត​នេះ មក​និយាយប្រាប់​អ្ហែង​ឲ្យ​ដឹង​ទេ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com