COVID-19
អន្តរជាតិ
មនុស្ស​រាប់ពាន់នាក់​ផ្ដើម​សម្រុក​ចេញពី​វូ​ហាន ក្រោយ​អស់​បម្រាម​ធ្វើដំណើរ​
08, Apr 2020 , 10:09 am        
រូបភាព
អ្នកដំណើរពាក់ម៉ាស់តម្រង់ជួរនៅស្ថានីយ៍រថភ្លើង Wuchang ក្រុងវូហាន នៅថ្ងៃទី៨ ខែមេសា ខណៈត្រៀមចាកចេញពីវូហាន។ រូបភាព AFPjpg
អ្នកដំណើរពាក់ម៉ាស់តម្រង់ជួរនៅស្ថានីយ៍រថភ្លើង Wuchang ក្រុងវូហាន នៅថ្ងៃទី៨ ខែមេសា ខណៈត្រៀមចាកចេញពីវូហាន។ រូបភាព AFPjpg
ដោយ:
​មនុស្ស​រាប់ពាន់នាក់​បាន​ផ្ដើម​នាំគ្នា​សម្រុក​ចេញពី​ទីក្រុង​វូ​ហាន តាមរយៈ​រថភ្លើង​នៅ​ថ្ងៃទី​៨ ខែមេសា ខណៈ​អាជ្ញាធរ​សម្រេច​ដកហូត​បម្រាម​លើ​ការធ្វើដំណើរ​។ បម្រាម​នេះ​មាន​រយៈពេល​៧៦​ថ្ងៃ ពោលគឺ​បានដាក់​ដំបូង​កាលពី​ថ្ងៃទី​២៣ ខែមករា មកម្ល៉េះ​។

 
​ខណៈ​បម្រាម​ត្រូវបាន​លុបចោល​នៅ​ពាក់​កណ្ដាលយប់​ថ្ងៃទី​៨ ខែមេសា​ម៉ោង​ក្នុងស្រុក អ្នកដំណើរ​ជាច្រើន​នាក់ បានបង្ហាញ​ក្តី​សោមនស្ស និង​ធូរស្រាល​ក្នុង​ចិត្ត​។ ពួកគេ​បាន​សម្រុក​ទៅ​ស្ថានីយ​រថភ្លើង Wuchang របស់​ក្រុង វូ​ហាន ដោយ​ប៉ង​ទិញ​សំបុត្រ​រថភ្លើង​ជិះ​ពេញ​មួយ​យប់​ចាក​ចេញពី​ក្រុង​។  
 
«​ទីក្រុង វូ​ហាន បាន​បាត់បង់​ច្រើនសន្ធឹក​ដោយសារ​ជំងឺ​រាតត្បាត​នេះ ហើយ​ប្រជាជន​ក្រុង​វូ​ហាន បាន​លះបង់​យ៉ាង​ធំធេង​»​។ បុរស​វ័យ​២១​ឆ្នាំ​ម្នាក់ ឈ្មោះថា Yao ដែល​បានធ្វើ​ដំណើរ​ត្រលប់​ទៅ​បម្រើការ​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​សៀង​ហៃ​វិញ​។ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP បុរស​ចិន​រូបនេះ អះអាងថា​៖«​ឥឡូវនេះ ការបិទ​ក្រុង​ត្រូវបាន​ដកហូត ខ្ញុំ​គិតថា ពួកយើង​ទាំង​គ្នា​ពិតជា​សប្បាយរីករាយ​ណាស់​»​។​
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ CCTV រដ្ឋាភិបាល​ចិន ប៉ាន់​ស្មានថា មនុស្ស​ប្រមាណ ៥៥០០០​នាក់ រំពឹងថា​នឹង​ចាកចេញ​តាមរយៈ​រថភ្លើង​នៅ​ថ្ងៃទី​៨ ខែមេសា​ពី​ទីក្រុង​វូ​ហាន ដែល​បាន​ត្រូវ​បិទ​ជិតឈឹង​តាំងពី​ថ្ងៃទី​២៣ ខែមករា​។ ក្រុង​វូ​ហាន​នេះ គឺជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​ជំងឺ​រាតត្បាត​សាកល COVID-19 កាលពី​ចុងឆ្នាំ​២០១៩​។​
 
​ការសម្រេច​ដកហូត​ប​ម្រាម​ធ្វើដំណើរ​នេះ ធ្វើឡើង​ក្រោយ​ចិន​រាយការណ៍​គ្មាន​អ្នកស្លាប់​ដោយសារ COVID-19 កាលពី​ថ្ងៃទី​៧ មេសា ដែលជា​លើកដំបូង​បង្អស់​។ កាលពី​ខែ​មុន នៅពេល​ក្រុង វូ​ហាន បាន​រាយការណ៍​គ្មាន​ករណី​ឆ្លង​ថ្មី​មួយ​សប្តាហ៍​ពេញ ហាង​ទំនិញ​មួយចំនួន បាន​បើកទ្វារ​ឡើងវិញ​។ ប្រជាជន​ខ្លះ ដែល​រស់នៅក្នុង​តំបន់​គ្មាន​ករណី​ឆ្លង​ថ្មី ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ចាក​ចេញពីផ្ទះ​ពួកគេ​រយៈពេល​២​ម៉ោង ។​
 
​បន្ថែម​ពី​ការធ្វើដំណើរ​ចេញពី វូ​ហាន ចាប់ពី​ថ្ងៃទី​៨ តទៅ ពលរដ្ឋ​ដែល​បម្រើការ​ក្នុង​ឧស្សាហកម្ម​ផលិត​ថ្នាំពេទ្យ និង​គ្រឿង​បរិភោគ​ប្រចាំថ្ងៃ​ដទៃទៀត នឹងត្រូវ​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅធ្វើ​ការ​វិញ​។ ចំណែក ឧស្សាហកម្ម ដែល​ប៉ះពាល​ដល់​ចង្វាក់​ផលិតកម្ម​ជាតិ ឬ​សាកល ក៏​នឹងត្រូវ​អនុ​ញ្ញា​ឲ្យ​ដំណើរការ​ឡើងវិញ​ផងដែរ​។​
 
​ទោះបី​រដ្ឋាភិបាល​ដាក់​កំហិត​ផ្នែក​ដែនអាកាស ជើងហោះហើរ​២០០​ជើង​ក្នុង​មួយថ្ងៃ ដែល​ចាក​ចេញពី​ក្រុង​វូ​ហាន នៅ​ថ្ងៃទី​៨ មេសា ដឹក​អ្នកដំណើរ​១​ម៉ឺន​នាក់​។ រថភ្លើង​ល្បឿន​លឿន​ជិត​១០០​គ្រឿង ត្រៀម​រួចរាល់​សម្រាប់​ដឹក​អ្នកដំណើរ ខណៈ​ផ្លូវ​ល្បឿន​លឿន ត្រូវបាន​អនុញ្ញាត​ឲ្យ​ចរាចរណ៍​ផងដែរ​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​។ យ៉ាងណាមិញ សាលារៀន​នានា​នៅតែ​បន្ត​បិទទ្វារ រហូតដល់​ជូនដំណឹង​ជាថ្មី​៕

Tag:
 ចិន​
  វូ​ហាន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com