កីឡាអន្តរជាតិ
អន្តរជាតិ
តុលាការប៉ារ៉ាហ្គាយឲ្យ Ronaldinho ចេញពីពន្ធនាគារ តែត្រូវឃុំនៅសណ្ឋាគារវិញ
× ចៅក្រមនៃប្រទេសប៉ារ៉ាហ្គាយ នៅថ្ងៃទី៧ ខែមេសា បានបញ្ជាឲ្យដោះលែងអតីតកីឡាករប្រេស៊ីល Ronaldinho និងបងប្រុសរបស់គេពីពន្ធនាគារ តែអ្នកទាំងពីរត្រូវបញ្ជូនទៅឃុំនៅសណ្ឋាគារមួយនៅកណ្តាលក្រុង Asuncion វិញ។
Ronaldinho និងបងប្រុសឈ្មោះ Roberto បានជាប់ពន្ធនាគាររយៈពេលជាង១ខែមកហើយដើម្បីរង់ចាំការជំនុំជម្រះលើបទចោទប្រើប្រាស់លិខិតឆ្លងដែនមិនពិតដើម្បីចូលប្រទេសប៉ារ៉ាហ្គាយ។ មេធាវីរបស់បងប្អូនប្រុសសញ្ជាតិប្រេសស៊ីលទាំងពីរ បានបង់ប្រាក់ធានាចំនួន ១,៦ លានដុល្លារអាមេរិករួចហើយជុំវិញករណីនេះ។
លោកចៅក្រម Gustavo Amarilla បានប្រាប់អ្នកយកព័ត៌មានថា លោកបានបញ្ជាឲ្យបន្តការចាប់ខ្លួនអតីតខ្សែប្រយុទ្ធឆ្នើមក្រុម Barcelona នៅក្នុងផ្ទះលម្ហែមួយកន្លែងជាមួយបងប្រុសរបស់គេ បើទោះបានចាកចេញពីមន្ទីរឃុំឃាំងក្តី។
សេចក្តីសម្រេចនេះមានន័យថាបងប្អូនទាំងពីរអាចផ្លាស់ទីតាំងឃុំឃាំងដែលមានភាពលំបាកទៅកាន់ផ្ទះស្នាក់បែបសណ្ឋាគារដ៏ប្រណិតមួយដែលមានទីតាំងនៅចំកណ្តាលក្រុង Asuncion ប្រទេសប៉ារ៉ាហ្គាយ។ បើទោះផ្លាស់ទៅកាន់សណ្ឋាគាក្តី ប៉ុន្តែលោក Amarilla បានអះអាងប្រាប់អ្នកព័ត៌មានក្នុងសន្និសីទសារព័ត៌មានថាលោកធានាពីអ្នកគ្រប់គ្រងសណ្ឋាគារថាពួកគេអាចសង្កេតមើល Ronaldinho និងបងប្រុសរបស់គេអំឡុងការឃុំខ្លួននេះ។
តុលាការប៉ារ៉ាហ្គាយកាលពីខែមុនបានច្រានចោលការស្នើសុំឲ្យដោះលែងអ្នកទាំងពីរ ដោយសារប្រើប្រាស់លិខិតឆ្លងដែនមិនពិតដើម្បីចូលប្រទេសនេះ។ អំឡុងពេលជាប់ឃុំម្ចាស់ពាន Ballon d'Or ឆ្នាំ២០០៥ បានធ្វើពិធីខួបកំណើត អាយុ៤០ឆ្នាំរបស់ខ្លួននៅឯពន្ធនាគារនោះតែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com