COVID-19
អន្តរជាតិ
បារាំង ជា​ប្រទេស​ទី​៤ មាន​អ្នកស្លាប់​ដោយសារ COVID-19 លើសពី​១​ម៉ឺន​នាក់​
08, Apr 2020 , 11:59 am        
រូបភាព
អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។រូបភាព៖ Reuters
អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។រូបភាព៖ Reuters
​គិត​ត្រឹម​ថ្ងៃទី​៧ ខែមេសា បារាំង បាន​ក្លាយជា​ប្រទេស​ទី​៤ ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) លើសពី ១​ម៉ឺន​ករណី​។ បារាំង ឈរ​នៅ​ពីក្រោយ​អ៊ីតាលី អេ​ស្ប៉ា​ញ និង​អាមេរិក​។


​មួយរយៈ​ចុងក្រោយ នេះ​បារាំង​មាន​អត្រា​ស្លាប់​ជាច្រើន​។ បើ​គិត​ចាប់ពី​ថ្ងៃទី​២ មេសា​មក បារាំង​មាន​អ្នកស្លាប់​លើសពី​១ ពាន់​ករណី​ជា​រៀងរាល់ថ្ងៃ លើកលែងតែ​ថ្ងៃទី​៥ និង​ថ្ងៃទី​៦ ខែមេសា​ប៉ុណ្ណោះ ដែល​បារាំង​មាន​ករណី​ស្លាប់​តិចជាង ១​ពាន់​ករណី​។ បារាំង​មាន​អ្នកស្លាប់​ដោយសារ COVID-19 សរុប ១០៣២៨​នាក់​។ ចំណែក​តួលេខ​ឆ្លង COVID-19 របស់​បារាំង​មាន​ជិត ១១​ម៉ឺន​ករណី​។ នេះ​បើតាម​តួលេខ​របស់​វេ​ប​សាយ Worldometer ។ 
 
​អត្រា​ស្លាប់​ជាង​១​ម៉ឺន​ករណីនេះ បានធ្វើ​ឲ្យ​បាន​ក្លាយជា​ប្រទេស​ជា​៤ ដែលមាន​អ្នកស្លាប់​ដោយសារ COVID-19 ច្រើនជាងគេ​បំផុត​។ ចំណែក​ប្រទេស​៣ ផ្សេងទៀត​មានដូចជា អ៊ីតាលី មាន​អ្នកស្លាប់​ច្រើនជាងគេ មាន​ប្រមាណ ១៧០០០​នាក់ អេ​ស្ប៉ា​ញ​ជាង ១៤០០០​នាក់ និង​ទី​បី គឺ​អាមេរិក ដែលមាន​ជាង ១២០០០​នាក់​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​អាជ្ញាធរ​សុខាភិបាល​បារាំង បាន​បញ្ជាក់ថា បារាំង​ត្រូវការ​បន្ទប់សង្គ្រោះបន្ទាន់​បន្ថែមទៀត ព្រោះ COVID-19 នឹង​រាតត្បាត​នៅ​បារាំង​ជាច្រើន​ថ្ងៃ​ត​ទៅមុខទៀត​។ ទន្ទឹមគ្នានេះ លោក​ក៏​បញ្ជាក់​ផងដែរ​ថា សេចក្តីត្រូវការ​នេះ គឺ​មិន​បន្ទាន់​ពេក​ទេ ព្រោះ​អ្នកជំងឺ ដែលមាន​សភាព​ធ្ងន់ធ្ងរ គឺមាន​អត្រា​ធ្លាក់ចុះ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ 
 
​សូមបញ្ជាក់ថា បើទោះបី​បារាំង បានចេញ​វិធានការ​មួយចំនួន​ដូចជា​រឹតត្បិត​ការធ្វើដំណើរ បិទ​ប្រទេស ហាមឃាត់​កីឡា​កម្សាន្ត និង​វិធានការ​ផ្សេងទៀត ក៏​ចំនួន​អ្នក​ឆ្លង មិនទាន់​ថមថយ​ដែរ​។ អេ​ស្ប៉ា​ញ អ៊ីតាលី និង​អាល្លឺម៉ង់​វិញ ក៏​កំពុងតែ​យ៉ាប់យឺន​ដូច​បារាំង​ដែរ ព្រោះ​ក្នុង​មួយថ្ងៃៗ​មាន​អ្នក​ឆ្លង​ជាច្រើន​ពាន់​នាក់​។ វិធានការ​ទប់ស្កាត់​ដូចជា​បិទ​ប្រទេស ឬ​តំបន់ មិនទាន់មាន​ប្រសិទ្ធភាព ខណៈ​អ្នក​ឆ្លង​នៅតែមាន​ចំនួន​ច្រើន ស្របពេល​សម្ភារ​វេជ្ជសាស្ត្រ​នៅក្នុង​ប្រទេស​ទាំងនេះ ក៏មាន​តម្រូវការ​ខ្ពស់​ផងដែរ​៕ 

Tag:
 បារាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com