COVID-19
ជាតិ
សម្តេច ហ៊ុន សែន និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ជួបគ្នា​តាម​ទូរ​សព្ទ និង​លើកទឹកចិត្ត​គ្នា​ប្រឆាំង COVID-19
08, Apr 2020 , 12:42 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមេសា នេះ បាន​ជួប​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ភាគី​ទាំងពីរ បង្ហាញ​ពី​ការយកចិត្តទុកដាក់​ជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​ប្រយុទ្ធប្រឆាំង​ការ​រាលដាល COVID-19​។​



​ក្រសួងការបរទេស​ខ្មែរ បាន​លើកឡើងថា​៖ «​លោក Pompeo អរគុណ​កម្ពុជា​ចំពោះ​ការជួយ​សង្គ្រោះ​អ្នកធ្វើដំណើរ​លើ​នាវា​កម្សាន្ត Westerdam ហើយ​សម្តេច​អរគុណ​អាមេរិក​ចំពោះ​ជំនួយ និង​កិច្ចសហការ​ពី​សំណាក់​អ្នកជំនាញការ [...] ក៏ដូចជា​ចំពោះ​ទឹកប្រាក់​២​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជួយ​ដល់​ការប្រឆាំង COVID-19»​។

​រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​អះអាង​ពី​ការបន្ត​ជួយ​គាំទ្រ​កម្ពុជា​ទាក់ទង​នឹង​កិច្ចប្រឹងប្រែង​នានា​ដើម្បី​សុខភាព សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា​។ ជាមួយគ្នានេះដែរ សម្តេច ហ៊ុន សែន បានលើកឡើង​ពី​តួនាទី​សំខាន់​របស់​អាមេរិក​ក្នុង​ក្របខណ្ឌ​អាស៊ាន​-​អាមេរិក រួមទាំង​ការចូលរួមចំណែក​កាត់បន្ថយ​គម្លាត​រវាង​ប្រទេស​នានា​ក្នុង​តំបន់​មេគង្គ​ក្រោម និង​សមាជិក​អាស៊ាន​ផ្សេងទៀត​។​

​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​នោះ​ផងដែរ សម្តេច ហ៊ុន សែន និង​លោក Pompeo បាន​ចែករំលែក​សមានចិត្ត​ក្រៀមក្រំ​ទៅវិញទៅមក ចំពោះ​គ្រួសារ​នៃ​ជនរងគ្រោះ​ទាំងឡាយ​នៅ​អាមេរិក និង​នៅ​តំបន់​អាស៊ី ដោយសារ COVID-19​។ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ក៏បាន​ផ្តាំផ្ញើ​ការគាំទ្រ​របស់​សម្តេច​ជូន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​នឹង​ជំងឺ​រាលដាល​នេះ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com