COVID-19
អន្តរជាតិ
លោក ត្រាំ គំរាមកាត់ជំនួយឲ្យ WHO ដោយចោទថា លំអៀងរកចិន
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៧ ខែមេសា បានព្រមានកាត់ផ្ដាច់ជំនួយរបស់អាមេរិកសម្រាប់អង្គការសុខភាពពិភពលោក (WHO) ដោយចោទថា ទោរទន់ទៅរកចិនដែលជាកន្លែងផ្ទុះជំងឺផ្លូវដង្ហើម COVID-19 មុនគេ។ បច្ចុប្បន្ន ស្ថានការណ៍នៅចិនកាន់តែធូរស្រាលខ្លាំង ដោយទីក្រុងវូហាន លែងមានបម្រាមធ្វើចរាចរណ៍ទៀតហើយ ខណៈនៅអាមេរិកវិញកាន់តែយ៉ាប់យ៉ឺន។ បើតាមលោក ត្រាំ WHO គួរចេញបម្រាមធ្វើដំណើរឲ្យលឿន ទើបវីរុសមិនអាចរាលដាលដូចបច្ចុប្បន្ន។
អង្គការសុខភាពពិភពលោក បានក្លាយជាមុខសញ្ញារិះគន់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកំពុងឈឺក្បាលក្នុងស្ថានភាព COVID-19 ក្នុងស្រុកដែលកាន់តែអាក្រក់ទៅៗ។ ត្រឹម២៤ម៉ោង អាមេរិកមានករណីស្លាប់ជិតពីរពាន់នាក់ ដែលនាំឲ្យករណីស្លាប់សរុបនៅប្រទេសមានដល់ទៅជិត១៣០០០នាក់ ហើយករណីឆ្លងទូទាំងប្រទេសវិញកើនដល់ជាងបួនសែននាក់ទៅហើយ គិតត្រឹមថ្ងៃទី៧ ខែមេសា។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហាក់ចោទ WHO ថា មានចំណែកធ្វើឲ្យវីរុសរាលដាលស្ទើរគ្រប់ប្រទេសលើពិភពលោកបែបនេះ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែមេសា លោក ត្រាំ ក៏គំរាមលែងផ្ដល់វិភាគទានរបស់អាមេរិកសម្រាប់អង្គការនេះទៀតផង ដោយលើកឡើងថា លំអៀងរកចិនពាក់ព័ន្ធការរឹតត្បិតការធ្វើដំណើរ។ អាមេរិក ជាម្ចាស់វិភាគទានធំជាងគេរបស់ WHO ហើយការកាត់ជំនួយនេះ នឹងប៉ះពាល់ខ្លាំងដល់អង្គការខាងសុខាភិបាលនេះ។ ប៉ុន្តែលោក ត្រាំ មិនបានបញ្ជាក់ពីទឹកប្រាក់ដែលអាមេរិកលែងឲ្យ WHO ឡើយ។
«ពួកគេគឺខុស។ ពួកគេគួរតែប្រកាសឲ្យបានមុនមួយខែ។» លោក ត្រាំ ប្រាប់អ្នកសារព័ត៌មានបែបនេះ ដោយសំដៅដល់ការព្រមានរបស់ WHO លើការហាមប្រាមការធ្វើដំណើរអំឡុងពេលដែល COVID-19 ចាប់ផ្ដើមសាយភាយខ្លាំងនោះ។ កាលនោះ WHO ក៏រងការរិះគន់មិនតិចដែរពីប្រទេសជាច្រើន ដោយប្រទេសខ្លះនិយាយថា អង្គការនេះមិនបានប្រកាសពីការរឹតបន្តឹងការធ្វើដំណើរឲ្យបានលឿន ព្រោះខ្លាចប៉ះពាល់ចិន។
ពាក់ព័ន្ធរឿងនេះ លោក ត្រាំ ក៏ធ្លាប់រិះគន់ចិនចំៗដោយថា មិនបញ្ចេញព័ត៌មានឲ្យបានលឿន ហើយផ្ដល់តួលេខគួរឲ្យសង្ស័យលើករណីឆ្លងផងដែរ។ ចិនផ្ទាល់ ក៏រងការរិះគន់ទៀតថា មិនដោះស្រាយជំងឺនេះឲ្យបានសមស្របនៅដំណាក់កាលដំបូង និងទុកឲ្យស្ថានការណ៍រាលដាលខ្លាំងរហូតប្រទេសជាច្រើនឆ្លង COVID-19 បែបនេះ។
ស្របពេលស្ថានការណ៍អាមេរិក និងអឺរ៉ុបនៅតែមិនទាន់ធូរស្រាល ចិនឯណោះវិញ បានលើកបម្រាមបិទទីក្រុងវូហានដែលជាទីតាំងមានករណីឆ្លងមុនគេ។ មនុស្សម្នាជាច្រើនដែលជាប់ក្នុងទីក្រុងនេះតាំងពីថ្ងៃទី២៣ ខែមករាមក បានចាប់ផ្ដើមចាកចេញពីទីក្រុងនេះ ខណៈដែលប្រព័ន្ធដឹកជញ្ជូនភាគច្រើនដំណើរការឡើងវិញ៕
Tag:
អាមេរិក
ចិន
WHO
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com