COVID-19
អន្តរជាតិ
ជនបរទេស​៣​នាក់ ស្លាប់​ដោយសារ COVID-19 នៅ​ថៃ
08, Apr 2020 , 2:59 pm        
រូបភាព
ប្រភពរូប៖ កាសែតបាងកកប៉ុស្តិ៍
ប្រភពរូប៖ កាសែតបាងកកប៉ុស្តិ៍
ដោយ:
​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​៨ ខែមេសា បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ COVID-19 ចំនួន​១១១​ករណី​ថ្មី ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ឡើងដល់ ២៣៦៩​នាក់​ហើយ​។ បន្ថែម​ពី​ករណី​ឆ្លង រដ្ឋាភិបាល​ថៃ ក៏បាន​បញ្ជាក់​ពី​ករណី​ស្លាប់​៣​នាក់​បន្ថែមទៀត ដែល​សុទ្ធតែជា​ជនបរទេស​។ តួលេខ​ថ្មី​នេះ ធ្វើ​ឲ្យ​ករណី​ស្លាប់​សរុប​នៅ​ថៃ​ឡើងដល់ ៣០​នាក់​ហើយ​។​

 
​លោក​វេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ប្រយុទ្ធ COVID-19 ថៃ បញ្ជាក់ថា ករណី​ស្លាប់​ទី​២៨ គឺជា​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់ អាយុ ៤៨​ឆ្នាំ ដែល​ធ្លាប់​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ភូ​កេ​ត កាលពី​ថ្ងៃ​១៨-២១ ខែមីនា​។ លោក​ធ្លាក់ខ្លួន​ឈឺ​កាលពី​ថ្ងៃ​២២ មីនា ។ ក្រោយ​ចេញ​រោគសញ្ញា បុរស​រូបនេះ បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ខេត្ត​ឈុន​បូរី ហើយ​បាត់​បង់ជីវិត កាលពី​ថ្ងៃ​៥ មេសា​។ នេះ​បើតាម​ការផ្សាយ​កាសែត​បាងកក​ប៉ុ​ស្ត៍​។​
 
​ចំណែក ករណី​ស្លាប់​ទី​២៩ គឺជា​អ្នកជំនួញ​ឥណ្ឌា​អាយុ​៦៩​ឆ្នាំ ដែលមាន​ជំងឺ​ទឹកនោមផ្អែម​និង​បេះដូង​។ លោក​វេជ្ជបណ្ឌិត Taweesin បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា បុរស​រូបនេះ​ធ្លាប់ខ្លួន​ឈឺ​កាលពី​ថ្ងៃ​១៧  មីនា ហើយ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ក្នុង​ក្រុង​បាងកក​។ ថ្ងៃទី​២១ មីនា លោក​ចេញ​រោគសញ្ញា COVID-19 ហើយ​បាន​បញ្ជូនទៅ​បន្ទប់ ICU នៅ​ថ្ងៃ​២៩ ខែមីនា​។ លោក​ស្លាប់​ដោយសារ​COVID-19​នៅ​ថ្ងៃ ៧ ខែមេសា​។​
 
​ចុងក្រោយ ករណី​ស្លាប់​ទី​៣០ គឺ​បុរស​អាមេរិក​អាយុ​៦៩​ឆ្នាំ ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​។ លោក​ធ្លាក់ខ្លួន​ឈឺ​កាលពី​ថ្ងៃ​៩ មីនា ដោយមាន​រោគសញ្ញា COVID-19 ហើយ​បាន​ទៅរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ខេត្ត ឈុន បូរី កាលពី​ថ្ងៃ​២១ មីនា​។ លោក​បាត់​បង់ជីវិត​កាលពី​ថ្ងៃ​៧ មេសា​។ នេះ​បើតាម​លោក Taweesin​។​
 
​និយាយ​ដល់​ករណី​ឆ្លង​ថ្មី លោកអ្នក​នាំពាក្យ Taweesin អះអាងថា ក្នុងចំណោម​អ្នកជំងឺ​ថ្មី​ទាំង​ជាង​១០០​នាក់ អ្នកជំងឺ​៤២​នាក់​គឺជា​ជនជាតិ​ថៃ​ដែល​ត្រលប់​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​ចូលរួម​ពិធី​សាសនា​ឥស្លាម និង​៣៧​នាក់​ផ្សេងទៀត​មាន​ទំនាក់​ទំនងជា​អ្នកជំងឺ​ចាស់​។ លោក​សង្កត់ធ្ងន់ថា​៖«​ពលរដ្ឋ​ថៃ​ទើប​ត្រលប់​ពី​បរទេស នឹងត្រូវ​តាមដាន​ដិតដល់​៕

Tag:
 ថៃ​
  ជនបរទេស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com