COVID-19
កីឡាជាតិ
ជាតិ
រឿង សោភ័ណ្ឌ យកលុយបានពីប្រដាល់ ទៅទិញអង្ករ និងសម្ភារ ចែកពលរដ្ឋក្រីក្រនៅកំពង់ស្ពឺ សកម្មភាពកីឡាករ រឿង សោភ័ណ្ឌ ចែកអំណោយជូនពលរដ្ឋជួបទុក្ខលំបាកនៅឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
× អ្នកលេងគុនខ្មែរជួរមុខកម្ពុជាកីឡាករ រឿង សោភ័ណ្ឌ បាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៅចែកជូនពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារនៅខេត្តកំពង់ស្ពឺ។ សោភ័ណ្ឌ រំពឹងថា ជំនួយរបស់ខ្លួននឹងអាចជួយដោះស្រាយជីវភាពពលរដ្ឋបានមួយរយៈក្នុងអំឡុងពេលកម្ពុជាកំពុងប្រឈមការរាតត្បាតនៃជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុស(កូវីដ-១៩)។
ដោយធ្លាប់ឆ្លងកាត់ភាពក្រីក្រ ធ្វើឲ្យកីឡាករ រឿង សោភ័ណ្ឌ មានការយល់ដឹងច្រើនពីសុខទុក្ខរបស់ពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលជួបវិបត្តិ។ កត្តានេះ បានជំរុញឲ្យអ្នកលេងគុនខ្មែរជួរមុខកម្ពុជារូបនេះ ចំណាយថវិកាផ្ទាល់ខ្លួនទិញសម្ភារចែកជូនពលរដ្ឋតាមបណ្តាខេត្តនានា ដែលមានជីវភាពខ្វះខាត ក្នុងន័យរួមចំណែកកាត់បន្ថយការចំណាយរបស់ពលរដ្ឋទាំងនោះ។
ជាក់ស្តែងកាលពីថ្ងៃទី៥ មេសា ឆ្នាំ២០២០ កីឡាករ រឿង សោភ័ណ្ឌ បានចំណាយថវិកាផ្ទាល់ខ្លួនដែលបានមកពីការឡើងសង្វៀនប្រដាល់ទិញអង្គរ និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ ស្ថិតនៅក្នុងឃុំវល្លិ៍ស ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាម សោភ័ណ្ឌ ក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម មី២៥កញ្ចប់ ត្រីខ១យួរ និងទឹកត្រី១យួរ។ តែយ៉ាងណា កីឡាកររូបនេះ មិនបានប្រាប់ពីចំនួនថវិកា ដែលបានចំណាយលើការទិញសម្ភារទាំងនេះនោះទេ គ្រាន់តែបញ្ជាក់ថា ថវិកាទិញសម្ភារទាំងនេះ ក៏មានការរួមចំណែកតិចតួចពីសប្បុរសជនផងដែរ។
ការធ្លាប់ឆ្លងកាត់ការរស់នៅក្នុងស្ថានភាពក្រលំបាក គឺហេតុផលតែមួយគត់ដែលជំរុញឲ្យកីឡាករ រឿង សោភ័ណ្ឌ ធ្វើបែបនេះ។ ក្នុងបទសម្ភាសាជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទកីឡាកររូបនេះបានបញ្ជាក់ថា៖«ដោយសារខ្ញុំធ្លាប់ក្របង ខ្ញុំដឹងថា អ្នកក្រគាត់ជួបទុក្ខលំបាកអ្វីខ្លះ»។
សម្រាប់កីឡាករ រឿង សោភ័ណ្ឌ ទោះបីជំនួយនេះមានចំនួនតិចតួច តែរូបគេសប្បាយចិត្ត ដែលបានរួមចំណែកជួយពលរដ្ឋក្នុងអំឡុងពេលពួកគេជួបទុក្ខលំបាក។ «ខ្ញុំសប្បាយចិត្តដែលបានជួយបងប្អូនដែលជួបទុក្ខលំបាក ជាចុងក្រោយសូមជូនពរពុកម៉ែបងប្អូនទាំងអស់ឲ្យជៀសផុតពីជំងឺកូវីដ-១៩ និងសូមរក្សាអនាម័យទាំងអស់គ្នា»។ នេះជាការបង្ហាញអារម្មណ៍របស់កីឡាករ រឿង សោភ័ណ្ឌ ក្រោយយកអំណោយចែកជូនពលរដ្ឋជួបទុក្ខលំបាករួច៕
Tag:
ប្រដាល់គុនខ្មែរ
រឿង សោភ័ណ្ឌ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com