COVID-19
ជាតិ
Covid-19៖ កាលៈទេសៈ​នេះ ប្រជាជន​ត្រូវ​ស្តាប់​រដ្ឋាភិបាល ដើម្បី​កម្ពុជា​ខាតបង់​តិច​
08, Apr 2020 , 3:39 pm        
រូបភាព
​គេ​គួរតែ​នៅចាំ​បាន ព័ត៌មាន​ស្តីពី​កុមារ​ពិការ​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​ស្លាប់ ដោយសារតែ​ឪពុក​របស់គេ ដែលជា​អ្នក​ថែទាំ បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ហើយ​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក ជាហេតុ​ធ្វើឱ្យ​កុមារ​នោះ​គ្មាន​អ្នក​ថែទាំ​។ តើ​គួរឱ្យ​សង្វេគ​យ៉ាងណា នៅពេលដែល​គេ​ឃើញ​រូបភាព​នៃ​ទីក្រុង​មួយ ប្រែ​ស្ងាត់ជ្រងំ ដោយសារតែ​រដ្ឋាភិបាល​ប្រកាស​បិទ​ទីក្រុង កាត់បន្ថយ​ចរាចរណ៍​? នៅ​អឺរ៉ុប មនុស្ស​ស្លាប់​រាប់ម៉ឺន​នាក់​ហើយ​។ នៅ​កម្ពុជា នៅពេល​ចាប់ផ្តើម​មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ពលរដ្ឋ​ខ្មែរ​ក៏​ភ័យខ្លាច​ដែរ ហើយ​ម្នាក់ៗ​នៅ​រង់ចាំ​ស្តាប់​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​អំពី​ករណី​ឆ្លង​យ៉ាង​អន្ទះសារ​។ ទាំងអស់នេះ គឺជា​រឿង​ពិត​។ ពលរដ្ឋ​កម្ពុជា ត្រូវតែ​សហការ និង​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋាភិបាល ដើម្បី​កុំឱ្យ​កម្ពុជា​ខាតបង់​ធំធេង ដោយ​បន្សល់ទុក​នូវតែ​វិប្បដិសារី​។​

 
​កម្សួល​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ បាន​កើតឡើង​នៅក្នុង​ទីក្រុងវូហាន នៃ​ខេត្ត​ហ៊ូ​ប៉ី​របស់​ប្រទេស​ចិន​ក្នុងអំឡុង​ខែមករា​ឆ្នាំ​២០២០​នេះ​។ កម្ពុជា​ក៏បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ទីមួយ​លើ​ជនជាតិ​ចិន ដែល​មកពី​ក្រុង​វូហាន នៅក្នុង​ខេត្ត​មាត់សមុទ្រ​ព្រះសីហនុ​នៅ​ថ្ងៃទី ២៧ ខែមករា​នោះដែរ​។ ជាង​មួយខែ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី ៧​ខែមីនា ករណី​ទី​២ ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្តសៀមរាប លើ​បុរស​ជនជាតិខ្មែរ (​ទី​១) នៅក្នុង​ខេត្តសៀមរាប ដែល​បាន​ឆ្លង​មេរោគ​ពី​អ្នកជំនួញ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​បាន​ចាក​ចេញពី​កម្ពុជា​បាត់ទៅហើយ​។​
 
​ជាង​២​ខែ​ចុង​ក្រោយនេះ ពោលគឺ​រាប់​ចាប់ពី​ករណី​ដំបូង​លើ​ជនជាតិ​ចិន​នៅ​ចុងខែ​មករា​មក​នោះ ដល់​ថ្ងៃទី​៨​ខែមេសា​នេះ កម្ពុជា​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១១៧​នាក់ ហើយ​ក្នុងចំណោម​នោះ មាន​អ្នកជា​សះស្បើយ​ចំនួន​៦៣​នាក់ និង​ពុំមាន​អ្នក​បាត់​បង់ជីវិត​ឡើយ​។ គេ​គួរ​កត់សម្គាល់ថា ក្នុងចំណោម​ករណី​ដែល​ត្រូវបាន​រកឃើញ បើទោះជា​មាន​កើត​លើ​ជនជាតិខ្មែរ​ក៏ពិតមែន តែ​វា​សុទ្ធសឹងតែ​ជា​ករណី​នាំចូល​ស្ទើរតែ​ទាំងអស់ (​ឆ្លង​នៅ​បរទេស​)​។ ក្នុងចំណោម ១១៧​ករណី​នោះ (​គិត​ត្រឹម​ថ្ងៃទី​៨​មីនា​) កម្ពុជា​រកឃើញ អ្នកជំងឺ​កូ​វីដ​ជា​ជនជាតិខ្មែរ​ចំនួន ៥១​នាក់ និង​បរទេស ៦៦​នាក់ (៩ ជនជាតិ​)​។​
 
​ដោយឡែក ករណី​ជាសះស្បើយ​ទាំង​៦៣​នោះ​រួមមាន​៖ ជនជាតិខ្មែរ ៣២​នាក់ បារាំង​១៩​នាក់ ម៉ាឡេស៊ី ៧​នាក់ អង់គ្លេស​៣​នាក់ ប៊ែ​ល​ហ្ស៊ិ​ក​១​នាក់ និង​ជនជាតិ​ចិន​១​នាក់​។​
 
​រហូត​ពេលនេះ មាន​ប្រទេស និង​ដែនដី​ចំនួន​២១០ នៅលើ​ពិភពលោក ត្រូវបាន​យាយី​ដោយ​ជំងឺឆ្លង​រាតត្បាត​ជា​សាកល កូ​វីដ​-១៩​។ ពិភពលោក​បាន​ពើបប្រទះ​ឡើងវិញ នូវ​អារម្មណ៍​រើសអើង​ពូជសាសន៍ ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច​។ ប្រទេស​នីមួយៗ បាន​រង​ទុក្ខ និង​ជួប​ពិសោធន៍​ផ្សេងៗ​គ្នា ហើយក៏​មាន​វិធានការ​ដោះស្រាយ និង​ប្រឆាំង​កូ​វីដ​-១៩ ផ្សេងៗ​គ្នា​ដែរ​។ ចុះ​កម្ពុជា​? មាន​ទិដ្ឋភាព​សំខាន់​៣ ដែល​កម្ពុជា​កំពុង​អនុវត្ត​៖
 
​ការត្រៀម​លក្ខណៈ​ជាមុន​
 
​ការត្រៀម​លក្ខណៈ​ជាមុន គឺជា​គន្លឹះ នៃ​ដំណោះស្រាយ​។ រដ្ឋាភិបាល​កម្ពុជា ហាក់​បានធ្វើ​ការងារ​២ ក្នុងពេល​តែមួយ​។ ការងារ​ទីមួយ​ចំពោះមុខ គឺ​ការគ្រប់គ្រង​អារម្មណ៍​ប្រជាជន ដើម្បី​បញ្ចៀស​ភាព​ស្លន់ស្លោ និង​ចលាចល​ក្នុងសង្គម ហើយ​ខិតខំ​ធ្វើ​ការងារ​ទី​ពីរ​ពី​ខាងក្រោយ គឺ​ការគិតគូរ​ត្រៀមលក្ខណៈ និង​ត្រៀម​សេណា​រី​យ៉ូ ក្នុង​ក្របខណ្ឌ​នៃ​ការដឹកនាំ​ប្រទេស​ចំពោះមុខ​វិបត្តិ​។​
 
​បើទោះជា ករណី​វិជ្ជមាន​កូ​វីដ​១៩ ត្រូវបាន​រកឃើញ​តិចតួច ប៉ុន្តែ​វិធានការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ដែល​ត្រូវ​បានប្រកាស​ជា​បន្តបន្ទាប់​ដោយ​ប្រមុខ​រដ្ឋាភិបាល បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​យ៉ាងខ្ពស់​បំផុត និង​ដោយ​មិន​មើលស្រាល​ស្ថានការណ៍​ឡើយ ចំពោះ​យុទ្ធនា​ការប្រឆាំង​កូ​វីដ​-១៩ ដែល​អាច​បំផ្លាញ​សុខភាព​សាធារណៈ​របស់​កម្ពុជា​។ ក្នុងដំណាក់កាល​ដំបូង សម្តេចនាយក​រដ្ឋមន្ត្រី​បានប្រកាស​ត្រៀម​ថវិកា​ពី​៨០០​លាន​ដុល្លារ ដល់​២០០០​លាន​ដុល្លារ​, បម្រុង​សាលារៀន និង​សណ្ឋាគារ នៅតាម​មូលដ្ឋាន​ដើម្បី​ដាក់​អ្នកជំងឺ​កូ​វីដ បិទ​គ្រឹះស្ថានសិក្សា និង​អំពាវនាវ​ដល់​ម្ចាស់​អគារ​បន្ថយ​ថ្លៃឈ្នួល​។ បន្ទាប់មក ត្រៀម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​៤០០​នាក់ លើកទឹកចិត្ត​គ្រូពេទ្យ ត្រៀម​ម៉ាស់ អាល់កុល ទឹក​សុទ្ធ​បរិភោគ ផ្អាក​ការនាំចេញ​ស្រូវ​អង្ករ រួមទាំង​ការត្រៀម​ច្បាប់​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ទៀតផង​។ ចុងក្រោយ​នេះ គឺ​ការផ្អាក​ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ហើយ​រាល់​ការងារ​តាម​ស្ថាប័នរដ្ឋ និង​ឯកជន នៅ​បន្ត​ជាធម្មតា​។ គោលដៅ គឺ​ទប់ស្កាត់​ការ​ចរាចរណ៍​របស់​ពលរ​ដ្ឋ​ខ្មែរ​។ ការ​ចរាចរណ៍​របស់​មនុស្ស ការជួបជុំ​នោះ​ហើយ​ជា​ប្រភព​នៃ​ការឆ្លង​ជំងឺ​។​
​ស្មារតី​សាមគ្គី​ជួយ​គ្នា​នៅតែ​មាននៅ​កម្ពុជា​
 
​រាល់​ពេលដែល​កម្ពុជា​ជួប​សោកនាដកម្ម និង​ទុក្ខលំបាក ហើយ​ត្រូវការ​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ ប្រជាជាតិ​ខ្មែរ​មិនដែល​ចោល​គ្នា​ឡើយ​។ មូលនិធិ​ធំ​តូច​ត្រូវបាន​បង្កើតឡើង​ភ្លាម​ដើម្បី​ប្រមូល​ថវិកា​ជួយ​ជនរងគ្រោះ តាមរយៈ​រដ្ឋាភិបាល និង​ក្នុង​វិស័យ​ឯកជន ក៏ដូចជា​តាមរយៈ​បុគ្គល​ផងដែរ​។​។ ឧទាហរណ៍​ជាច្រើន​បាន​កើតមាន​រួចមកហើយ​ដូចជា​៖ មូលនិធិ​ជួយ​កងទ័ព​ការពារ​ព្រំដែន  មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា សោកនាដកម្ម​បាក់​រលំ​អគារ និង​បច្ចុប្បន្ន យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​។ អ្នកមាន​ធនធាន​មួយចំនួន​បាន​ទិញ​អង្ករ និង​គ្រឿង​បរិភោគ​ផ្សេងៗ​ចែកជូន​អ្នកក្រខ្សត់​។ អ្នកខ្លះ ទិញ​អាល់កុល និង​ម៉ាស់ ចែកជូន​អ្នកធាក់ស៊ីក្លូ និង​អ្នកប្រមូល​សំរាម ។​ល​។​
 
​មន្ត្រីរាជការ មន្ត្រី​រដ្ឋាភិបាល សមាជិកសភា កង​ប្រដាប់អាវុធ នគរបាល អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បាន​ចូលរួម​ផ្តល់ប្រាក់​បៀវត្សរ៍​របស់​ពួកគេ​ទៅ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ តាម​ការអំពាវនាវរ​បស់​សម្តេចនាយក​រដ្ឋមន្ត្រី បន្ទាប់ពី​មានការ​ផ្តល់​មូលនិធិ​ពី​សប្បុរសជន​ធំៗ​ក្នុង​វិស័យ​ឯកជន​ក្នុងពេល​កន្លងមក​។​
 
​សារព័ត៌មាន​ក៏បាន​ខិតខំ​ផលិត​សារ​អប់រំ ផ្តល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដល់​ប្រជាជន​គ្រប់ទិសទី​។​
 
​​គ្រប់គ្នា​បាន​ធ្វើតាម​លទ្ធភាព និង​សមានចិត្ត​រៀងៗ​ខ្លួន​។ សមាជិក​នៃ​ចលនា​យុវជន​ដ៏​ធំជាងគេ គឺ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏បាន​ដើរ​ចែក​ផ្ទាំង​បដា ខិត្តប័ណ្ណ​អប់រំ ទឹក​អាល់កុល ម៉ាស់ ដល់​ប្រជាជន​តាម​ភូមិ​ដោយផ្ទាល់​។ ប្រធាន​ចលនា​យុវជន លោក ហ៊ុន ម៉ា​នី ដែលជា​តំណាងរាស្ត្រ​ផង បាន​សរសេរ​ផ្ញើ​សារ​ញឹកញាប់ តាមរយៈ​ប​ណ្ញា​ញ​សង្គម ដើម្បី​បំផុសគំនិត​ឱ្យ​ប្រជាជាតិ​រឹងមាំ​ជាមួយគ្នា ជួយ​យកអាសារ​គ្នា ដើម្បី​ឆ្លង​ផុត​គ្រា​លំបាក​ជាមួយគ្នា​។​
 
​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ពិតជា​សាហាវ​។ វា​កំពុងតែ​សម្លាប់​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​។ ថ្នាក់ដឹកនាំ​កំពូល មន្ត្រី​រដ្ឋាភិបាល បុគ្គ​លសាធារណៈ​មួយចំនួន​នៃ​ប្រទេស​ជឿនលឿន​បាន​ក្លាយជា​អ្នកជំងឺ​កូ​វីដ​-១៩​។ រដ្ឋាភិបាល​ខ្លះ ក៏​បង្ហាញ​ការសោកស្តាយ និង​វិប្បដិសារី ក្រោយពី​បាន​ធ្វេសប្រហែស មិនបាន​ប្រយ័ត្នប្រយែង​ជាមុន​។

រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន​បានប្រកាស​បិទ​ប្រទេស បិទ​តំបន់​ខ្លះ​ក្នុងប្រទេស​ខ្លួន និង​បានប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ទៀតផង​។​
 
​​នៅ​កម្ពុជា រដ្ឋាភិបាល​បាន​ប្រុងប្រៀប​តាម​ដំណាក់កាល បង្ការ ការពារ រួច​អស់ហើយ នៅឡើយ​តែ​ការចូលរួម​ដ៏​មធ្យ័ត​ពី​ប្រជាពលរដ្ឋ​។​
 
​គោលការណ៍​មនុស្សធម៌ និង​គ្មាន​ការរើសអើង​
 
​​រហូតដល់​ពេលនេះ ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ស្ទើរតែ​ទាំងអស់ គឺជា​ករណី​នាំចូល​។ ក្នុងចំណោម​អ្នកជំងឺ​ទាំងអស់ ក៏មាន​ជនជាតិ​បរទេស ដែល​ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ ហើយ​ត្រូវបាន​ព្យាបាល​ដោយ​ក្រុមគ្រូពេទ្យ​ខ្មែរ​ដែរ​។ 
 
​តាំងពីដើម​ខែកុម្ភៈ នាវា​ទេសចរណ៍  Westerdam ដែល​ផ្ទុក​មនុស្ស​ជាង​២២០០​នាក់ ដោយ​ក្នុងនោះ​មាន​អ្នកទេសចរ​ជាង​១៤០០​នាក់ ត្រូវបាន​ប្រទេស និង​រដ្ឋបាល​ដែន​កោះ​ចំនួន​៦ បដិសេធ​មិនឱ្យ​ចូល​ចត​ក្នុង​ផែ​របស់​ពួកគេ ក្រោម​មូលហេតុ​សង្ស័យ​វត្តមាន​ករណី​ជំងឺ​កូ​វីដ​-១៩​។​
 
​ប៉ុន្តែ នៅ​ថ្ងៃទី​១២​ខែកុម្ភៈ កម្ពុជា​ត្រូវបាន​សារព័ត៌មាន​លើ​ពិភពលោក​សរសេរ​ចុះផ្សាយ​ដែល​ទាក់ទង​នឹង​ការសម្រេចចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បានប្រកាស​ទទួល​នាវា​ទេសចរណ៍ Westerdam​។ ការណ៍​ដែល​ទុកឱ្យ​មនុស្ស​ជាង ២២០០​នាក់ នៅ​អណ្តែតត្រសែត​ក្នុង​មហាសមុទ្រ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី​ហៅថា «​វិបត្តិ​មនុស្សធម៌​»​។ 
 
​ទីបំផុត មនុស្ស​ជាង​២២០០​នាក់​ចម្រុះ​ជាតិ​សាសន៍ បាន​ហោះហើរ​ចេញពី​កម្ពុជា ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​រៀងៗ​ខ្លួន​វិញ ជាមួយនឹង​ការ​អរគុណ និង​គាំទ្រ​ពាក្យស្លោក​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រើ​ដើម្បី​ទទួល​ពួកគេ គឺ  «​កម្ពុជា​តូច តែ​ចិត្ត​ទូលាយ​»  (A small country with a big heart)​។​
 
​ជនបរទេស​ជាង​២០០០​នាក់​បាន​ត្រឡប់​ចាក​ចេញពី​ប្រទេស​កម្ពុជា​ដោយ​សុវត្ថិភាព និង​គ្មាន​ជំងឺ​។ នៅសល់តែ​កម្ពុជា​ក្នុង​ពេលនេះ ដែល​ត្រូវការ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​វិធាន​អនាម័យ​ផ្ទាល់ខ្លួន ក្នុង​គ្រួសារ ក្នុង​សហគមន៍ ស្តាប់​តាម​ការណែនាំ​របស់​រដ្ឋា​ភិ​បាល ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com