COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកកីឡា​ល្បីៗ​នៅ​ប្រេ​ស៊ី​ល ចេញមុខ​ជួយ​ប្រយុទ្ធ​នឹង COVID-19 ក្នុងប្រទេស​
08, Apr 2020 , 4:13 pm        
រូបភាព
អតីតអត្តពលិកប្រេស៊ីលកំពុងរៀបចំស្បៀងដើម្បីជួយប្រជាជនដែលកំពុងខ្វះខាតដោយសារវិបត្តិ COVID-19
អតីតអត្តពលិកប្រេស៊ីលកំពុងរៀបចំស្បៀងដើម្បីជួយប្រជាជនដែលកំពុងខ្វះខាតដោយសារវិបត្តិ COVID-19
​ដោយសារ​ជំងឺឆ្លង COVID-19 រាតត្បាតជា​លំដាប់​ក្នុងប្រទេស​ប្រេ​ស៊ី​ល និង​គំរាម​ឲ្យ​មាន​ភាពវឹកវរ​ក្នុង​តំបន់​ដែលមាន​ប្រជាជន​ច្រើន អត្ត​ព​លិ​ក​ល្បីឈ្មោះ​មួយចំនួន​ក្នុងប្រទេស​នេះ ចាប់ផ្តើម​បង្កើន​ការជួយជ្រោមជ្រែង​ដល់​សហគមន៍​ដែល​ងាយ​រងគ្រោះ​បំផុត​។​


 
​ម្ចាស់​មេដាយ​យូ​ដូ​អូឡាំពិក Flavio Canto ក៏​ស្ថិត​ក្នុងចំណោម​អត្ត​ព​លិ​ក​ដែល​បាន​លះបង់​ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ ក្នុងប្រទេស​ដ៏​ធំ​បំផុត​នៅ​អាមេរិក​ឡាទីន​មួយ​នេះដែរ​។ ប្រេ​ស៊ី​ល​មាន​តួលេខ​អ្នក​ឆ្លង​ជាង​១៤០០០​នាក់ និង​ជិត​៧០០០​នាក់​បាន​ស្លាប់​ដោយសារ COVID-19 គិត​ត្រឹម​ថ្ងៃទី​៨ ខែមេសា​។​
 
​ម្ចាស់​មេដាយ​សំរឹទ្ធ​ក្នុង​វិញ្ញាសា​យូ​ដូ​បុរស​ក្នុង​ប្រភេទ​ទម្ងន់​៨១​គីឡូក្រាម នៃ​កីឡា​អូឡាំពិក​ក្រុង​អាថែន​ឆ្នាំ​២០០៤ រូបនេះ ជា​អត្ត​ព​លិ​ក​ល្បីល្បាញ​ម្នាក់​នៅ​ប្រេ​ស៊ី​ល​ដោយសារ​ស្នាដៃ​របស់​រូប​គេ​ជាមួយ​អង្គការ​សប្បុរស​ធម៌​ដែល​ប្រើ​ក្បាច់គុន​ដើម្បី​ជួយ​ផ្លាស់​ប្តូរជីវិត​យុវវ័យ​ក្នុងប្រទេស​នេះ​។​
 
Canto បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា​៖« នៅពេល​វិបត្តិ​ទាំងអស់នេះ​រលាយ​អស់ អ្នក​ដែលមាន​អ្វីៗ​ច្រើន​នឹង​ប្រែជា​មាន​តិច​វិញ ប៉ុន្តែ​ពួកគេ​នឹងមាន​ច្រើន​ជាងនេះទៅទៀត ដោយ​ពួកគេ​មាន​កាតព្វកិច្ច​ជួយ​អ្នក​ដែល​គ្មានអ្វី​សោះ​នោះ​»​។​
 
​អ្នកកីឡា​យូ​ដូ​វ័យ​៤៥​ឆ្នាំ​រូបនេះ សព្វថ្ងៃ​កំពុង​រៃអង្គាសប្រាក់​សម្រាប់​គម្រោង​មួយ​ដែល​នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ដល់​គ្រួសារ​រាប់ពាន់​គ្រួសារ​នៅ​ក្រុង Rio និង​ក្រុង Cuiaba ដែល​ស្ថិតនៅ​ដាច់​ពី​គេ ឬ​មាន​វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារតែ​ភាព​អត់​ការងារ​ធ្វើ​ដែល​បង្កដោយ​ជំងឺ COVID-19​។​
 
​ក្នុង​ប្រទេសមួយ​ដែលមាន​អំពើពុករលួយ​រាលដាល និង​ស្របពេល​យុទ្ធសាស្ត្រ​ការពារ​ការចម្លង COVID-19 របស់​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​កំពុង​ស្ថិតក្នុង​ការត្រួត​ពិនិត្យ​នោះ លោក Canto បានផ្តល់​ជា​យោបល់​ថា​អត្ត​ព​លិ​ក​គឺជា​ក្រុម​ដ៏​ល្អ​បំផុត​ក្នុង​ការចូលរួម​ប្រឹងប្រែង​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់ ពីព្រោះ​ពួកគេ​ទទួលបាន​ការជឿទុកចិត្ត​ពី​សំណាក់​ប្រជាជន​យ៉ាងច្រើន​។​
 
​ក្រៅពី Canto ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ក៏បាន​រាយការណ៍​ផងដែរ​ថា ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល Neymar, Roberto Firmino និង Paulinho ជាដើម​ក៏បាន​ចូលរួមចំណែក​ជួយ​ប្រជាជន​ក្នុងប្រទេស​កំណើត​របស់​ពួកគេ​ផងដែរ​៕

Tag:
 COVID-19
  Flavio Canto
© រក្សាសិទ្ធិដោយ thmeythmey.com