COVID-19
អន្តរជាតិ
រុ​ស្សុី ត្រៀម​ធ្វើតេស្ត​វ៉ាក់សាំង COVID-19 លើ​មនុស្ស​នៅ​ខែមិថុនា​
08, Apr 2020 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ:
​នៅ​ថ្ងៃទី​៧ ខែមេសា លោក Rinat Maksyutov​ ​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កំពូល​របស់​រុ​ស្ស៉ី បាន​ប្រាប់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ថា មន្ទីរពិសោធន៍​របស់​លោក​បាន​ត្រៀម​រួចរាល់​ហើយ សម្រាប់​ធ្វើតេស្ត​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 លើ​មនុស្ស​នៅ​ខែមិថុនា​។ នេះ​យោងតាម​ទីភ្នាក់ងារ​សារ​ព័​ត៍​មាន AFP​។

 
​លោក Rinat Maksyutov​ ប្រធាន​មជ្ឈមណ្ឌល​រដ្ឋ​វីរុស​វិទ្យា និង​ជីវ​បច្ចេកវិទ្យា Vektor  បាន​និយាយថា មជ្ឈមណ្ឌល​របស់លោក​បាន​លើកសំណើ​ដើម្បី​ធ្វើតេស្ត​ដំបូង​លើ​មនុស្ស ដោយ​ប្រើប្រាស់​វ៉ាក់សាំង​៣​ប្រភេទ និង​មាន​អ្នកស្ម័គ្រចិត្ត​ចំនួន​១៨០​នាក់​។ ការធ្វើ​តេស្ត​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៩ ខែមិថុនា​ខាងមុខ​។ 
 
​ក្នុងជំនួប​វីដេអូ​ជាមួយ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន លោក Maksyutov បាន​បញ្ជាក់ថា​៖ « ក្រុម​អ្នកស្ម័គ្រចិត្ត​ត្រូវបាន​បង្កើតឡើង​ហើយ​។ យើង​ទទួលបាន​សំណើ​ពី​មនុស្ស​ជាង​៣០០​នាក់​»​។ 
 
​អ្នកវិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល​ពិសោធន៍​សំងាត់​ខាងលើ​ដែល​ស្ថិតនៅ​ប្រជុំជន Koltsovo ក្នុង​ទីក្រុង​Novosibirsk ក្រៅ​តំបន់​ស៊ី​បេ​រី បាន​ផលិត​គំរូ​វ៉ាក់សាំង​ជាច្រើន​ប្រភេទ​។ ការធ្វើ​តេស្ត​គំរូ​វ៉ាក់សាំង​ទាំងនោះ ក៏ត្រូវ​បានធ្វើ​លើស​ត្វ​កណ្តុរ ទន្សាយ និង​សត្វ​ដទៃទៀត​រហូតដល់​ថ្ងៃទី ៣០ ខែមេសា​ដើម្បី​កំណត់​ពី​ភាពជោគជ័យ​របស់​វា​។​
 
​មជ្ឈមណ្ឌល Vektor គ្រោង​នឹងធ្វើ​តេស្ត​លើ​សត្វ​សិន​នៅ​ថ្ងៃទី​២២ ខែមិថុនា មុននឹង​ធ្វើតេស្ត​លើ​មនុស្ស​។  បើតាម​លោក Maksyutov បើសិន​មានការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​រុ​ស្ស៉ី ការធ្វើ​តេស្ត​វ៉ាក់សាំង​លើ​មនុស្ស​អាច​នឹង​ចាប់ផ្តើម​នៅ​ខែឧសភា​តែម្ដង​។ លោក​បន្ថែមទៀតថា មន្ទីរពិសោធន៍​នៅ​មជ្ឈមណ្ឌល Vektor មាន​បច្ចេកវិទ្យា​ដែល​ធ្លាប់ធ្វើ​តេស្ត​មនុស្ស​សម្រាប់​ជំងឺឆ្លង​ពីមុនៗ និង​ក៏​អាច​ប្រើ​សម្រាប់ COVID-19 ដែរ​។ 
 
​មន្ទីរពិសោធន៍ នៅ​មជ្ឈមណ្ឌល Vektor ធ្លាប់ជា​កន្លែង​ស្រាវជ្រាវ​អាវុធ​ជីវសាស្ត្រ​ក្នុង​ជំនាន់​សហភាពសូវៀត ហើយ​ក៏មាន​ផ្ទុក​ផងដែរ​វីរុស​ជំងឺ​អេ​បូ​ឡា និង​ជំងឺ​អុតតូច​។​
 
​គិត​ត្រឹម​ថ្ងៃទី​៧ មេសា ចំនួន​អ្នក​ឆ្លង COVID-19 នៅ​រុស្ស៊ី មាន​ចំនួន​៧,៤៩៧​នាក់ ចំណែកឯ​អ្នក​ស្លាប់មាន​ចំនួន​៥៨​នាក់ ប៉ុន្តែ​គេ​ជឿថា​ចំនួន​ពិតប្រាកដ​មាន​ច្រើនជាង​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com