COVID-19
ជាតិ
សង្គមជាតិ
សម្តេច​សង្ឃ ណែនាំ​មិន​ឲ្យ​បរិស័ទ​ប្រមូលផ្តុំ​ក្នុង​វត្ត ដូច​រាល់​ឆ្នាំ​ឡើយ​
08, Apr 2020 , 7:19 pm        
រូបភាព
ជួរខាងមុខ៖ សម្តេច បូរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ (ឆ្វេងដៃ) និង សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ ចូលរួមក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ (រូបពីគណនីហ្វេសប៊ុក SamdechDr Sovanratana)
ជួរខាងមុខ៖ សម្តេច បូរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ (ឆ្វេងដៃ) និង សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ ចូលរួមក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ (រូបពីគណនីហ្វេសប៊ុក SamdechDr Sovanratana)
ដោយ: ថ្មីៗ
​សម្តេច ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក បានប្រកាស​ឲ្យ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មានការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន តាម​ទីវ​ត្ត​អារាម​។ សម្តេច ន​ន្ទ ង៉ែត បាន​សរសេរ​លិខិត​ស្តីពី​ការផ្អាក​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំនេះ នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ ប្រគេន​ទៅគ្រប់​ព្រះ​មេគណ ព្រះ​អនុគណ និង ព្រះគ្រូ​ចៅអធិការ នៅ​ទូទាំងប្រទេស​។

   

 
​ទន្ទឹមនឹងនេះ សម្តេចព្រះ​សង្ឃនាយក បាន​ណែនាំ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​គ្រប់រូប រៀបចំ​គ្រឿង​សក្ការបូជា ថ្វាយ​ព្រះ​រតនត្រ័យ រៀបចំ​ចំណី​និង​ផ្លែឈើ ជាដើម ជូន​មាតាបិតា ត្រកូល​រៀមច្បង ព្រមទាំង​រៀបចំ​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី នៅ​គេហដ្ឋាន​រៀងៗ​ខ្លួន តាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី​។ 
 
​សម្តេច ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក មាន​សង្ឃដីកា​ថា ប្រជា​ពុទ្ធបរិស័ទ គួរ​គោរពបូជា​មាតាបិតា និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅតាម​គេហដ្ឋាន​បាន​ហើយ ដោយ​ព្រះអង្គ មិន​ចង់​ឲ្យ​ទៅ​ជួបជុំគ្នា​ច្រើន​កុះករ​នៅ​វត្ត​អារាម​ឡើយ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ សម្តេច ឃឹម សន មានព្រះ​ថេរដីកា​ថា​៖«​យើង ផ្អាក​កុំ​ឲ្យ​ព្រះសង្ឃ ប្រារព្ធ [​ពិធី​ចូលឆ្នាំ​] គឺ​ជៀសវាង​ការប្រមូល​ផ្តុំគ្នា​នៅ​ទីវ​ត្តអារាម​ហ្នឹង ខ្លាច វា មាន​ហានិភ័យ​កើតឡើង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩»​។​
 
​យ៉ាងណា សម្តេច ឃឹម សន លើកឡើងថា ប្រជា​ពុទ្ធបរិស័ទ នៅតែ​អាច​និមន្ត​ព្រះសង្ឃ ទៅ​បង្សុកូល​នៅគេហដ្ឋានបានដដែល​។ សម្តេច សង្កត់ធ្ងន់ថា​៖«​ព្រះសង្ឃ អាច​និមន្ត​ទៅបាន​មួយអង្គ​-​ពីរ​អង្គ មិនមែន​លោក​បដិសេធ​ណា​...​តែ​ហាម​ប្រមូល​ផ្តុំគ្នា ជួបជុំគ្នា​ច្រើនពេក​...»​។ 
 
​ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បន្តថា ព្រះសង្ឃ នៅតែ​រៀបចំ​និង​តុបតែង​ក្នុង​វត្ត​ជាធម្មតា ហើយ​ម្យ៉ាងទៀត ប្រជា​ពុទ្ធបរិស័ទ នៅតែ​អាច​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ឬ​ទៅ​បង្សុកូល​ក្នុង​វត្ត​។ ព្រះអង្គ បញ្ជាក់ថា​៖«​មិនមែន​ប​ដិ​សធ​មិន​ឲ្យ​ចូល [​វត្ត​] ឯណា គ្រាន់តែ​ថា កុំ​ឲ្យ​មានការ​ប្រមូល​ផ្តុំគ្នា ឲ្យ​ច្រើន​ហួសហេតុ ...​ឧបមា​ថា ៤-៥​នាក់​អ៊ីចឹងទៅ ឲ្យ​គាត់​បង្សុកូល ហើយ​ឲ្យ​គាត់​ត្រឡប់​ទៅវិញ​ទៅ ហើយ​៤-៥​នាក់​ទៀត ចូលមក​ទៀត​ទៅ​»​។ 
 
​ចំណែក សម្តេច បូរ គ្រី សម្តេចព្រះមហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ បានចេញ​ព្រះរាជ​សង្ឃប្រកាស នៅ​ថ្ងៃទី​៧ ខែមេសា ស្តីពី​ការអនុវត្ត​វិធានការ​បង្ការ​និង​វិធី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ តាមរយៈ​ព្រះរាជ​សង្ឃប្រកាស សម្តេច បូរ គ្រី ពិត​ថេរ​ដីកា​ទៅ​មន្ត្រី​សង្ឃ​គ្រប់​ឋា​នុ​ក្រម​នៃ​គណៈធម្មយុត្តិកនិកាយ ឲ្យ​ផ្អាក​កម្មវិធី​ផ្សេងៗ ដែលមាន​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ការជួបជុំ​នានា​ក្នុង​វត្ត​ទូទាំងប្រទេស​។ 
 
​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ព្រះរាជសារ​របស់​សម្តេច​សង្ឃ​ទាំងពីរ​គណៈ មានបំណង​ដូចគ្នា គឺ​ផ្អាក​ការរៀបចំ​ពិធី​ផ្សេងៗ ដូចជា រាំរែក និង ការលេង​ល្បែង​ប្រជាប្រិយ ដូចជា ចោល​ឈូង ជាដើម​។ លោក មានប្រសាសន៍ថា បើ​ពុទ្ធ​បរិ​ស័​ទ្ធ យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ គឺ​ត្រូវ​រក្សា​គម្លាត​ពីគ្នា​។  
 
​សូមបញ្ជាក់ថា រដ្ឋាភិបាល បានសម្រេច​លុប​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​២០២០​នេះ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ ហើយតម្រូវ​ឲ្យ​ស្ថាប័នរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន ធ្វើការ​ធម្មតា​ក្នុង​រយៈពេល​នៃ​ការចូល​ឆ្នាំនេះ​។ រដ្ឋាភិបាល នឹង​សង​ថ្ងៃ​ឈប់សម្រាក​ដល់​ស្ថាប័នរដ្ឋ​និង​ឯកជន​វិញ នៅពេល​សមស្រប​៕  

Tag:
 ព្រះសង្ឃ​
  ចូលឆ្នាំ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com