COVID-19
ជាតិ
សង្គមជាតិ
ស្ថានទូត​កម្ពុជា ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ម៉ាឡេស៊ី «សូម​កុំ​ឲ្យ​ព្យាយាម​រក​មធ្យោបាយ​ត្រឡប់មកវិញ​»
09, Apr 2020 , 7:59 am        
រូបភាព
ពលរដ្ឋខ្មែរ១១នាក់ចុងក្រោយ នៅព្រលានយន្តហោះកូឡាឡាំពួរ នាយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ប៉ងធ្វើដំណើរតាមជើងយន្តហោះ មកកម្ពុជា តែមិនបានជោគជ័យ ក៏ត្រឡប់ទៅកន្លែងស្នាក់នៅរៀងៗខ្លួនវិញ ក្នុងប្រទេសម៉ាឡេស៊ី (រូបពីស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី)
ពលរដ្ឋខ្មែរ១១នាក់ចុងក្រោយ នៅព្រលានយន្តហោះកូឡាឡាំពួរ នាយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ប៉ងធ្វើដំណើរតាមជើងយន្តហោះ មកកម្ពុជា តែមិនបានជោគជ័យ ក៏ត្រឡប់ទៅកន្លែងស្នាក់នៅរៀងៗខ្លួនវិញ ក្នុងប្រទេសម៉ាឡេស៊ី (រូបពីស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី)
​ស្ថាន​ទូក​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អំ​ពាំ​វនា​វ​ដល់​ប្រជាពលរដ្ឋ ពលករ និង និស្សិត​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី កុំ​ឲ្យ​ព្យាយាម​រក​មធ្យោបាយ​ត្រឡប់មក​កម្ពុជា​វិញ នៅ​អំឡុង​ពេលនេះ​។ ការមិន​ឲ្យ​វិល​ត្រឡប់មក​កម្ពុជា​អំឡុង​ពេលនេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19​។


 
​តាម​សេចក្ដីជូនដំណឹង នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ ស្ថានទូត​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​កំពុងស្នាក់នៅ​ប្រទេស​ម៉ាឡេស៊ី ព្យាយាម​អត់ធ្មត់ ហើយ​បន្ត​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន​នៅ​កន្លែង​ដែល​ខ្លួន កំពុងស្នាក់នៅ រហូតដល់​មានការ​ជូនដំណឹង​ថ្មី​ពី​ស្ថានទូត​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ខណៈ​ពិភពលោក​កំពុង​មានការ​រាលដាល COVID-19​។ 
 
​សេចក្តីជូនដំណឹង​រប​ស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី គឺធ្វើឡើង​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បដិសេធ​មិន​យន្តហោះ​មួយគ្រឿង ដឹក​ពលរដ្ឋ​ខ្មែរ​១៥០​នាក់ ពី​ម៉ាឡេស៊ី មក​កម្ពុជា កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​។ ក្នុង​សន្និសីទកាសែត​ស្តីពី​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​១៥​នោះ ចំពោះ​ការសម្រេច​មិន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចូល​ម​កម្ពុជា​នាពេលនេះ ដោយ​ខ្លាច​រាលដាល​ជំងឺ​កូ​វីដ​-១៩​។  
 
អត្ថបទទាក់ទង

​នៅ​យប់​ម៉ោង​១២ ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ មន្ត្រី​ស្ថានទូត​កម្ពុជា បាន​ចុះទៅ​ដោយផ្ទាល់​ដល់​ព្រលានយន្តហោះ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ដី​ម្បី​សម្របសម្រួល​ឲ្យ​ពលរដ្ឋ​ខ្មែរ​១១​នាក់​ចុងក្រោយ ដែល​ប៉ង​វិល​ត្រឡប់មក​កម្ពុជា តែ​មិនបាន​ជោគជ័យ ឲ្យ​បាន​វិល​ទៅកាន់​ទីកន្លែង​ស្នាក់នៅ​របស់​ពួកគាត់​វិញ ក្នុងប្រទេស​ម៉ាឡេស៊ី​។ នេះ​បើតាម​ព័ត៌មាន ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី​។​
 
​ទន្ទឹមនឹងនេះ តាមរយៈ​សេចក្តីជូនដំណឹង​ដដែល ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​ការពារ COVID-19 របស់​បទបញ្ជា​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​។ វិធានការ​នៃ​ការការពារ COVID-19 ដែល​ពលរដ្ឋ​ត្រូវ​អនុវត្ដ រួមមាន​ការរក្សា​អនាម័យ លាងដៃ​នឹង​សាប៊ូ​ឬ​អាល់កុល រក្សា​គម្លាត​ពីគ្នា​យ៉ាងតិច​១​ម៉ែត្រ និង​ហាម​ធ្វើដំណើរ​ទៅ​កន្លែង​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ហាមឃាត់​៕ 

Tag:
 ពល​ខ្មែរ​នៅ​ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com