នាយកដ្ឋានសុខាភិបាលថៃ នាថ្ងៃទី៦ ខែមេសា បានចាប់ផ្តើមយុទ្ធនាការមួយឈ្មោះ «ជួយសង្គ្រោះមនុស្សចាស់»។ តាមរយៈយុទ្ធនាការនេះ នាយកដ្ឋានសុខាភិបាល បានអំពាវនាវឲ្យប្រជាជនថៃទាំងអស់ ពិសេសយុវជន កុំទៅលេង ឬនៅឲ្យឆ្ងាយពីឪពុកម្តាយចាស់ៗ នៅឯស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះដើម្បីការពារមនុស្សចាស់ពីការឆ្លងជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។
ក្នុងសន្និសីទកាសែតស្តីពីយុទ្ធនាការ «ជួយសង្គ្រោះមនុស្ស» លោកស្រី Panpimol Wipulakorn លេខាធិការនៃនាយកដ្ឋានសុខាភិបាល បានលើកឡើយយ៉ាងដូច្នេះថា៖ « យើងចង់ឲ្យប្រាកដថា ក្នុងអំឡុងពេលសង្ក្រាននេះ ក្រុមមនុស្សចាស់ នឹងមានសុវត្ថិភាពពី COVID-19។ ដូច្នេះ យុវជនសូមជួយការពារមនុស្សចាស់ពី COVID-19»។
បើតាមលោកស្រី Panpimol ដើម្បីការពារក្រុមមនុស្សងាយរងគ្រោះមួយនេះពីCOVID-19 សមាជិកគ្រួសារទាំងអស់ ជាពិសេសយុវជន គួរតែនៅឲ្យឆ្ងាយពី ឬមិនគួរប៉ះពាល់មនុស្សចាស់ឡើយ ដើម្បីការពារមនុស្សចាស់ទាំងអស់។
បើទោះបីជាសង្ក្រាននៅថៃ ត្រូវបានរដ្ឋាភិបាលលុបចោលក៏ដោយ គេរំពឹងថា មានមនុស្សមួយចំនួន អាចទៅលេងស្រុកកំណើត ហើយវាក៏ជាការចម្លង COVID-19 ទៅស្រុកកំណើតផងដែរ។ យុទ្ធនាការនេះទៀតសោត គឺធ្វើឡើងចាប់ពីសប្តាហ៍នេះ រហូតដល់សប្តាហ៍ក្រោយ ដើម្បីជួយផ្សព្វផ្សាយ ឲ្យប្រជាជនយល់ដឹងពីបញ្ហាឆ្លងទៅមនុស្សចាស់។
យុទ្ធនាការនេះ ធ្វើឡើងដោយផ្អែកទៅតាមតួលេខអ្នកឆ្លង COVID-19 និងជនងាយរងគ្រោះដោយសារ COVID-19 កន្លងមក។ បើតាមតួលេខរបស់ក្រសួងសុខាភិបាលសាធារណថៃ អត្រាការស្លាប់របស់មនុស្សចាប់ពីអាយុ៦០ឆ្នាំ ដល់ ៦៩ឆ្នាំ មាន០,៧ភាគរយ។ ចំណែកមនុស្សមានអាយុចាប់ពី ៧០ឆ្នាំ ដល់ ៧៩ឆ្នាំ គឺមានអត្រាស្លាប់រហូតដល់ ១០,៥ភាគរយ។ សម្រាប់មនុស្សចាស់ ដែលមានអាយុចាប់ពី ៨០ឆ្នាំ ឡើយទៅគឺមានអត្រាការស្លាប់រហូតដល់ ១៦,៧ភាគរយឯណោះ។
នៅទីក្រុងបាងកក តួលេខអ្នកឆ្លង ដែលមានអាយុលើសពី៦០ឆ្នាំចំនួន ៣៥ភាគរយ គឺមកពីសមាជិកគ្រួសារ ២១ភាគរយមកពីមិត្តភក្តិ ១៦ភាគរយមកពីកន្លែងញាំអាហារ ឬហាងកាហ្វេ និង ២២ភាគរយគឺមកពីអ្នករួមការងារ និងមិនដឹងប្រភពចម្លង។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post ។
ចំណែកមនុស្សចាស់ផ្ទុក COVID-19រស់នៅតាមខេត្តវិញ មានតួលេខឆ្លងខ្លាំងបំផុតពីសមាជិកគ្រួសាររហូតដល់ ៤៩ភាគរយ។ ១៣ភាគរយ គឺឆ្លងមកពីមិត្តភក្តិ ១៤ភាគរយមកពីកន្លែងញាំអាហារ ហាងកាហ្វេ និង១៥ភាគរយមកពីមិត្តរួមការងារ និងឆ្លងមិនដឹងប្រភព។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ ថៃមានករណី COVID-19 សរុបចំនួន ២២៥៨ករណី អ្នកស្លាប់ ២៧ករណី និងអ្នកជាសះស្បើយមានចំនួន ៨៨៨ករណី៕