ជាតិ
Covid-19៖​អ្នកផ្គត់ផ្គង់​ថា បន្លែ​សរីរាង្គ​និង​សុវត្ថិភាព មាន​ទីផ្សារ​និង​តម្រូវការ​ច្រើនជាង​មុន​
08, Apr 2020 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ហើយ​ប្រជាពលរដ្ឋ​កាន់តែ​ប្រយ័ត្នប្រយែង ចំពោះ​សុខភាព រាប់ទាំង​ការហូបចុក​ប្រចាំថ្ងៃ​ផង​។ ក្នុង​កាលៈទេសៈ​នេះ បន្លែ​សរីរាង្គ និង​បន្លែ​សុវត្ថិភាព ក៏បាន​ស្គាល់​តម្រូវការ​ខ្ពស់ និង​ការគាំទ្រ​ច្រើនជាង​មុន​ដែរ នេះ​បើតាម​អ្នកផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព និង​សរីរាង្គ ដែលសារព័ត៌មាន​ថ្មីៗ​២៥​ បាន​សម្ភាស​។​


 
​បន្លែ​សរីរាង្គ និង​បន្លែ​សុវត្ថិភាព ដែលមាន​តម្លៃ​ថ្លៃ​ជាង​បន្លែ​ដែល​លក់​នៅ​ទីផ្សារ​ធម្មតា កំពុងមាន​តម្រូវការ​ខ្ពស់ ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​។ 
 
​លោក ចាប វិបុល ម្ចាស់​កសិដ្ឋាន​អេ​ដែន​ហៃ​ដ្រូ​ផូ​និក ដែល​ដាំ​ដុះ​បន្លែ​សរីរាង្គ​នៅ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ថា បច្ចុប្បន្ន​បន្លែ​ក្នុង​កសិដ្ឋាន​របស់លោក មាន​តម្រូវការ និង​មាន​ចាប់អារម្មណ៍​ការ​ច្រើន​ពី​អតិថិជន​។ ក្នុងស្ថានភាព​ទំនិញ និង​ម្ហូបអាហារ​មាន​តម្រូវការ​ច្រើន​បែបនេះ កសិដ្ឋាន​បន្លែ​សរីរាង្គ​របស់លោក ចាប វិបុល មិនបាន​ដំឡើងថ្លៃ​លើ​បន្លែ​ណាមួយ​ឡើយ​។ លោក ចាប វិបុល លើកឡើង​យ៉ាង​ដូច្នេះ​៖«​បន្លែ យើង​មិនបាន​ឡើងថ្លៃ​ទេ យើង​លក់​តាម​ធម្មតា​។ ក្នុងនាម​យើង​ជា​ជនជាតិខ្មែរ ហើយ​ជា​អ្នក​ដាំ​បន្លែ​ផ្នែក​សរីរាង្គ និង​សុវត្ថិភាព​នេះ យើង​ចង់​ជួយ​ប្រជាជន ដោយ​មិនមាន​ដំឡើងថ្លៃ និង​រក្សា​គុណភាព​បន្លែ​»​។ 



កសិករ​រូបនេះ បាន​សំឡឹង​ឃើញ​ឱកាស​របស់​កសិករ ដែល​អាច​ជំរុញ និង​ពង្រីក​ការដាំដុះ​បន្ថែមទៀត​។ ម្ចាស់​កសិដ្ឋាន​រូបនេះ អះអាងថា​៖«​មកដល់ពេលនេះ​ពិភពលោក​មាន​បញ្ហា ប៉ុន្តែ​សម្រាប់​ខ្ញុំ​ជា​អ្នក​ដាំ​បន្លែ វា​ជា​ឱកាស​។ ទោះបី​ស្ថានភាព​ផ្លាស់ប្ដូរ​ប្រែប្រួល តែ​យើង​មានឱកាស​ផលិត​បន្លែ​លក់បាន និង​អាច​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​បាន​។ ហើយ​ខ្ញុំ​គិតថា​វា​ជា​ឱកាស​សម្រាប់​អ្នកមាន​មុខរបរ​កសិក​ម្ម​»​។​
 
​ចំណែក​លោក មួយ រ៉ា​ដូ កសិករ​ដាំ​បន្លែ​សុវត្ថិភាព​នៅ​ខេត្តមណ្ឌលគិរី ក៏​ទទួលបាន​បញ្ជា​ទិញ​បន្លែ​ច្រើនជាង​មុន​ដែរ​។ «​ខ្ញុំ​ឃើញ​សក្តានុពល​សំខាន់ គឺ​រដ្ឋាភិបាល​បិទ​ច្រកព្រំដែន បិទ​ការ​នាំចូល និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ឈប់​ដាំ​ដុះ​។ សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា​វា​ជា​ឱកាស​វិញ ដោយ​យើង​អាច​សំឡឹងមើល​ទីផ្សារ​ថា គ្រប់​ទីកន្លែង​ខ្វះ​បន្លែ​។ ហើយ​នេះ ជា​ឱកាស​ដែល​ខ្ញុំ​អាច​ពង្រីក​ការដាំដុះ​ឲ្យ​កាន់តែច្រើន សម្រាប់​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​គ្រប់កន្លែង​»​។ នេះ​ជាការ​លើកឡើង​របស់លោក មួយ រ៉ា​ដូ​។​


 
​ក្នុងអំឡុងពេល​កូ​វីដ​-១៩ កសិករ​ដាំ​បន្លែ​សុវត្ថិភាព​រូបនេះ បាន​តាមដាន​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​ទីផ្សារ​។ កសិករ មួយ រ៉ា​ដូ បន្តថា​៖ «​ខ្ញុំ​បាន​រក​ដៃគូ បាន​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ ដូច្នេះ​ខ្ញុំ​នឹង​ពង្រីក​ការដាំដុះ​ឲ្យ​ច្រើន​ទៀត​»​។ បច្ចុប្បន្ន​កសិករ​នៅ​ខេត្តមណ្ឌលគិរី​រូបនេះ មាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ ២០​ហិកតា ដែលមាន​ទាំង​ជំនាញ និង​កម្លាំង ប៉ុន្តែ​លោក​ខ្វះខាត​ទុន​។​
 
​ងាក​មក​មើល​អ្នកលក់​បន្លែ​សរីរាង្គ​វិញ ក៏​លើកឡើង​មិន​ខុសពី​អ្នក​ដាំ​ដែរ លោក រិច ចំរើន អ្នកគ្រប់គ្រង  និង​ជា​ស្ថាបនិក​ផ្សារ​អាហារ​ធម្មជាតិ អះអាងថា តម្រូវការ​បន្លែ និង​សត្វ មានការ​កើនឡើង​។ ស្ថាបនិក​ផ្សារ​អាហារ​ធម្មជាតិ​រូបនេះ រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​៖ «​ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ  ការលក់​មានការ​កើនឡើង ព្រោះ​ប្រជាជនមាន​ការបារម្ភ និង​បញ្ជា​ទិញ​ច្រើន ហើយ​វា​នៅតែមាន​តម្រូវការ​។ ប៉ុន្តែ​តម្លៃ​ទំនិញ​ខ្លះ​មានការ​កើនឡើង ដោយសារ​កសិករ​មួយចំនួន ផ្អាក​ដាំ​ដុះ និង​បញ្ហា​ការដឹកជញ្ជូន​ទំនិញ​មក​រាជធានី​ភ្នំពេញ​»​។ 
 
​បើតាម​លោក រិច ចំរើន ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ ក៏​ជា​ឱកាសល្អ​មួយ សម្រាប់​អ្នកលក់​បន្លែ​សរីរាង្គ​ដូច​លោក និង​សម្រាប់​កសិករ​ដទៃទៀត​នៅក្នុង​សហគមន៍​ដែល​អាច​បង្កើន​ការដាំដុះ​។ 



ទោះជា​យ៉ាងណា ស្ថាបនិក​ផ្សារ​អាហារ​ធម្មជាតិ​រូបនេះ នៅតែ​លើក​ពី​បញ្ហា​ប្រឈម​របស់​អ្នកលក់ គឺ​ការផ្អាក​ការផលិត​របស់​ប្រជាកសិករ​នៅតាម​សហគមន៍ ដោយសារតែ​ការភ័យខ្លាច និង​ព្រួយបារម្ភ​។ សម្រាប់​លោក រិច ចំរើន នៅតាម​ស្រុក​នីមួយៗ​គួរតែមាន​កន្លែង​ប្រមូលផ្ដុំ​កសិផល​ប្រចាំ​ស្រុក សម្រាប់​បែងចែក និង​ដឹកជញ្ជូន​ទៅ​រាជធានី​-​ខេត្ត​នានា​។ 



សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​បង្កើន​ការដាំដុះ និង​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ សម្តេច មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​ប្រើប្រាស់​ឱកាស​ដ៏​លំបាក​នេះ ក្លាយទៅជា​កលា​នុ​វត្ត​ភាព​សម្រាប់​វិស័យ​កសិកម្ម​របស់​កម្ពុជា ដែលមាន​កំណើន​យឺត​ក្នុង​រយៈពេល​កន្លងទៅ​»៕




Tag:
 កសិកម្ម​
 ​សរីរាង្គ​
 ​សុវត្ថិភាព​
 ​បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com