និស្សិត​ពេទ្យ​ជប៉ុន​១៨​នាក់​ឆ្លង COVID-19 ក្រោយ​ទៅ​ចូលរួម​ពិធីជប់លៀង​
COVID-19
អន្តរជាតិ
និស្សិត​ពេទ្យ​ជប៉ុន​១៨​នាក់​ឆ្លង COVID-19 ក្រោយ​ទៅ​ចូលរួម​ពិធីជប់លៀង​
08, Apr 2020 , 10:19 pm        
រូបភាព
សាលាពេទ្យ Keio នៅក្រុង តូក្យូ ប្រទេសជប៉ុន
សាលាពេទ្យ Keio នៅក្រុង តូក្យូ ប្រទេសជប៉ុន
​សាលា​ពេទ្យ​ល្បីល្បាញ​មួយ​ក្នុង​ទីក្រុង តូ​ក្យូ របស់​ប្រទេស​ជប៉ុន បាន​ចេញមុខ​សុំទោស​ចំពោះ​ទង្វើ​ល្ងីល្ងើ​ដែល​និស្សិត​ពេទ្យ​ខ្លួន​៤០​នាក់​បាន​ប្រព្រឹត្តិ​។ ពួកគេ​បាននាំគ្នា​ទៅ​ចូលរួម​ពិធី​ផឹកស៊ី​មួយ ហើយ​ចុងក្រោយ មនុស្ស​១៨​នាក់​បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​COVID-19​។

 
​សាកលវិទ្យាល័យ​ពេទ្យ Keio បានលើកឡើង​កាលពី​ថ្ងៃទី​៦ ខែមេសា​ថា និស្សិត​ពេទ្យ​ម្នាក់​មាន​លទ្ធផល​តេស្ត COVID-19 វិជ្ជមាន កាលពី​សប្តាហ៍​មុន​។ ក្រោយ​រកឃើញ​បែបនេះ មនុស្ស​៩៨​នាក់​ផ្សេងទៀត បានធ្វើ​តេស្ត ហើយ​លទ្ធផល​បង្ហាញថា និស្សិត​១៧​នាក់​បន្ថែម​ក៏បាន​រកឃើញ​ឆ្លង​ជំងឺ​នេះ​ផងដែរ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ទីរពេទ្យ​នេះ បាន​បញ្ជាក់ថា និស្សិត​ពេទ្យ​៤០​នាក់ បាន​ចូលរួម​ពិធី​ផឹកស៊ី​មួយ​ក្រោយ​ចេញពី​ធ្វើការ ហើយ​១៤​នាក់​ក្នុងចំណោម​នោះបាន​ឆ្លង​COVID-19​។ ពិធីជប់លៀង​នេះ បានរៀបចំ​ឡើង​នា​ថ្ងៃទី​២៦ ខែមីនា ពោលគឺ​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​អភិបាលក្រុង​តូ​ក្យូ អំពាវនាវ​ផ្អាក​ការដើរ​ហើរ​។ 
 
​ទាក់ទិន​នឹង​រឿងនេះ ប្រធាន​គ្រប់គ្រង​សាលា​ពេទ្យ Keio លោក Yuko Kitagawa បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​អ្វីដែល​បានកើត​ឡើង​នេះ គឺជា​រឿង​ដ៏​ល្ងីល្ងើ​បំផុត​មួយ​ដែល​ពុំ​អាច​លើកលែង​បាន ក្នុងនាម​ពួកគេ​ជា​និស្សិត​ពេទ្យ​»​។ លោក​សង្កត់ធ្ងន់ថា ពួកគេ​ខ្វះ​ភាព​ប្រុងប្រយ័ត្ន​យ៉ាង​ធំធេង​សម្រាប់​ក្លាយខ្លួនជា​វេជ្ជបណ្ឌិត​។​
 
​ទោះបីជា​មានការ​អំពាវនាវ​ពី​សំណាក់​អភិបាលក្រុង​តូ​ក្យូ Yuriko Koike ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ​នាពេល​ចុង​សប្តាហ៍ និង​ផ្អាក​ការជួបជុំ​នានា​នៅពេល​ល្ងាច​ក្តី ទិដ្ឋភាព​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​រដ្ឋធានី​ជប៉ុន​នេះ នៅតែមាន​ភាព​កុះករ​ដូច​ធម្មតា អំឡុង​វិបត្តិ COVID-19 បែបនេះ​។ 
 
​ប្រជាជន​នៅ​បន្ត​ចេញ​បរិភោគ​អាហារ​នៅ​ខាងក្រៅ និង​នាំ​កូនចៅ​ពួកគេ​ទៅ​កម្សាន្ត​លេង​នៅ​ឧទ្យាន ហើយ​ទោះបីជា​រថភ្លើង​ពុំ​សូវ​មាន​មនុស្ស​ជាច្រើន​ជិះ​ដូច​មុន ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅតែ​ធ្វើដំណើរ​ទៅធ្វើ​ការ​ដោយ​ប្រើ​មធ្យោបាយ​នេះ​។​
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃ​៧ ខែមេសា រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ដាក់​ទីក្រុង​តូ​ក្យូ និង​តំបន់​ចំនួន​៦​ទៀត​ក្នុង​គ្រាអាសន្ន​។ គិត​ត្រឹម​ថ្ងៃនេះ ប្រទេស​ជប៉ុន មាន​ករណី​ឆ្លង​សរុប​ជាង​៤​ពាន់​ករណី​ហើយ និង​មាន​អ្នកស្លាប់​ជាង​៩០​នាក់​៕ 

Tag:
 ជប៉ុន​
  COVID-19
  សិស្ស​ពេទ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com