COVID-19
ជាតិ
សង្គមជាតិ
ចិន ប្រកាស​ផ្តល់ជំនួយ​វេជ្ជសាស្ត្រ រហូត​ដល់ក​ម្ចាត់​កូ​វីដ​-១៩ អស់ពី​កម្ពុជា​
08, Apr 2020 , 9:59 pm        
រូបភាព
ចិន ដឹកសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមយន្តហោះ មកកម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ (រូបពីស្ថានទូតចិន)
ចិន ដឹកសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមយន្តហោះ មកកម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ (រូបពីស្ថានទូតចិន)
ដោយ: ថ្មីៗ
​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បង្ហោះ​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក អំពី​ការជូន​ដំណើរ​ក្រុមគ្រូពេទ្យ​ចិន​៧​នាក់ ដែល​មកជួយ​កម្ពុជា ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​។ តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្ថានទូត​ចិន បាន​រំលេច​ប្រសាសន៍​របស់លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន ពី​ការយក​អាសា​គ្នា​រវាង​កម្ពុជា​និង​ចិន ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។


 
​លោក​ឯកអគ្គរដ្ឋទូត​ចិន អះអាងថា​៖«​ចិន​និង​កម្ពុជា ជា​សហគមន៍​ជោគវាសនា​រួម ដែល​មិនអាច​បំបែក​បាន​។ ឲ្យ​តែ​ជំងឺ [​កូ​វីដ​-១៩] មិនទាន់​កម្ចាត់​អស់​ក្នុងប្រទេស​កម្ពុជា ចិន​នៅតែ​មិន​បញ្ឈប់​ការ​ផ្តល់ជំនួយ​វេជ្ជសាស្ត្រ​មក​កម្ពុជា​នោះឡើយ​»​។​
 
​ក្រុមគ្រូពេទ្យ​ចិន​ទាំង​៧​នាក់ បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​។ លោក​ឯកអគ្គរដ្ឋទូត លើកឡើងថា ក្រុមគ្រូពេទ្យ​ចិន​ទាំង​៧​នាក់ បាន​បំពេញភារកិច្ច​យ៉ាង​យកចិត្តទុកដាក់ ហើយ​មិន​ធ្វេសប្រហែស​នឹង​បេសកកម្មឡើយ​។ លោក វាយតម្លៃថា ពួកគេ មិន​ត្រឹមតែ​រួមចំណែក ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​នោះទេ តែ​ក៏បាន​កសាង​គ្រឹះ​ដ៏​រឹងមាំ​នៃ​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​វែង​និង​ស៊ីជម្រៅ រវាង​គ្រូពេទ្យ​នៃ​ប្រទេស​ទាំងពីរ​។ 
 
​លោក អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល តំណាង​រដ្ឋាភិបាល​កម្ពុ​ជា ដែល​បាន​ចូលរួម​ជូន​ដំណើរ​ដែរនោះ បាន​ថ្លែងអំណរគុណ​ចំពោះ​ការលះបង់​របស់​ក្រុមគ្រូពេទ្យ​ចិន​ទាំង​៧​នាក់​នោះ​។ នេះ​បើតាម​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​ចិន​ដដែល​។ 
 
​លោក អេង ហួត និយាយថា ចិន បាន​ចាត់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ មកកាន់​កម្ពុជា​បាន​ទាន់ពេលវេលា និង​បាន​ចែករំលែក​បទពិសោធ​ដ៏​មានតម្លៃ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។ លោក បន្ថែមថា លើសពីនេះ ចិន បាន​ជួយ​កែលម្អ​ប្រព័ន្ធ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា និង​បាន​ផ្តល់យោបល់​ក្នុងការ​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​នេះ​។  
 
​នៅមាន​ពេទ្យ​យោធា​ចិន​៤​នាក់​ទៀត កំពុងមាន​វត្ត​មាននៅ​កម្ពុជា ដើម្បី​ជួយ​បង្រៀន​គ្រូពេទ្យ​យោធា​កម្ពុជា​។ ពួកគេ មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែមីនា​។ មិនទាន់មាន​ព័ត៌មាន​ឡើយ​ថា ពួកគេ​ទាំង​៤​នាក់ នឹង​ចាក​ចេញពី​កម្ពុជា​នៅពេលណា​។ 
 
​ចិន មិនមែន​បញ្ជូន​ពេទ្យ​តែ​១១​នាក់​ខាងលើនេះ​ទេ គឺ​គ្រោង​បញ្ជូន​ក្រុមគ្រូពេទ្យ​១៣​នាក់​ទៀត មក​កម្ពុជា ក្នុង​ចន្លោះ​ខែមេសា​នេះ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ ក្រៅពី​ក្រុមគ្រូពេទ្យ ចិន ក៏បានផ្តល់​ម៉ាស់ សម្លៀកបំពាក់​ពេទ្យ សម្ភារ​ពេទ្យ​ផ្សេងៗ និង ថវិកា ដល់​កម្ពុជា​ផងដែរ​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ១១៧​នាក់ ដោយ​ក្នុងនោះ ជាសះស្បើយ​វិញ​៦៣​នាក់​៕  

Tag:
 ចិន​-​កម្ពុជា​
  ជំនួយ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com